Close

លោក Jose Mourinho កំពុងចរចាជាមួយក្លឹបអារ៉ាប៊ីសាអូឌីត

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០២៣ កីឡា
លោក Jose Mourinho កំពុងចរចាជាមួយក្លឹបអារ៉ាប៊ីសាអូឌីត លោក Jose Mourinho កំពុងចរចាជាមួយក្លឹបអារ៉ាប៊ីសាអូឌីត

ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលី បានរាយការណ៍ថា គ្រូបង្វឹកលោក Jose Mourinho បានពិភាក្សាជាមួយអារ៉ាប៊ីសាអូឌីត ជាពិសេសក្លឹប Al-Hilal អំពីលទ្ធភាពនៃការមកប្រទេសអាស៊ីនេះ ដើម្បីធ្វើការ។ ក្នុងនោះដែរ ប្រសិនបើ Special One មិនចង់ដឹកនាំ Al-Hilal គាត់អាចជ្រើសរើសក្រុមផ្សេងទៀតនៅអារ៉ាប៊ីសាអូឌីត។

បន្ទាប់ពីខកខានកិច្ចព្រមព្រៀង Lionel Messi ក្លិបបាល់ទាត់ Al-Hilal បានបន្តព្យាយាមនាំយកកីឡាករបាល់ទាត់ល្បីៗក្នុងពិភពលោក។ ក្លឹបយក្សនៅទ្វីបអាស៊ីមួយនេះ ត្រូវបានគេនិយាយថា បានផ្តល់សំណើរឱ្យ Neymar នូវប្រាក់ចំណូល ២០០លានអឺរ៉ូ ក្នុងមួយឆ្នាំ បូករួមទាំងតម្លៃផ្ទេរ ៤៥លានអឺរ៉ូ សម្រាប់ PSG ។ ប៉ុន្តែមកទល់ពេលនេះ ខាង PSG នៅមិនទាន់បានឆ្លើយតបទេ។

បន្ទាប់ពីគ្រូបង្វឹក Ramon Diaz បានចាកចេញពីក្លឹប កាលពីខែមុន Al-Hilal មិនទាន់បានតែងតាំងគ្រូថ្មីនៅឡើយទេ។ ពួកគេមានបំណងបង្កើតក្រុមខ្លាំងមួយ ដើម្បីប្រកួតប្រជែងជាមួយ Al-Nassr និងជាពិសេស Al-Ittihad ដែលជាក្លឹបដែលដឹកនាំដោយគ្រូបង្វឹក Nuno Espirito Santo ។

យ៉ាងណាមិញ Mourinho នៅតែមានកុងត្រាជាមួយ Roma រហូតដល់ខែមិថុនា ឆ្នាំ ២០២៤ ប៉ុន្តែគាត់អាចចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះ ប្រសិនបើក្លឹបរដ្ឋធានីអ៊ីតាលី មិនបំពេញលក្ខខណ្ឌល្អបំផុតដែលស្នើដោយ Special One ។ ការបរាជ័យក្នុងវគ្គផ្តាច់ព្រ័ត្រ Europa League បានធ្វើឱ្យ Roma បាត់បង់កៅអីក្នុង Champions League នៅរដូវកាលក្រោយ។ ដូច្នេះហើយ ចំណូលនៅរដូវក្តៅនេះ នឹងត្រូវកាត់បន្ថយយ៉ាងខ្លាំង។ ជាងនេះទៅទៀត ពួកគេត្រូវតែវិនិយោគលើកីឡាករបន្ថែម ប្រសិនបើពួកគេចង់ប្រជែងយកពានជាមួយ Inter, Napoli, Juventus និង Milan។

ទោះបីជាយ៉ាងណាក៏ដោយ ក្រៅពីក្លិប Al-Hilal លោក Mourinho ក៏មានពាក្យចចាមអារ៉ាមថា អាចទៅដឹកនាំ PSG ផងដែរ ដ្បិតលោក Luis Campos  នាយកកីឡារបស់ PSG មានទំនាក់ទំនងជិតស្និទ្ធជាមួយ Mourinho ហើយមើលឃើញថា គាត់ជាបេក្ខភាពជំនួសគ្រូបង្វឹក Christophe Galtier ដែលទើបតែបណ្ដេញចេញ។ ក៏ប៉ុន្តែបញ្ហាដ៏ធំបំផុតនៅពេលនេះ គឺលោក Mourinho ត្រូវបាន UEFA ពិន័យមិនឲ្យដឹកនាំការប្រកួតចំនួន ៤ប្រកួត ដោយសារតែអាកប្បកិរិយាមិនសមរម្យជាមួយអាជ្ញាកណ្តាល អំឡុងពេល AS Roma ចាញ់ Sevilla ក្នុងវគ្គផ្តាច់ព្រ័ត្រ Europa League ៕

អត្ថបទទាក់ទង