និស្សិតសាលាតិចណូ សហការគ្នាធ្វើទឹកសណ្ដែកលក់ក្នុងទូរអគ្គិសនី ផ្ទុះការចាប់អារម្មណ៍ច្រើន
ផ្ដើមចេញពីកិច្ចការសាលាដែលគ្រូឧទ្ទេសបានដាក់ឱ្យធ្វើ និស្សិតស្រីៗ៣នាក់បានកែប្រែគម្រោងនោះឱ្យទៅជាមុខរបរតូចមួយគឺធ្វើទឹកសណ្ដែកលក់។
ជានិស្សិតផ្នែកគីមីចំណីអាហារស្រាប់ យុវតី៣រូប គឺ កញ្ញាអ៊ុង រង់ផលទេវី កញ្ញា វឿត សុខតី និងកញ្ញាអូន វឌ្ឍនា បានកែច្នៃផលិតផលទឹកសណ្ដែក ដោយប្រើប្រាស់ចំណេះដឹងចេញពីទ្រឹស្ដីបូកនឹងការអនុវត្តផ្ទាល់។
អាជីវកម្មមួយនេះដែរកើតឡើងដោយមានការជំរុញពីគ្រូបង្គោល និងបានជំនួយថវិកាពី World Bank Group នៃសាលាតិកណូផ្ទាល់ ព្រមទាំងក្រសួងអប់រំយុវជន និងកីឡា។
«អូនសណ្ដែក» ជាឈ្មោះនៃអាជីវកម្មរបស់របស់យុវតីទាំង៣រូបដោយ «អូន» តំណាងឱ្យស្ថាបនិកស្ត្រីទាំង ៣ និងសណ្ដែកតំណាងឱ្យសណ្ដែកគ្រប់ប្រភេទ ដែលជារួមមកឈ្មោះនេះមានន័យថា ស្ត្រីដែលកែច្នៃសណ្ដែក។
ធៀបជាមួយនឹងទឹកសណ្ដែកទូទៅ កញ្ញា អ៊ុង រង់ផលទេវី បានឱ្យដឹងថា៖ «បើយើងមើលពីក្រៅវាអត់ខុសគ្នាទេ មនុស្សគ្រប់គ្នាក៏អាចធ្វើបានដែរ ប៉ុន្តែជាក់ស្ដែងវាខុសគ្នា ដោយសារពួកខ្ញុំជានិស្សិតគីមីចំណីអាហារផ្ទាល់ ពួកខ្ញុំដឹងពីបច្ចេកទេសក្នុងការកែច្នៃផលិតផលហ្នឹងឱ្យវាមានគុណភាពល្អ ដោយមិនប្រើប្រាស់សារធាតុគីមី ហើយពួកខ្ញុំប្រើវិធីសាស្ត្រកែច្នៃឱ្យទឹកសណ្ដែកនេះមានរសជាតិខុសប្លែកពីផលិតផលដទៃ បើតាមរយៈការដកពិសោធន៍ជាមួយផលិតផលលើទីផ្សារ»។
យ៉ាងណាមិញ ដោយមានការវេចខ្ចប់ស្អាតបាត និងតាមរយៈការផ្សព្វផ្សាយដោយប្រើប្រាស់បណ្ដាញ សង្គម បានធ្វើឱ្យផលិតផលរបស់ក្រុមនិស្សិតទាំងបីនាក់នេះ ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន រហូតដល់ក្រុមកញ្ញាមិនអាចផលិតទាន់តម្រូវការ។
កញ្ញា អ៊ុង រង់ផលទេវី៖ «ដោយត្រូវរៀន និងធ្វើសារណាបញ្ចប់ឆ្នាំសិក្សាផង ពួកខ្ញុំត្រូវការអ្នកជួយគឺសិស្សប្អូន ដែលមានឆ្នាំទី៣ និងទី៤ មកជួយសរុប ១៣នាក់ បូករួមទាំងពួកខ្ញុំគឺ ១៦នាក់ជាកម្លាំងក្នុងការផលិត»។
សម្រាប់តម្លៃវិញ កញ្ញា អ៊ុង រង់ផលទេវី បានឱ្យដឹងថា ក្នុង១ដបលក់ក្នុងតម្លៃ ៣ពាន់រៀល ហើយដែលក្នុងមួយដបចំណុះ ៣៣០មីលីលីត្រ ។ បើគិតជាមធ្យម សម្រាប់ខែដែលលក់ដាច់បំផុតគឺ ឈានដល់២ពាន់ដប និងតិចបំផុតត្រឹម ៤រយដប។
ក្រៅតែពីការផ្សព្វផ្សាយលក់ក្នុងបណ្ដាញសង្គមទៅ ក្រុមកញ្ញាក៏បានសហការជាមួយក្រុមនិស្សិតផ្សេងទៀតក្នុងការលក់ទឹកសណ្ដែកទាំងនោះក្នុងទូរអគ្គិសនីផងដែរ។ ទូរអគ្គិសនីដែលកើតចេញពីការច្នៃ ប្រឌិតរបស់និស្សិតនៃដេប៉ាតឺម៉ង់ផ្សេងទៀត កាន់តែធ្វើឱ្យអាជីវកម្មតូចមួយនេះកាន់តែមានភាពល្បីល្បាញ។ ល្បីល្បាញព្រោះទូរអគ្គិសនីនោះមិនត្រូវការមានមនុស្សឈរចាំលក់ដូរជូនភ្ញៀវឡើយ ដោយគ្រាន់តែដាក់ទូរនៅក្នុងទីតាំងសកលវិទ្យាល័យ ហើយអតិថិជនគ្រាន់តែស្កេន QR Code និងបង់ប្រាក់តាមធនាគារ គឺរួចរាល់ហើយ។
ដោយភាពជោគជ័យនេះ កញ្ញាបានឱ្យដឹងថា ខ្លួននិងក្រុមផ្សេងទៀតមានគម្រោងបើកបន្តទៀត ដោយបច្ចុប្បន្ននេះខ្លួនកំពុងត្រៀមខ្លួនដើម្បីអភិវឌ្ឍន៍ផលិតផលឱ្យកាន់តែមានគុណភាពជាងនេះទៅទៀត។ ម្យ៉ាងទៀត សមាជិកម្នាក់នៃក្រុមកញ្ញាកំពុងសិក្សាបន្ថែមថាធ្វើយ៉ាងណាដើម្បីឱ្យរក្សាទុកបានយូរជាងនេះ និងធានាថាវាគ្មានសារធាតុរក្សាទុកដែលប្រើគីមី ពោលគឺប្រើវិធីសាស្ត្រគីមីចំណីអាហារ ១បែបផ្សេងទៀត៕