Close

ទីបំផុត! ប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃ សម្រេចលាលែងពីតំណែង

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី៣ ខែកក្កដា ឆ្នាំ២០២៣ កីឡា
ទីបំផុត! ប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃ សម្រេចលាលែងពីតំណែង ទីបំផុត! ប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃ សម្រេចលាលែងពីតំណែង

ប្រធានសមាគមកីឡាបាល់ទាត់ថៃ ហៅកាត់ថា FAT លោក Somyot Poompunmuang បានប្រកាសលាលែងពីតំណែង កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍កន្លងទៅនេះហើយជុំវិញបញ្ហាស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា ក្រោយមិនអាចដឹកនាំក្រុមដំរីសឹកថៃ ឈ្នះមេដាយមាស តាមការគ្រងទុក។

មែនទែនទៅ ប្រធានសមាគមកីឡាបាល់ទាត់ថៃរូបនេះ ក៏បានទទួលការរិះគន់យ៉ាងចាស់ដៃផងដែរ ចំពោះជម្លោះក្នុងអំឡុងពេលការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដែលឥណ្ឌូណេស៊ី បានយកឈ្នះថៃ ៥-២ នៅម៉ោងបន្ថែម ១៥នាទី ២ដង ខណៈកីឡាករ និងគ្រូបង្វឹកទាំងសងខាងប៉ះទង្គិចគ្នាពីរដង។ ក្រោយមក សមាគមកីឡាបាល់ទាត់ថៃ បានចេញមុខសុំទោស និងបានចេញបម្រាមរយៈពេលវែងដល់កីឡាករពីរនាក់ មន្ត្រីពីរនាក់ និងជំនួយការគ្រូបង្វឹកម្នាក់។

ទោះជាយ៉ាងណា កាលពីថ្ងៃសុក្រ សប្ដាហ៍មុន លោកឧត្តមសេនីយ៍ Prawit Wongsuwon ប្រធានអូឡាំពិកថៃ បានមានប្រសាសន៍ថា លោក Somyot គួរតែទទួលខុសត្រូវ ចំពោះការបរាជ័យរបស់ក្រុម U22 ក្នុងការឈ្នះមេដាយមាស ក្នុងព្រឹត្តិការណ៍ SEA Games លើកទី ៣២ វគ្គផ្តាច់ព្រ័ត្រ និងការប្រទាញប្រទង់គ្នា បង្កឲ្យមានជម្លោះនៅផ្តាច់ព្រ័ត្រ។

លោក Prawit Wongsuwon បាននិយាយថា ៖ «ខ្ញុំបាននិយាយមុនស៊ីហ្គេមថា បើក្រុមមិនបានមេដាយមាសទេ ប្រធានបាល់ទាត់គួរតែចុះចេញ។ អ៊ីចឹង ឥឡូវខ្ញុំសួរថា តើគាត់នឹងទទួលខុសត្រូវ ហើយលាឈប់ពីមុខតំណែងឬអត់?»។

ប្រធានអូឡាំពិកថៃរូបនេះ បានបន្តថា៖« ការឈ្លោះប្រកែកគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រជាមួយឥណ្ឌូនេស៊ី មិនមែនជាលើកទីមួយ សម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិយើង។ ខ្ញុំយល់ថានេះ មិនអាចទទួលយកបានទេ»។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍ លោក Somyot បាននិយាយថា ឧបនាយករដ្ឋមន្ត្រីថៃ លោក Prawit បានបញ្ជាឱ្យគាត់ឈប់ធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃ នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃសុក្រ។

លោក Somyot បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃសៅរ៍ថា៖ «ក្នុងនាមជាប្រធានសមាគមកីឡាបាល់ទាត់ថៃ… ខ្ញុំត្រៀមខ្លួនរួចរាល់ហើយ ដើម្បីធ្វើតាមបញ្ជារបស់ឧត្តមសេនីយ៍ Prawit។ ខ្ញុំនឹងជូនដំណឹងដល់សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) និងស្ថាប័នគ្រប់គ្រងអន្តរជាតិ FIFA អំពីការអភិវឌ្ឍន៍ និងហេតុផលនៅពីក្រោយការលាលែងពីតំណែងនេះ»៕

អត្ថបទទាក់ទង