អុីស្រាអ៊ែលចាយ ៣០០០លានដុល្លារបញ្ជាទិញយន្តហោះចម្បាំងទំនើបបំផុតF-35ជាង២០គ្រឿង
បរទេស ៖ កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនេះ រដ្ឋាភិបាលនៃប្រទេសអុីស្រាអ៊ែលបានឈានទៅដល់ការអនុម័តក្នុងការបញ្ជាទិញយន្តចម្បាំង F-35 កញ្ចប់ទី៣ពីអាមេរិកដែលគិតជាទឹកប្រាក់ប្រមាណជា ៣,០០០លានដុល្លារ។
សេចក្តីប្រកាសដែលត្រូវបានធ្វើឡើងដោយក្រសួងការពារជាតិរបស់ប្រទេសអ៊ីស្រាអ៊ែលបានបញ្ជាក់ទៀតថា ការបញ្ជាទិញលើកនេះមានចំនួនប្រមាណជា២៥គ្រឿងដែលជាយន្តហោះផលិតដោយក្រុមហ៊ុន Lockheed Martin និងបានធ្វើឲ្យកងកម្លាំងទ័ពអាកាសអ៊ីស្រាអ៊ែលមានយន្តហោះចម្បាំងប្រភេទនេះសរុបដល់ទៅ៧៥គ្រឿង។
អ៊ីស្រាអ៊ែល ត្រូវបានគេចាត់ទុកថាជាអតិថិជនក្រៅសហរដ្ឋអាមេរិកដំបូងគេដែលអាចបញ្ជាទិញបានយន្តហោះចម្បាំង F-35ទាំងនេះ ហើយក៏ជាប្រទេសដែលទទួលបានសិទ្ធិក្នុងការប្រើប្រាស់យន្តហោះចម្បាំងប្រភេទនេះនៅក្នុងសមរភូមិប្រយុទ្ធទាំងឡាយផងដែរ។
ក្រៅពីនោះផងដែរ តាមផែនការអ៊ីស្រាអ៊ែលនឹងអាចក្លាយទៅជាដៃគូក្នុងការចូលរួមផលិតកម្មផលិតយន្តហោះចម្បាំងដ៏ទំនើបនេះផងដែរក្រោយការប្រកាសបើកភ្លើងខៀវពីសំណាក់ក្រុមហ៊ុន Lockheed Martin និងក្រុមហ៊ុនអ្នកផលិតម៉ាស៊ីនយន្តហោះ Pratt&Whitney។
គួរឲ្យដឹងដែរថា យន្តហោះចម្បាំង F-35 ធ្លាប់បានបង្ហាញខ្លួនដំបូងកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០០៦ជាមួយនឹងម៉ូដេលដំបូងដែលមានឈ្មោះថា F-35A និងបន្ទាប់មកការបង្ហាញខ្លួនរបស់ម៉ូដេលបន្ទាប់ F-35B នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ ក្រោយមកម៉ូដេល F-35C នៅឆ្នាំ២០១៩ ហើយសរុបចំនួនយន្តហោះដែលបានផលិតសរុបគិតមកត្រឹមឆ្នាំ២០២៣នេះមានប្រមាណជាង៩៣០គ្រឿងដែលយន្តហោះនីមួយៗមានតម្លៃចាប់ពី៧៥លានដុល្លារឬ៨០លានដុល្លារឡើងទៅ៕