Close

Messi និយាយលាទៅកាន់ Barcelona ក្រោយបោះបង់ឱកាសត្រឡប់ទៅកាន់ទ្រនំចាស់

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែមិថុនា ឆ្នាំ២០២៣ កីឡា
Messi និយាយលាទៅកាន់ Barcelona ក្រោយបោះបង់ឱកាសត្រឡប់ទៅកាន់ទ្រនំចាស់ Messi និយាយលាទៅកាន់ Barcelona ក្រោយបោះបង់ឱកាសត្រឡប់ទៅកាន់ទ្រនំចាស់

បន្ទាប់ពីមានពាក្យចចាមអារាមជាច្រើនពេលនេះ អតីតខ្សែប្រយុទ្ធរបស់ PSG កីឡាករ Lionel Messi បានសម្រេចចិត្តចោះបង់ឱកាសត្រឡប់ទៅកាន់ទ្រនំចាស់ Barcelona វិញ ហើយទៅចូលរួមជាមួយក្លិបបាល់ទាត់ Inter Miami ទោះបីជា La Liga ផ្តល់ភ្លើងខៀវឲ្យក្លិបនៅកាតាឡាន់មួយនេះ អាចចុះហត្តលេខាយករូបគេក៏ដោយ។

ជាការពិត បន្ទាប់ពីសម្រេចចិត្តចែកផ្លូវជាមួយក្លិបយក្សបារាំង PSG កាលពីដើមសប្ដាហ៍នេះ ក៏មានពាក្យចចាមអារាមជាច្រើនពាក់ព័ន្ធនឹងការផ្ទេររបស់ Messi ក្នុងនោះមានក្លិបចំនួនពីរដែលគេគិតថា មានភាគរយខ្ពស់បំផុតគឺ ក្លិបអ្នកមានបុណ្យ FC Barcelona និងក្លិបអ្នកមានអារ៉ាប់ Al-Hilal ប៉ុន្តែការពិតត្រូវបានលាតត្រដាងកាលពីព្រឹកមិញនេះ បន្ទាប់ពីក្លឹប Inter Miami បានប្រកាសពីការមកដល់របស់ Messi នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមផ្លូវការរបស់ខ្លួន។

ជុំវិញបញ្ហានេះ Lionel Messi ក៏ទម្លាយការពិតទាំងអស់លើការសម្រេចចិត្តទៅចូលរួមជាមួយ Inter Miami ហើយបោះបង់ឱកាសទៅចូលរួមជាមួយ Barcelona វិញ ក្នុងបទសម្ភាស់ជាមួយការសែត Mundo Deportivo។

អ្នកការសែតកីឡាដ៏ល្បី Fabrizio Romano បានដកស្រង់សម្ដីរបស់ Messi ក្នុងបទសម្ភាស់ជាមួយ Mundo Deportivo ដែលបាននិយាយថា ៖«ខ្ញុំពិតជាចង់ត្រលប់ទៅ Barça វិញ ខ្ញុំមានសុបិននៅទីនោះ។ ប៉ុន្តែបន្ទាប់ពីអ្វីដែលបានកើតឡើងកាលពី២ឆ្នាំមុន ខ្ញុំមិនចង់ស្ថិតក្នុងស្ថានភាពដដែលនេះទៀតទេ ដោយទុកអនាគតរបស់ខ្ញុំនៅក្នុងដៃអ្នកដទៃ… ខ្ញុំចង់សម្រេចចិត្តដោយខ្លួនឯង ដោយគិតពីខ្ញុំ និងគ្រួសាររបស់ខ្ញុំ»។

ម្ចាស់ពាន World Cup 2022 រូបនេះ បានបន្តថា ៖ «ខ្ញុំបានឮរបាយការណ៍របស់ La Liga ផ្តល់ភ្លើងខៀវ ប៉ុន្តែការពិតគឺថា កីឡាករជាច្រើនត្រូវចាកចេញ ដើម្បីធ្វើឱ្យការវិលត្រឡប់របស់ខ្ញុំទៅកាន់ Barça កើតឡើង។ ខ្ញុំមិនចង់ទទួលខុសត្រូវ ចំពោះពួកគេក្នុងការលក់កីឡាករ ឬកាត់ប្រាក់ខែទេ។ ខ្ញុំនឿយហត់។ លុយមិនដែលមានបញ្ហាជាមួយខ្ញុំទេ។ យើងមិនបានពិភាក្សារឿងកុងត្រាជាមួយ Barcelona ផង! ពួកគេបានផ្ញើសំណើមកខ្ញុំ ប៉ុន្តែមិនដែលជាសំណើជាលាយលក្ខណ៍អក្សរ និងចុះហត្ថលេខាឡើយ។ យើងមិនដែលចរចាប្រាក់ខែរបស់ខ្ញុំទេ។ វាមិនមែនជារឿងលុយទេ បើមិនដូច្នេះទេ ខ្ញុំនឹងទៅចូលរួមជាមួយអារ៉ាប៊ីសាអូឌីត។ ខ្ញុំប្រាកដថា មានមនុស្សក្នុងក្លឹប ដែលមិនចង់ឱ្យខ្ញុំត្រឡប់ទៅ Barça វិញដោយគិតថា អវិជ្ជមានសម្រាប់ក្លឹប»។

ម្ចាស់ពាន Ballon d’Or ៧សម័យកាល រូបនេះ បានបន្តថា ៖ «ខ្ញុំបានទទួលការដេញថ្លៃពីក្លឹបនៅអឺរ៉ុបផ្សេងទៀត ប៉ុន្តែខ្ញុំមិនបានពិចារណាលើសំណើទាំងនោះទេ ព្រោះគំនិតតែមួយគត់របស់ខ្ញុំ គឺចង់ចូលរួមជាមួយ Barcelona នៅអឺរ៉ុប។ ខ្ញុំចង់នៅជិត Barcelona ខ្ញុំនឹងរស់នៅ Barcelona ម្ដងទៀត ខ្ញុំបានសម្រេចចិត្តរួចហើយ។ ខ្ញុំសង្ឃឹមថា នឹងជួយក្លឹបនៅថ្ងៃណាមួយ ព្រោះវាជាក្លឹបដែលខ្ញុំស្រលាញ់»៕

អត្ថបទទាក់ទង