Close

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនចង់ឃើញការបង្ហូរឈាមខ្លាំងជាងនេះពីការរដ្ឋប្រហារនៅរុស្សី

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនចង់ឃើញការបង្ហូរឈាមខ្លាំងជាងនេះពីការរដ្ឋប្រហារនៅរុស្សី រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនចង់ឃើញការបង្ហូរឈាមខ្លាំងជាងនេះពីការរដ្ឋប្រហារនៅរុស្សី

បរទេស ៖ ព្រឹត្តិការណ៍បះបោរយោធាដោយក្រុមទាហានស៊ីឈ្នួលរុស្ស៊ី Wagner កាលពីចុងសប្តាហ៍កន្លងមកនេះក្នុងគោលបំណងធ្វើរដ្ឋប្រហារទំលាក់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ថ្វីត្បិតតែមិនទទួលជោគជ័យពិតមែន ប៉ុន្តែវាបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះបញ្ហាផ្ទៃក្នុងរបស់រុស្សីខណៈដែលកំពុងបន្តប្រតិបត្តិការពិសេសដោយយោធានៅអ៊ុយក្រែននៅឡើយនោះ។

ប្រភពចេញពីមន្ត្រីរដ្ឋាភិបាលអាមេរិកសុំមិនបញ្ចេញឈ្មោះដែលបានធ្វើការសន្ទនាគ្នាជាមួយនឹងទូរទស្សន៍ CNN បានអះអាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដែលជាអ្នកទទួលបានព័ត៌មានអំពីផែនការធ្វើរដ្ឋប្រហារមុនគេនោះតែងតែសង្ឃឹមទុកក្នុងចិត្តជានិច្ចថាការបង្ហូរឈាមគ្នានឹងអូសបន្លាយយូរជាងនេះរវាងក្រុមទាហានស៊ីឈ្នួលរុស្ស៊ី និងយោធារដ្ឋាភិបាលរុស្ស៊ី។

ប្រភពដដែលនេះបានបញ្ជាក់ប្រាប់ CNN និងត្រូវបានយកមកចេញផ្សាយបន្តនោះបានថ្លែងថា ៖ ខ្ញុំច្បាស់ណាស់ដែលរដ្ឋាភិបាលវ៉ាស៊ិនតោនបានធ្វើការវាស់វែងទៅលើអ្វីដែលហៅថាជាការប៉ះទង្គិចគ្នាដ៏គួរឲ្យចាប់អារម្មណ៍មួយហើយជឿជាក់ថាវាគួរតែក្លាយទៅជាឆាកប្រយុទ្ធដែលបង្ហូរឈាមគ្នាខ្លាំងក្លាជាងនេះបន្ថែមទៀត។

ទោះបីជាយ៉ាងណាក្តី ការប៉ះទង្គិចគ្នាបានកើតឡើងមិនដល់មួយថ្ងៃឡើយ ហើយក៏មិនមានកម្លាំងខ្លាំងក្លា ឬបាត់បង់ជីវិតយោធារៀងខ្លួនច្រើននោះទេ ពីព្រោះថាចុងក្រោយលោក Prigozhin បានសម្រេចចិត្តក្នុងការដកខ្លួនចេញពីផែនការរដ្ឋប្រហារលើកនេះហើយបង្ខំចិត្តនិរទេសចេញពីប្រទេសរុស្ស៊ីទៅបេឡារូសដោយមិនទទួលបានអ្វីទៅជាមួយនោះដែរ។

គួរឲ្យដឹងដែរថា ប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួលលោក Prigozhin ធ្លាប់បានអះអាងថាផែនការធ្វើការបះបោរយោធារបស់លោកក្នុងគោលបំណងគឺដើម្បីតែប្រឆាំងទៅនឹងរបៀបដឹកនាំដែលមិនត្រឹមត្រូវរបស់រដ្ឋាភិបាលក្រុងមូស្កូក្នុងប្រតិបត្តិការសង្គ្រាមនៅអ៊ុយក្រែនប៉ុណ្ណោះប៉ុន្តែលោកមិនដែលមានបំំណងក្នុងការធ្វើរដ្ឋប្រហារដើម្បីដណ្តើមអំណាចពីលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ឡើយ៕

អត្ថបទទាក់ទង