សម្ដេចក្រឡាហោម ស ខេង ជំរុញឱ្យអាជ្ញាធរបន្តទប់ស្កាត់ និងបង្រ្កាប់គ្រឿងញៀនបន្ថែមទៀត
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានជំរុញឱ្យអាជ្ញាធរបន្ដទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងបន្ថែមទៀត ព្រោះបទល្មើសចែកចាយ ជួញដូរតូចតាច និងប្រើប្រាស់គ្រឿងញៀននៅក្នុងមូលដ្ឋាន បន្តកើតមានគួរឱ្យកត់សម្គាល់ ហើយបង្កការរំខាន និងក្តីកង្វល់ដល់ប្រជាពលរដ្ឋ។
នាឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ មិថុនា ក្រោមប្រធានបទ «អ្វីៗដើម្បីប្រជាជនជាចម្បង បញ្ឈប់ការរើសអើង និងមាក់ងាយអ្នកញៀនគ្រឿងញៀន ពង្រឹងការងារអប់រំបង្ការ» នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង បានធ្វើការកត់សម្គាល់អំពីបញ្ហាមួយចំនួនពាក់ព័ន្ធនឹងបច្ចុប្បន្នភាព នៃស្ថានភាពគ្រឿងញៀននៅកម្ពុជា ដែលទាំងអស់គ្នាគប្បីផ្តោតការយកចិត្តទុកដាក់ដោះស្រាយជាបន្តទៀត។
សម្ដេចក្រឡាហោម បានបន្ដថា ការនាំគ្រឿងញៀនពីតំបន់ត្រីកោណមាស ចូលមកកម្ពុជា ឆ្លងកាត់តាមខេត្តភាគឦសាន្ត នៃប្រទេស នៅតែមានការកើនឡើង។ សម្ដេច បន្ថែមថា ក្រុមឧក្រិដ្ឋជននៅតែ បាន និងកំពុងព្យាយាមលួចកែច្នៃផលិតគ្រឿងញៀនសំយោគ នៅក្នុងប្រទេសកម្ពុជា ដោយធ្វើការបង្វែសារធាតុគីមីផ្សំពីការនាំចូលសម្រាប់ការ ប្រើប្រាស់ក្នុងវិស័យស្របច្បាប់ ទៅផលិតជាគ្រឿងញៀនខុសច្បាប់។
បញ្ហាខាងលើនេះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា «បទល្មើសជួញដូរ ចរាចរ កែច្នៃផលិតធំៗ ត្រូវបានសមត្ថកិច្ចបង្រ្កាបបានយ៉ាងមានប្រសិទ្ធភាព និងទាន់ពេលវេលា។ បទល្មើសចែកចាយ ជួញដូរតូចតាច និងប្រើប្រាស់គ្រឿងញៀន នៅក្នុងមូលដ្ឋាន សហគមន៍នៅតែបន្តកើតមានគួរឱ្យកត់សម្គាល់ ដែលបង្កនូវការរំខាន និងជាក្តីកង្វល់ ពីសំណាក់ប្រជាពលរដ្ឋដែលយើងហាក់នៅមិនទាន់ដោះស្រាយឱ្យបានទាំងស្រុង និងប្រកបដោយភាពជឿជាក់នៅឡើយ»។
សម្ដេចក្រឡាហោម បានបញ្ជាក់ទៀតថា ការប្រើប្រាស់គ្រឿងញៀន គឺជាបញ្ហាដែល បាន និងកំពុងកើនឡើង ហើយប៉ះពាល់ដល់បុគ្គល ក្រុមគ្រួសារ សហគមន៍ និងសង្គមទូទៅ។ វាជាបញ្ហាដ៏ស្មុគស្មាញមួយដែលទាមទារឱ្យមានការខិតខំរួមគ្នាពីបុគ្គល ក្រុមគ្រួសារ សហគមន៍ អង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីដោះស្រាយ៕