សិស្សកម្ពុជា ៥ នាក់ត្រូវបានជ្រើសរើសឱ្យចូលរួមប្រកួតកម្មវិធី SEAMEO-Singapore Students Challenge នៅសឹង្ហបុរី
សឹង្ហបុរី៖ សិស្សានុសិស្ស ចំនួន ៥នាក់ មកពីវិទ្យាល័យ ជាស៊ីម សន្ធរម៉ុករបស់កម្ពុជា ត្រូវបានជ្រើសរើសជាតំណាងប្រទេសកម្ពុជា ចូលរួមការប្រកួតប្រជែងជាមួយក្រុមសិស្សានុសិស្ស មកពីបណ្ដាប្រទេសជាសមាជិកស៊ីមេអូ ក្នុងកម្មវិធី SEAMEO-Singapore Students Challenge នៅឯប្រទេសសឹង្ហបុរី ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣។
កម្មវិធី SEAMEO-Singapore Students Challenge នេះត្រូវបានរៀបចំឡើងដោយក្រសួងអប់រំ នៃប្រទេសសឹង្ហបុរី សហការជាមួយលេខាធិការដ្ឋាន SEAMEO ក្នុងគោលបំណងលើកកម្ពស់បំណិនសតវត្សរ៍ទី២១ ដល់សិស្សវិទ្យាល័យ ជាវេទិកាសម្រាប់ចែករំលែកចំណេះដឹង និងវប្បធម៌ ជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងបង្កើតបណ្តាញយុវជនក្នុងតំបន់ សម្រាប់ការផ្លាស់ប្តូរគំនិត និងជំរុញភាពច្នៃប្រឌិតក្នុងចំណោមសិស្សវិទ្យាល័យក្នុងតំបន់អាស៊ីអាគ្នេយ៍។
សូមបញ្ជាក់ផងដែរថា សិស្សានុសិស្ស តំណាងប្រទេសនីមួយៗ ដែលចូលរួមការប្រកួតប្រជែងនៅប្រទេសសឹង្ហបុរីនេះ ត្រូវបានជ្រើសរើសពីការប្រកួតប្រជែងក្នុងចំណោមវិទ្យាល័យ/អនុវិទ្យាល័យចំនួន១០ក្នុងប្រទេសរបស់ខ្លួន៕