Close

ប្រធានាធិបតីស៊ែប៊ី ៖ ស្ថានភាពនៅកូសូវ៉ូឈានដល់ចំណុចដ៏អាក្រក់បំផុតមួយ

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
ប្រធានាធិបតីស៊ែប៊ី ៖ ស្ថានភាពនៅកូសូវ៉ូឈានដល់ចំណុចដ៏អាក្រក់បំផុតមួយ ប្រធានាធិបតីស៊ែប៊ី ៖ ស្ថានភាពនៅកូសូវ៉ូឈានដល់ចំណុចដ៏អាក្រក់បំផុតមួយ

បរទេស ៖ ប្រធានាធិបតីនៃប្រទេសស៊ែប៊ីលោក Aleksandar Vucic បានព្រមានកាលពីថ្ងៃម្សិលមិញនេះថា ស្ថានភាពតានតឹងនៅក្នុងខេត្តផ្តាច់ខ្លួនចេញពីប្រទេសស៊ែប៊ីនៅពេលនេះកំពុងឈានមកដល់ដំណាក់កាលដ៏អាក្រក់មួយអស់រយៈពេលជាង២ទសវត្សរ៍មកនេះ។

លោក Vucic បានរិះគន់ និងចោទប្រកាន់ថាលោកខាងលិចគឺជាអ្នកដែលបានលើកលែងទោសដល់ចំណាត់ការចុងក្រោយដែលធ្វើឡើងដោយអជ្ញាធរនៃតំបន់កូសូវ៉ូគ្រប់គ្រងដោយជនជាតិអាល់បានីដែលបានធ្វើទុក្ខបុកម្នេញទៅលើជនជាតិស៊ែប៊ីដែលកំពុងរស់នៅទីនោះ។

ថ្លែងកាលពីថ្ងៃអាទិត្យម្សិលមិញនេះ លោក Vucic បានពោលបែបនេះថា៖សង្គ្រាមបែបកូនកាត់ប្រឆាំងទៅនឹងជនជាតិស៊ែប៊ីកំពុងប្រតិបត្តិការ ប៉ុន្តែលោកខាងលិចហាក់ដូចជាមិនអើពើចំពោះសកម្មភាពនេះ ហើយអនុញ្ញាតឲ្យមានការធ្វើបាបដល់ជនជាតិស៊ែប៊ីបន្ថែមទៀត។

លោកបានបន្តពណ៌នាស្ថានភាពនៅក្នុងតំបន់ផ្តាច់ខ្លួននេះទៀតថា ៖ ក្នុងរយៈពេលជាង២៤ឆ្នាំចុងក្រោយមកនេះ ស្ថានភាពនៅកូសូវ៉ូគឺពិតជាគួរឲ្យព្រួយបារម្ភខ្លាំងពីព្រោះថាជនជាតិស៊ែប៊ីកំពុងទទួលរងនូវការវាយប្រហារធ្ងន់ធ្ងរបំផុត។

ទោះបីជាយ៉ាងណា មេដឹកនាំស៊ែប៊ីរូបនេះបានធ្វើការប្តេជ្ញាចិត្តថានឹងធ្វើអ្វីគ្រប់យ៉ាងក្នុងការថែរក្សាសន្តិភាពនៅកូសូវ៉ូ ហើយរដ្ឋាភិបាលរបស់លោកនឹងមិនអនុញ្ញាតឲ្យមានការបៀតបៀន និងបង្កគ្រោះថ្នាក់បន្ថែមទៀតដល់ជនជាតិស៊ែប៊ីទៀតឡើយ។

រំលឹកដែរថា អំពើហិង្សារវាងអជ្ញាធរកូសូវ៉ូនិងជនជាតិស៊ែប៊ីដែលរស់នៅក្នុងតំបន់នេះបានកើតឡើងចាប់តាំងតែពីពេលដែលការបោះឆ្នោតចុងក្រោយមួយដែលត្រូវបានរៀបចំធ្វើឡើង ប៉ុន្តែជនជាតិស៊ែប៊ីជាច្រើនបាននាំគ្នាធ្វើពហិកា៕

អត្ថបទទាក់ទង