Close

រុស្ស៊ី ត្រៀមបោះឆ្នោតជ្រើសប្រធានាធិបតីនៅឆ្នាំក្រោយ ខណៈអាមេរិកត្រៀមជ្រៀតជ្រែក

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
រុស្ស៊ី ត្រៀមបោះឆ្នោតជ្រើសប្រធានាធិបតីនៅឆ្នាំក្រោយ ខណៈអាមេរិកត្រៀមជ្រៀតជ្រែក រុស្ស៊ី ត្រៀមបោះឆ្នោតជ្រើសប្រធានាធិបតីនៅឆ្នាំក្រោយ ខណៈអាមេរិកត្រៀមជ្រៀតជ្រែក

បរទេស ៖ តាមកាលកំណត់ប្រទេសរុស្ស៊ីនឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាណត្តិថ្មីនាឆ្នាំ២០២៤ខាងមុខនេះហើយ។

យោងតាមច្បាប់របស់ប្រទេសរុស្ស៊ីការបោះឆ្នោតអាណត្តិថ្មីនឹងប្រព្រឹត្តទៅនាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ ហើយប្រសិនបើមិនមានបេក្ខភាពណាមួយអាចទទួលបានសម្លេងឆ្នោតលើសពី៥០ភាគរយទេនោះ ការបោះឆ្នោតជុំទី២នឹងត្រូវធ្វើឡើងម្តងទៀតនៅក្នុងរយៈពេល៣សប្តាហ៍ក្រោយពោលគឺចំថ្ងៃទី៧ ខែមេសា ខណៈដែលការប្រកាសចូលកាន់តំណែងនឹងធ្វើឡើងនៅថ្ងៃទី៧ ខែឧសភា។

ទោះបីជាយ៉ាងណាក្តី ប៉ុន្មានថ្ងៃចុងក្រោយនេះរដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានសំដែងការព្រួយបារម្ភអំពីការគំរាមកំហែងនានាដែលអាចកើតឡើងនៅក្នុងអំឡុងមុនពេលបោះឆ្នោតនិងពេលកំពុងបោះឆ្នោតដោយក្នុងនោះលោកបានសង្កត់ធ្ងន់ជាពិសេសទៅលើការជ្រៀតជ្រែករបស់រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន។

លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov បានអះអាងថា អាមេរិកតែងតែមានបំណងជាយូរមកហើយធ្វើឲ្យមានអស្ថិរភាពចំពោះប្រទេសរុស្ស៊ីហើយការបោះឆ្នោតឆ្នាំ២០២៤នឹងក្លាយទៅជាគោលដៅថ្មីមួយទៀតសម្រាប់សម្រេចផែនការដ៏អាក្រក់នេះ។

ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលមួយនៃគណបក្សកាន់អំណាចរបស់រុស្ស៊ីលោក Lavrov បានពោលថា ៖ សហរដ្ឋអាមេរិកមិនបានបញ្ឈប់សកម្មភាពដែលខ្លួននិយមអនុវត្តកន្លងមកនោះទេដែលវាគឺជាការប៉ុនប៉ងជ្រៀតជ្រែកទៅលើកិច្ចការងារផ្ទៃក្នុងរបស់បណ្តាប្រទេសទាំងឡាយ។

គួរឲ្យដឹងដែរថា កន្លងមកប្រធានាធិបតីរុស្ស៊ីលោក Vladimir Putinធ្លាប់បានបញ្ជាក់ហើយថាការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ នឹងត្រូវធ្វើឡើង ដោយអនុលោមតាមច្បាប់ និងនីតិវិធីប្រជាធិបតេយ្យ និងរដ្ឋធម្មនុញ្ញ។

មកទល់ពេលនេះទោះបីជាគេបានដឹងគ្រប់គ្នាហើយថាលោក Putin ​មាន​សិទ្ធិ​ឈរ​ឈ្មោះ​បោះ​ឆ្នោតនៅអាណត្តិថ្មីនេះក្តី ប៉ុន្តែ​នៅ​មិន​ទាន់​ប្រកាសជាផ្លូវការនៅឡើយទេ​ថា​តើ​លោក​នឹងមាន​បំណង​ចូលរួមការប្រកួតប្រជែងនេះ ឬយ៉ាងណានោះទេ៕

អត្ថបទទាក់ទង