អ៊ីស្រាអ៊ែលត្រៀមលក់រថក្រោះជាច្រើនទៅឲ្យសមាជិកប្រទេសនៅអឺរ៉ុប
បរទេស៖ ប្រទេសអ៊ីស្រាអ៊ែលក្នុងសប្តាហ៍នេះកំពុងចរចាជាមួយនឹងប្រទេសចំនួន២ដែលក្នុងនោះមានមួយជាសមាជិករបស់អឺរ៉ុបផងក្នុងការលក់រថក្រោះប្រភេទ Merkava ។
សេចក្តីប្រកាសដែលត្រូវបានធ្វើឡើងដោយក្រសួងការពារជាតិរបស់អ៊ឺស្រាអ៊ែលបានឲ្យដឹងទៀតដែរថា កិច្ចព្រមព្រៀងលើកនេះនឹងក្លាយទៅជាកិច្ចព្រមព្រៀងលើកដំបូងនៃការលក់រថក្រោះប្រភេទ Merkava ហើយតាមផែនការដំណើរការលក់នឹងធ្វើឡើងក្នុងរយៈពេ៣ខែប្រសិនបើមានការអនុញ្ញាតពីសហរដ្ឋអាមេរិក។
មន្ត្រីជាន់ខ្ពស់របស់ក្រសួងការពារជាតិអ៊ីស្រាអ៊ែលបានថ្លែងថា៖ មកទល់ពេលនេះមានប្រទេសចំនួន២ដែលកំពុងបន្តការចរចាជាមួយគ្នាប៉ុន្តែខ្ញុំមិនអាចបញ្ចេញឈ្មោះរបស់គេនោះឡើយតែក្នុងនោះមានមួយជាប្រទេសសមាជិករបស់អឺរ៉ុប។
លោកបន្តថា៖ មួយរយៈចុងក្រោយនេះបណ្តាប្រទេសជាសមាជិកអឺរ៉ុបជាច្រើនបានជួបប្រទះបញ្ហាខ្វះខាតអាវុធប្រភេទនេះនៅក្នុងស្តុករបស់ខ្លួនក្រោយការព្យាយាមផ្គត់ផ្គង់យ៉ាងច្រើនទៅឲ្យប្រទេសអ៊ុយក្រែន។ ដូច្នេះជាជាងការផលិតខ្លួនឯងដើម្បីបំពេញស្តុកមកវិញពួកគេបានជ្រើសរើសការទិញបន្ថែមថ្មីជំនួសវិញទាំងទំនើបនិងចំណេញពេលមិនបាច់ផលិតដោយខ្លួនឯងដែលក្នុងនោះឧស្សាហកម្មផលិតរបស់អ៊ីស្រាអ៊ែលគឺជាជម្រើសល្អបំផុត។
គួរឲ្យដឹងដែរថា កាលពីពាក់កណ្តាលសប្តាហ៍កន្លងមកនេះប្រទេសអ៊ីស្រាអ៊ែលក៏ទើបតែបានប្រកាសដែរថា ប្រាក់ចំណេញដែលទទួលបានពីការលក់សព្វាវុធរបស់ខ្លួនកាលពីឆ្នាំ២០២២បានឡើងដល់កំណត់ត្រាមិនធ្លាប់មាន ឬប្រមាណជា១២,៥ពាន់លានដុល្លារ៕