អ៊ុយក្រែនចង់ទិញសព្វាវុធពីចិនតែបារម្ភអាមេរិកមិនពេញចិត្ត
បរទេស ៖ ទាំងភាគីអាមេរិក និងចិននៅក្នុងជម្លោះអ៊ុយក្រែនត្រូវបានគេមើលឃើញថា មិនមានជំហដូចគ្នាឡើយក្នុងផែនការដើម្បីកិច្ចព្រមព្រៀងសន្តិភាពខណៈដែលអាមេរិកកំពុងគាំទ្រអ៊ុយក្រែនយ៉ាងខ្លាំងទាំងផ្នែកហិរញ្ញវត្ថុ និងអាវុធ។
ទោះបីជាយ៉ាងណាក្តី អ៊ុយក្រែនថ្មីៗនេះបានបង្ហាញអំពីបំណងក្នុងការទិញអាវុធមួយចំនួនពីរដ្ឋាភិបាលទីក្រុងប៉េកាំង ប៉ុន្តែដោយសារតែមិនហ៊ានប្រឆាំងទៅនឹងជំហរបស់អាមេរិកនោះរដ្ឋាភិបាលទីក្រុងគៀវបានបញ្ជាក់ថាផែនការនៃការបញ្ជាទិញអាវុធឬសុំជំនួយអាវុធពីប្រទេសចិននោះគឺជារឿងដែលមិនអាចទៅរួចឡើយ។
ពាក់ព័ន្ធទៅនឹងរឿងនេះមន្ត្រីជាន់ខ្ពស់នៅក្រសួងការពារជាតិអ៊ុយក្រែន លោកអនុរដ្ឋមន្ត្រី Vitaly Deinega បានថ្លែងថា៖ មកទល់ពេលនេះអ្វីដែលខ្ញុំអាចពន្យល់បាននោះគឺថាយើងមិនអាចទិញសព្វាវុធពីចិនឬសូម្បីតែអ្វីផ្សេងពីប្រទេសចិននោះទេពីព្រោះថាវានឹងអាចបណ្តាលឲ្យមានបញ្ហាជាមួយនឹងទំនាក់ទំនងជាមួយនឹងរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន។
គួរឲ្យដឹងដែរថា ការលើកឡើងនេះត្រូវបានធ្វើឡើងក្នុងពេលដែលមានព័ត៌មានថាកងកម្លាំងយោធាអ៊ុយក្រែនកំពុងធ្វើការប្រើប្រាស់នូវដ្រូនចិនមួយប្រភេទដែលមានឈ្មោះថា Mavic Quadcopter ខណៈដែលភាគីអ៊ុយក្រែនបានអះអាងថាវាជាការពិតមែនប៉ុន្តែត្រូវបានប្រើប្រាស់ដោយក្រុមអ្នកស្ម័គ្រចិត្តដើម្បីដឹកជញ្ជូនទំនិញសម្រាប់ការងារមនុស្សធម៌ប៉ុណ្ណោះ។
ទោះបីជាយ៉ាងណាក្តី មន្ត្រីជាន់ខ្ពស់ដដែលរូបនេះបានបន្តដែរថាដ្រូនពិតជាមានសារៈសំខាន់ណាស់សម្រាប់អ៊ុយក្រែនក្នុងប្រតិបត្តិការយោធានាពេលអនាគតដើម្បីវាយបកប្រឆាំងទៅនឹងរុស្សីវិញទោះបីជាពេលនេះមិនទាន់មានអាវុធប្រភេទនេះក្តីខណៈដែលយោធារុស្សីកំពុងប្រតិបត្តិការមិនត្រឹមតែដ្រូនធម្មតាឡើយគឺទៅដល់យន្តហោះដ្រូនអត្តឃាតទៅហើយក្តី៕