Close

វិមានក្រមឡាំងឆ្លើយតបចំពោះសំណើសុំចរចាស្តីអំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរដោយអាមេរិក

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី៦ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
វិមានក្រមឡាំងឆ្លើយតបចំពោះសំណើសុំចរចាស្តីអំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរដោយអាមេរិក វិមានក្រមឡាំងឆ្លើយតបចំពោះសំណើសុំចរចាស្តីអំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរដោយអាមេរិក

បរទេស ៖ អ្នកនាំពាក្យរបស់វិមានក្រមឡាំង លោក Dmitry Peskov កាលពីថ្ងៃចន្ទម្សិលមិញនេះបានធ្វើការលើកឡើងថាប្រទេសរុស្ស៊ីស្វាគមន៍នូវសំណើសុំចរចារបស់រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនដើម្បីបើកការចរចាគ្នាស្តីអំពីកិច្ចព្រមព្រៀងនៃអាវុធនុយក្លេអ៊ែរ។

ទោះបីជាយ៉ាងណាក្តី លោកអ្នកនាំពាក្យរូបនេះបានបន្ថែមរុស្ស៊ីចាំបាច់ត្រូវតែពិនិត្យឲ្យបានម៉ត់ចត់ជាមុនសិននូវគ្រប់លក្ខខណ្ឌរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនជាមុនសិន។

ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានជាច្រើននាក់លោក Peskov បានធ្វើការឆ្លើយតបបែបនេះទៅនឹងអ្វីដែលជាសេចក្តីថ្លែងការណ៍របស់ទីប្រឹក្សាជាន់ខ្ពស់កិច្ចការងារសន្តិសុខជាតិអាមេរិកលោក Jake Sullivan កាលពីសប្តាហ៍មុន។

លោក Sullivan ធ្លាប់បាននិយាយថា៖អាមេរិកគឺបានត្រៀមខ្លួនរួចទៅហើយក្នុងការភ្ជាប់ទំនាក់ទំនងគ្នាទ្វេភាគីឡើងវិញតាមរយៈកិច្ចពិភាក្សាស្តីអំពីការគ្រប់គ្រងអាវុធប្រល័យលោកនេះជាមួយនឹងទាំងរុស្សីនិងជាមួយចិនក្តីដោយមិនមានលក្ខខណ្ឌទុកជាមុននោះឡើយ។

មន្ត្រីជាន់ខ្ពស់អាមេរិករូបនេះក៏បានបន្ថែមដែរថារដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនមានបំណងក្នុងការអនុវត្តតាមគោលការណ៍ស្នូលនៃកិច្ចព្រមព្រៀង New START ដើម្បីអាចកំណត់ក្បាលគ្រាប់អាវុធនុយក្លេអ៊ែរដែលអាចដាក់ពង្រាយដោយភាគីទាំង២ដរាបណារុស្សីនឹងគោរពតាមគោលការណ៍នេះដូចគ្នាដែរ។

លោក Peskov បានហៅសេចក្តីថ្លែងការណ៍របស់លោក Sullivan គឺជាសញ្ញាជាវិជ្ជមាន និងដ៏មានសារៈសំខាន់បំផុតដែលរុស្សីនឹងគាំទ្រប៉ុន្តែរុស្សីទាមទារពេលវេលាខ្លះដើម្បីស្វែងយល់ឲ្យបានស៊ីជម្រៅបន្ថែមទៀតចំពោះសំណើពីភាគីអាមេរិក។

គួរឲ្យដឹងដែរថា កិច្ចព្រមព្រៀង​អាវុធ​រវាង​រុស្ស៊ី និង​អាមេរិក​បាន​ស្ថិត​ក្នុង​ភាព​តានតឹង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះដោយកាលពីខែសីហាឆ្នាំមុន រុស្ស៊ីបានផ្អាកបេសកកម្មអធិការនៃព្រមព្រៀង New START ដែលជាកិច្ចព្រមព្រៀងនុយក្លេអ៊ែរចុងក្រោយរវាងប្រទេសទាំងពីរ ហើយបានអះអាងថា ទណ្ឌកម្មរបស់អាមេរិកបានរារាំងមន្ត្រីរុស្ស៊ីពីការអនុវត្តយន្តការផ្ទៀងផ្ទាត់មួយនេះ៕

អត្ថបទទាក់ទង