ដាំដុះបន្លែចម្រុះជុំវិញផ្ទះ កសិករមួយគ្រួសារអាចរស់បានយ៉ាងស្រួលមិនចំណាយច្រើន
សម្រាប់កសិករដែលរស់នៅតាមបណ្ដាខេត្តមានដីទំនេរច្រើន គួរតែប្រើប្រាស់ដីរបស់ខ្លួនឱ្យអស់ពីលទ្ធភាព ដូចជាដាំដំណាំផ្សេងៗជាដើម។ ការធ្វើបែបនេះ អាចជួយឱ្យពួកគេចំណេញច្រើន កាត់បន្ថយការចំណាយប្រចាំថ្ងៃមួយចំនួនផងដែរ។
ជាក់ស្ដែង គ្រួសារកសិករមួយដែលរស់នៅក្នុងស្រុកចំការលើ ខេត្តកំពង់ចាម តែងតែមានទម្លាប់ដាំដំណាំចម្រុះជុំវិញផ្ទះរាល់ឆ្នាំ។ បន្លែ និងដំណាំហូបផ្លែទាំងនោះ ថ្វីត្បិតថាមិនមានចំនួនច្រើនសម្រាប់លក់ ប៉ុន្តែក៏គ្រប់គ្រាន់សម្រាប់បរិភោគក្នុងគ្រួសារដែរ។
មានសមាជិកគ្រួសារ៣នាក់ ដោយមានប្ដី ប្រពន្ធ និងកូនម្នាក់ នៅរាល់រដូវវស្សា កសិករ ថន ថេ ចាប់ផ្ដើមការដាំដុះរបស់ខ្លួនទៅតាមទម្លាប់ ដោយលោកព្យាយាមរកដំណាំដាំឱ្យបានច្រើនប្រភេទ។ ត្រប់ ដំឡូវ ល្ហុង ខ្នុរ ស្វាយ ក្រូចពោធិ៍សាត់ ដូង ស្លឹកគ្រៃ ជីគ្រប់មុខ ល្មៀត រំដេង ដែលសុទ្ធសឹងតែជាដំណាំដែលត្រូវប្រើប្រាស់ចាំបាច់ក្នុងការចម្អិនម្ហូបនានា កំពុងមានវត្តមានក្នុងបរិវេន ផ្ទះរបស់កសិកររូបនេះ។
កសិករវ័យ ៥០ឆ្នាំរូបនេះបានរៀបរាប់ឱ្យដឹងថា ការដាំដុះនេះជាទម្លាប់ដែលលោក និងគ្រួសារតែងតែ ធ្វើរាល់ឆ្នាំ ម្លោះហើយសូម្បីតែគ្រាប់ពូជសម្រាប់ដាំ ក៏លោកកម្រនឹងទិញគេដែរ ពោលគឺបានមកពីការ រើសយកគ្រាប់ពូជល្អៗ ចេញពីការដាំដុះនៅឆ្នាំមុនៗ។
ក្រៅតែពីដំណាំនេះទៅ លោកក៏មានចញ្ចឹមមាន់ និងគោផងដែរ ដែលការចិញ្ចឹមនេះ គឺលោកចិញ្ចឹម ដើម្បីយកជីសម្រាប់ដាក់ដំណាំផង។
លោក ថន ថេ៖ «មានគោមេ២ក្បាល បង្វាស់ឱ្យគេទាំង២ យើងចាំតែយកកូនមកវិញ ឥឡូវនេះបានកូនមកវិញ១ក្បាលហើយ…ហើយគោនេះ ដូចជាទ្រព្យធំយើង ពេលណាយើងត្រូវការលុយច្រើន ក៏លក់វាមួយក្បាលទៅ តែបើអត់ទេយើងលក់តែបន្លែជុំវិញផ្ទះតិចតួចប៉ុណ្ណឹង។»
ដោយឡែក សម្រាប់ប្រភេទដំណាំមួយចំនួនដូចជា ដូង ដំឡូង ល្ហុង ខ្នុរ និងក្រូចពោធិ៍សាត់ កសិករខាងលើអាចលក់បានតាមរដូវកាល ដោយលក់ទៅឱ្យអ្នកភូមិដូចគ្នា។ បើតាមការឱ្យដឹងពី កសិកររូបនេះ ក្នុងមួយរដូវអាចបាន ៤០ ទៅ ៥០ម៉ឺនដែរ។
ទោះបីជាចំណូលបានមកមិនច្រើន ប៉ុន្តែគ្រួសាររបស់កសិកររូបនេះ ក៏មិនមានតម្រូវការចំណាយច្រើន លើការទិញម្ហូបបរិភោគនោះដែរ។
លោកស្រី ធាម អ៊ីម ដែលជាភរិយារបស់កសិករ ថន ថេ បានឱ្យដឹងថា៖ «យើងទិញតែសាច់ទេ ព្រោះបន្លែមាននៅជុំវិញផ្ទះស្រាប់ ហើយទិញនោះក៏មិនជាញឹកញាប់អីដែរ ជូនកាលមួយអាទិត្យអី ទិញតែ២ដងទេ ហើយទិញហ្នឹងយ៉ាងច្រើនអស់ ១ម៉ឺន។»
សម្រាប់ប្រភេទដំណាំមួយចំនួនដែលប្រមូលមកបានច្រើន លោកស្រី ធាម អ៊ីម យកទៅហាលឱ្យស្ងួត និងកិនទុកចម្អិនម្ហូបជាប្រចាំថ្ងៃ។ រីឯជី ស្លឹកគ្រៃ ស្លឹកក្រូចសើច លោកស្រីច្រើនតែចែកអ្នកជិតខាង ដោយមិនគិតប្រាក់ ដែលថ្ងៃខ្លះលោកស្រីខ្វះខាតបន្លែ ឬគ្រឿងអ្វីក៏អាចទៅរកពីអ្នកភូមិផងបានវិញ ផងដែរ។
យ៉ាងណាមិញ សម្រាប់ការដាំដំណាំនានា លោក ថន ថេ មិនដែលជួបបញ្ហាខ្វះទឹកប្រើប្រាស់នោះទេ ព្រោះបច្ចុប្បន្នលោកមានអណ្ដូងទឹកនៅបរិវេនក្រោយផ្ទះ ដែលអាចបូមស្រោចដំណាំបានគ្រប់រដូវកាល។
ក្នុងផ្ទះបាយទៀតសោត លោកប្រើប្រាស់អុសសម្រាប់ដុត ដែលក្នុងមួយឆ្នាំ លោកនិងកូនប្រុសទៅ ប្រមូលឈើងាប់ៗពីព្រៃក្បែរភូមិម្ដង និងអាចដុតចម្អិនអាហារបានពេញមួយឆ្នាំ។
និយាយជារួម គ្រួសាររបស់កសិកររូបនេះ មិនធូរធាពេក តែក៏មិនលំបាកដែរ ព្រោះគ្រប់យ៉ាងគឺលោក អាចធ្វើបានដោយខ្លួនឯងទាំងអស់ ហើយដំណាំក៏មិនប្រើប្រាស់ជីគីមីដែលនាំឱ្យប៉ះពាល់ដល់សុខភាពទៀត។ ត្រង់ចំណុចនេះ លោកលើកទឹកចិត្តដល់កសិករផ្សេងដែលមានដីនៅទំនេរ សូមឆ្លៀត ដាំដំណាំចម្រុះ ឬដំណាំវិលជុំ ដើម្បីកាត់បន្ថយការចំណាយជាប្រចាំថ្ងៃនានា៕