វេទិកាផ្គូរផ្គងរវាងអ្នកផលិត និងអ្នកទិញនៅខេត្តកំពង់ធំ មានការចូលរួមពី៣៥សហគ្រាស
(កំពង់ធំ)៖ នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២៣នេះ ខេត្តកំពង់ធំបានប្រារព្ធនូវវេទិកាផ្គូរផ្គងអ្នកផលិត និងអ្នកទិញ។ វេទិកានេះដែរធ្វើឡើងក្រោមការរៀបចំរបស់គណៈកម្មការជាតិជំរុញចលនាភូមិមួយផលិតផលមួយ។
បើតាមលោកបណ្ឌិត សួង ណយ វេទិកានេះមានការអញ្ជើញចូលរួមពីអ្នកផលិតមកពី ៣៥សហគ្រាស និងអ្នកទិញប្រមាណជា ៣៥សហគ្រាសផងដែរ។
យ៉ាងណាមិញ វេទិកានេះស្ថិតនៅក្រោមគម្រោងអាជីវកម្មប្រកបដោយសុច្ចរិតភាព និងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក និងសហគ្រាសធនតូចនិងមធ្យម (SME) ដើម្បីឈានដល់ ការនាំចេញដែលកាន់តែប្រសើរ។
លោកបណ្ឌិត សួង ណយ បានលើកឡើងថា ៖ “សព្វថ្ងៃនេះ អ្នកផលិតតែងតែរអ៊ូរទាំថាអត់ទីផ្សារ ឯអ្នកទិញថាមិនមានផលិតផលក្នុងស្រុកដែលមានសក្កានុពលសម្រាប់ទិញទៅប្រើប្រាស់បាន អីចឹងហើយវេទិកានេះ នាំយកពួកគាត់ឱ្យជួបគ្នា ដើម្បីសួរគ្នាថាតើអ្នកផលិតអាចផលិតបានអីខ្លះ បានក្នុងទំហំណាខ្លះ ហើយលក់ក្នុងតម្លៃបោះដុំប៉ុន្មាន រាយប៉ុន្មាន”។
លោកបានបន្តថា ” អ្នកទិញ គាត់មកមើលថាតម្រូវការរបស់គាត់ត្រូវការប៉ុន្មានក្នុងមួយថ្ងៃ ឬមួយខែ អីចឹងទៅពួកគាត់អាចទាក់ទងគ្នាដើម្បីធ្វើកិច្ចសន្យា ដើម្បីទិញយកផលិតផលក្នុងស្រុកទាំងនេះ” ។
បើតាមការបញ្ជាក់បន្ថែមរបស់លោកបណ្ឌិត សួង ណយ បានសបញ្ជាក់ថា អ្នកទិញដែលចូលរួមក្នុងវេទិកានេះភាគច្រើន គឺជាម្ចាស់ហាងម្ចាស់ភោជនីយដ្ឋាន ម្ចាស់រមណីយ្យដ្ឋាន ផ្សារទំនើប ផ្ទះស្នាក់ កន្លែងបោះដុំ លក់រាយ សណ្ឋាគារ សំអាងការជាដើម ដែលពួកគាត់មានឱកាសទៅស្គាល់អ្នកផលិតផ្ទាល់ដើម្បីដឹងថា អ្នកផលិតផលិតនៅឯណា ដំណើរការផលិតយ៉ាងណាខ្លះ ហើយការផលិតស្ថិតក្នុងលក្ខណៈជាសហគមន៍ សហគ្រាស ឬអាជីវកម្មជាដើម។
តាមរយៈវេទិកានេះ លោកបណ្ឌិតរំពឹងថាអ្នកផលិត និងអ្នកទិញ នឹងបានស្វែងយល់ពីតម្រូវការគ្នា កាន់តែច្បាស់ ដែលអាចឈានទៅបង្កើត និងប្រើប្រាស់ផលិតផលខ្មែរឱ្យកាន់តែទូលំទូលាយ៕