Barcelona គ្រោងលក់កីឡាករ៦នាក់ចេញ ដើម្បីយកលុយនាំចូលកីឡាករថ្មី ៤នាក់
យោងតាមព័ត៌មានរបស់អ្នកកាសែត Gerard Romero ក្លឹបអ្នកមានបុណ្យ Barcelona គ្រោងនឹងលក់ចេញកីឡាករចំនួន ៦នាក់ ដើម្បីយកលុយនាំចូលកីឡាករថ្មី ៤នាក់ទៀតមកពង្រឹងក្រុម ដើម្បីប្រជែងពានក្នុងរដូវកាលថ្មី។
កីឡាករទាំង៦នាក់ ដែលក្លិបអ្នកមានបុណ្យគ្រោងលក់ចេញនោះរួមមាន គីឡាករ Clement Lenglet, Samuel Umtiti, Alex Collado, Sergino Dest, Nico Gonzalez និង Franck Kessie ។ មិនតែប៉ុណ្ណោះ Barca ក៏ចង់លក់ទាំង Ferran Torres និង Ansu Fati ផងដែរ ប៉ុន្តែអ្នកទាំងពីរមិនចង់ចាកចេញទេ។ ដូច្នេះហើយ Barca នឹងត្រូវការពេលវេលាបន្ថែមទៀត ដើម្បីដោះស្រាយករណីទាំងពីរនេះ។
ជាមួយគ្នានេះ ក្លិបនៅកាតាឡាន់មួយនេះ ក៏បានជូនដំណឹងដល់ La Liga អំពីផែនការផ្ទេរកីឡាករចំនួន៤នាក់ផងដែរ។ កីឡាករទាំងបួនដែលក្រុមកាតាឡាន់ នឹងចុះហត្ថលេខារួមមាន Ilkay Gundogan, Inigo Martinez, Vitor Roque និងខ្សែបម្រើកណ្តាលម្នាក់។
ដូចដែលប្រិយមិត្តបានដឹងហើយថា Gundogan បានមកដល់ក្លឹបយក្សអេស្ប៉ាញ នៅដើមសប្តាហ៍នេះ បន្ទាប់ពីបញ្ចប់កិច្ចសន្យារបស់គាត់ជាមួយក្លិបមេឃខៀវ Man City។ ទន្ទឹមនឹងនេះដែរ Martinez នឹងចូលរួមជាមួយ Barca ដោយឥតគិតថ្លៃ បន្ទាប់ពីកិច្ចសន្យាជាមួយ Bilbao ផុតកំណត់នៅថ្ងៃទី ៣០ ខែមិថុនា។
សម្រាប់ Roque កិច្ចព្រមព្រៀងដែលមានតម្លៃ ៤៥លានអឺរ៉ូ ត្រូវបានយល់ព្រមដោយ Barcelona និង Athletico Paranaense ។ កីឡាកររូបនេះ នឹងចុះកិច្ចសន្យារយៈពេល ៦ឆ្នាំជាមួយ Barca ដែលនឹងបន្តរហូតដល់ឆ្នាំ ២០២៩។ ប៉ុន្តែរហូតមកដល់ពេលនេះ Barca មិនបានធ្វើសេចក្តីប្រកាសណាមួយបន្ថែមទៀតអំពីករណីនេះទេ។
ចំណែក កីឡាករ Marcelo Brozovic របស់ Inter Milan កំពុងត្រូវបាន Bara ចាប់អារម្មណ៍ផងដែរ។ យ៉ាងណាមិញ ពួកគេមានពេលត្រឹមតែ ៦ថ្ងៃប៉ុណ្ណោះ ក្នុងការនាំយកកីឡាករក្រូអាតរូបនេះ។ ទន្ទឹមនឹងនេះ Brozovic ក៏ត្រូវបាន Al-Nassr ចាប់អារម្មណ៍ផងដែរ៕