Close

សោកស្ដាយផង ! បឺត សង្ឃឹម ត្រូវឃ្លាតឆ្ងាយពីសង្វៀនប្រដាល់មួយរយៈធំ ដោយសាររបួសដាច់សរសៃ ACL

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣ កីឡា
សោកស្ដាយផង ! បឺត សង្ឃឹម ត្រូវឃ្លាតឆ្ងាយពីសង្វៀនប្រដាល់មួយរយៈធំ ដោយសាររបួសដាច់សរសៃ ACL សោកស្ដាយផង ! បឺត សង្ឃឹម ត្រូវឃ្លាតឆ្ងាយពីសង្វៀនប្រដាល់មួយរយៈធំ ដោយសាររបួសដាច់សរសៃ ACL

ភ្នំពេញ : ម្ចាស់មេដាយមាសស៊ីហ្គេម ២សម័យកាល កីឡាករ បឺត សង្ឃឹម ដែលមានឈ្មោះក្នុងបញ្ជីជាតិថា ទូច រ៉ាឆាន់ នោះ នឹងត្រូវសម្រាកពីសង្វៀនប្រដាល់មួយរយៈធំ ដោយសាររបួសដាច់សរសៃ ACL ជាសរសៃមួយដែលអ្នកកីឡាអាជីពគ្រប់រូបមានការខ្លាចរអា ព្រោះត្រូវតម្រូវឲ្យវះកាត់ដាច់ខាត ទើបអាចបន្តអាជីពវិញបាន។

យោងតាមការបង្ហោះក្នុងផេកហ្វេសប៊ុកផ្លូវការរបស់ម្ចាស់មេដាយមាសស៊ីហ្គេម បឺត សង្ឃឹម (Bird songkherm – ទូចរ៉ាឆាន់) បានរៀបរាប់ពីរឿងខកចិត្តខ្លាំងមែនទែន ដែលបានជួបបញ្ហាដែលគួរឲ្យខ្លាច នោះគឺការដាច់សសៃ ACL ដែលត្រូវប្រើពេលវេលាយូរក្នុងការសម្រាកព្យាបាល ដែលអាចធ្វើឱ្យ បឺត សង្ឃឹម ខកខានករឡើងសង្វៀនរយៈពេលយូរ។

បឺត សង្ឃឹម បានសរសេររៀបរាប់ថា៖ «បងប្អូនប្រហែលជានឹកខ្ញុំមួយរយៈហើយ រឿងមិនចង់ជួប ហេតុអ្វីធ្លាក់មកលើខ្ញុំពេលនេះ? បងប្អូនតើខ្ញុំគួរគិតបែបណា បើសរសៃជង្គង់របស់ខ្ញុំ វាដាច់បាត់ហើយ ព្រោះពេលប្រកួតស៊ីហ្គេមចេះតែឈឺ ដល់ពេលប្រកួតចប់ទើបទៅថតឃើញថា ដាច់សរសៃ ACLបាត់ហើយ គ្រូពេទ្យថា ទាល់តែវះកាត់ទើបមានសង្ឃឹម ហើយប្រើពេលជិត១ឆ្នាំ ពេលនេះមិនដឹងថា គិតយ៉ាងមិចទេបងប្អូន»។

គួរបញ្ជាក់ថា របួសដាច់សរសៃ ACL គឺជារបួសមួយ ដែលកីឡាករជុំវិញពិភពលោកខ្លាចបំផុត ព្រោះវាត្រូវការការវះកាត់ជាចាំបាច់ ហើយត្រូវសម្រាកព្យបាលប្រហែលជិតមួយឆ្នាំ ទើបអាចជាសះស្បើយវិញ។ ភាគច្រើនរបួស ACL នេះ កើតឡើងលើកីឡាករបាល់ទាត់ ដោយសារកីឡានេះ ប្រើប្រាស់ជង្គង់ខ្លាំង ក្នុងការរត់ប្រជែងគ្នាលើទីលាន។

គួររំលឹកថា បឺត សង្ឃឹម ទើបតែដណ្ដើមបានមេដាយមាស ជូនប្រទេសជាតិ លើប្រភេទកីឡាឃីកបុកស៊ីង សម្រាប់ការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ បឺត សង្ឃឹម បានយកឈ្នះកីឡាករថៃ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយបានបន្តយកឈ្នះកីឡាករវៀតណាម Quang Huy Nguyen នៅវគ្គផ្តាច់ព្រ័ត្រ។

ជាមួយជ័យជម្នះដ៏មានន័យនេះ បានជួយឱ្យ បឺត សង្ឃឹម ដណ្តើមបានមេដាយមាស ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម លើជំនាញ Men’s low Kick ហើយនេះក៏ជាការឈ្នះបានមេដាយមាស ជាលើកទី២ ជូនកម្ពុជា ផងដែរ សម្រាប់រូបគេ ព្រោះកាលប្រកួតស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម គឺ បឺត សង្ឃឹម ដណ្តើមបានមេដាយមាសដូចគ្នា៕

អត្ថបទទាក់ទង