គ្រូបង្វឹកអាហ្សង់ទីន ពន្យល់ពីមូលហេតុដែលមិនមានឈ្មោះ Messi លេងមិត្តភាពនៅឥណ្ឌូនេស៊ី
គ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីន Lionel Scaloni បានបង្ហើបពីមូលហេតុដែល Lionel Messi និង Di Maria មិនមានឈ្មោះក្នុងក្រុមរបស់អាហ្សង់ទីន សម្រាប់ការប្រកួតមិត្តភាពជាមួយឥណ្ឌូណេស៊ី នៅទីក្រុងហ្សាកាតា យប់នេះ។
នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតមិត្តភាពរវាងអាហ្សង់ទីន និងឥណ្ឌូនេស៊ី នៅកីឡដ្ឋាន Gelora Bung Karno ដែលប្រព្រឹត្តទៅនៅម៉ោង ៧:៣០នាទី យប់នេះ លោក Lionel Scaloni បានពន្យល់ពីមូលហេតុ ដែលតារាឆ្នើម Lionel Messi និង Di Maria អវត្តមានពីក្រុម។
គ្រូបង្វឹករូបនេះ បាននិយាយថា ៖«Messi, Di Maria និងអ្នកផ្សេងទៀតត្រូវការពេលសម្រាក ពួកគេត្រូវហ្វឹកហាត់ សម្រាប់ការប្រកួតផ្សេងទៀត។ កីឡាករអាហ្សង់ទីន ផ្សេងទៀតនៅមានឈ្មោះធម្មតា ដូច្នេះសូមរីករាយជាមួយនឹងការប្រកួតនេះ»។
នៅក្នុងការប្រកួតមិត្តភាពនេះ ប្រភពជាច្រើនជឿថា គ្រូបង្វឹក Scaloni នឹងដាក់កីឡាករបម្រុងភាគច្រើននៅលើទីលាន។ ទោះយ៉ាងណាក៏ដោយ គ្រូបង្វឹកវ័យ ៤៥ ឆ្នាំរូបនេះ បានបដិសេធ។
“ការពិតដែលថា អាហ្សង់ទីន បានប្រើកីឡាករជំនួសច្រើនក្នុងការប្រកួតនេះ មិនមែនដោយសារតែឥណ្ឌូនេស៊ី ជាក្រុមខ្សោយនោះទេ ប៉ុន្តែខ្ញុំចង់ទទួលបានបទពិសោធន៍ថ្មី សម្រាប់ក្រុមរបស់ខ្ញុំ។
ខ្ញុំសប្បាយចិត្ត ដែលប្រជាជនឥណ្ឌូណេស៊ី រំភើបជាមួយអាហ្សង់ទីន ក្នុងនាមជាម្ចាស់ជើងឯក World Cup។ ខ្ញុំក៏សប្បាយចិត្តដែរ ដែលពួកគេអាចមើលឃើញយើងផ្ទាល់នៅកីឡដ្ឋាន” គ្រូបង្វឹក Scaloni បាននិយាយ។
យោងតាមគ្រូបង្វឹកលោក Scaloni ការដែលឥណ្ឌូនេស៊ី ជាប់ចំណាត់ថ្នាក់លេខ ១៤៩ នៃ FIFA Ranking មានចម្ងាយឆ្ងាយខ្លាំងពីក្រុមដែលជាប់ចំណាត់ថ្នាក់លេខ ១ លើពិភពលោក មិនមែនជាហេតុផលសម្រាប់គាត់ក្នុងការប្រើតែក្រុមបម្រុងនោះទេ ដោយយ៉ាងហោចណាស់ មានការផ្លាស់ប្តូរពី ៧ ទៅ ៨ នាក់ បើប្រៀបធៀបទៅនឹងការប្រកួតមិត្តភាពជាមួយអូស្ត្រាលី កាលពីប៉ុន្មានថ្ងៃមុន។
“ក្រុមណាក៏ដោយ អាចធ្វើឱ្យយើងភ្ញាក់ផ្អើល។ ប៉ុន្តែដូចខ្ញុំបាននិយាយ យើងចង់សាកល្បងកីឡាករជាច្រើន ក្នុងការប្រកួតមិត្តភាព» គ្រូបង្វឹក Scaloni បានបញ្ជាក់។
ទោះបីជាយ៉ាងណាក៏ដោយ ទំនងជាតារាឆ្នើមពីររូប រួមមាន Julian Alvarez (Man City) និង Alejandro Garanacho (Man Utd) នឹងក្លាយជាកីឡាករ១១នាក់ដំបូង ក្នុងក្រុមអាហ្សង់ទីន ដែលប្រកួតមិត្តភាពជាមួយម្ចាស់ផ្ទះឥណ្ឌូនេស៊ី នៅលើកីឡដ្ឋាន Gelora Bung Karno៕