ក្រសួងទេសចរណ៍ ណែនាំអាជីវកម្មលក់ម្ហូបអាហារតាមដងផ្លូវពង្រឹងគុណភាព និងសេវាកម្មសម្រាប់ព្រឹត្តិការណ៍ SEA Games និង ASEAN Para Games 2023
ក្រសួងទេសចរណ៍ បានចុះផ្សព្វផ្សាយ និងណែនាំបណ្ដុះបណ្ដាលដល់អាជីវកម្មលក់ម្ហូបអាហារតាមដងផ្លូវ (Street Food Vendor) សម្រាប់ព្រឹត្តិការណ៍ SEA Games និង ASEAN Para Games 2023 និងយុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា ២០២៣”
ដោយមានការចូលរួមពីរដ្ឋបាលរាជធានី ខេត្ត មន្ទីរទេសចរណ៍ អង្គភាពពាក់ព័ន្ធ ប្រតិបត្តិករទេសចរណ៍ និងអ្នកលក់ដូរតាមដងផ្លូវ។
ក្នុងឱកាសចុះផ្សព្វផ្សាយ និង បណ្ដុះបណ្ដាល ក្រសួងទេសចរណ៍ បានស្នើដល់ប្រតិបត្តិករទេសចរណ៍ និងអ្នកលក់ដូរតាមដងផ្លូវ ដូចតទៅ៖
– រៀបចំសោភ័ណភាពអាជីវកម្មរបស់ខ្លួន ដោយឆ្លុះបង្ហាញពីលក្ខណៈវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ។
– ចូលរួមរក្សានូវសណ្តាប់ធ្នាប់ យកចិត្តទុកដាក់ខ្ពស់លើអនាម័យម្ហូបអាហារដែលដាក់លក់ដូរជាប្រចាំ ក៏ដូចជាសម្រាប់ព្រឹត្តិការណ៍ SEA Games 2023 និង ASEAN Para Games 2023 នេះ។
– មានដាក់តាំងបញ្ជីរាយនាមសេវាកម្មជា ០៣ភាសា រួមមាន ភាសាខ្មែរ ភាសាអង់គ្លេស និងភាសាទីបីណាមួយ និងស្របតាមខ្លឹមសារប្រកាស លេខ ០៥២ ប្រក. ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ របស់ក្រសួងទេសចរណ៍។
– ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មទេសចរណ៍ មិនត្រូវតម្លើងថ្លៃសេវាកម្មរបស់ខ្លួន ឬដោយពុំមានហេតុផលច្បាស់លាស់។
– និងចូលរួមអនុវត្តតាមសារាចរណែនាំលេខ ០០៥ ស្ដីពីការពង្រឹងគុណសេវាកម្មទេសចរណ៍ បដិសណ្ឋារកិច្ចល្អ ដើម្បីអបអរការរៀបចំព្រឹត្តិការណ៍កីទ្បាអាស៊ីអាគ្នេយ៍លើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) នៅព្រះរាជាណាចក្រកម្ពុជា។
ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍ ក៏បានចែកជូនអាវក្រណាត់សម្រាប់ពាក់ការពារនិងរក្សាអនាម័យពេលចម្អិនម្ហូបដល់អ្នកលក់ដូរតាមដងផ្លូវដែលបានចូលរួមវគ្គបណ្តុះបណ្តាល និងជូនទៅមន្ទីរទេសចរណ៍ សម្រាប់ចែកជូនបន្ដ ចំនួន ២៥០ អាវក្នុងមួយគោលដៅ។