Close

លោក Park Hang-seo គឺជាបេក្ខភាពនាំមុខ សម្រាប់ដឹកនាំក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ជំនួសលោក Shin Tae-yong

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០២៣ កីឡា
លោក Park Hang-seo គឺជាបេក្ខភាពនាំមុខ សម្រាប់ដឹកនាំក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ជំនួសលោក Shin Tae-yong លោក Park Hang-seo គឺជាបេក្ខភាពនាំមុខ សម្រាប់ដឹកនាំក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ជំនួសលោក Shin Tae-yong

កាសែតកីឡាក្នុងស្រុកដ៏ល្បីរបស់ឥណ្ឌូនេស៊ី Bola បានចង្អុលបង្ហាញបេក្ខភាពចំនួនបីរូប ដើម្បីជំនួសគ្រូបង្វឹក Shin Tae-yong ក្នុងក្រុមឥណ្ឌូនេស៊ី ក្នុងនោះមានអតីតគ្រូបង្វឹកជម្រើសជាតិវៀតណាម លោក Park Hang-seo ដែលធ្លាប់ទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងអំឡុងពេលដឹកនាំ ៥ឆ្នាំ នៅប្រទេសវៀតណាម។

មែនទែនទៅ កិច្ចសន្យារវាងសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) និងគ្រូបង្វឹកលោក Shin Tae-yong នឹងបញ្ចប់នៅខែធ្នូ ឆ្នាំ ២០២៣នេះហើយ តែទោះជាយ៉ាងណាក៏ដោយ ថ្មីៗនេះ គ្រូបង្វឹកសញ្ជាតិកូរ៉េរូបនេះ បានបញ្ជាក់ប្រាប់សារព័ត៌មានកូរ៉េថា កិច្ចសន្យារបស់លោក នឹងមានរហូតដល់ចុងបញ្ចប់នៃព្រឹត្តិការណ៍ Asian Cup ២០២៣ ដែលនឹងចាប់ផ្ដើមពីថ្ងៃទី ១២ មករា ដល់ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៤។

លោក Shin Tae-yong បាននិយាយយ៉ាងដូច្នេះថា៖“ការចរចារវាងខ្ញុំ និងប្រធាន PSSI បានបញ្ចប់ទៅដោយរលូន។ ខ្ញុំនឹងបន្តការងាររបស់ខ្ញុំរហូតដល់ Asian Cup ហើយនឹងត្រូវបំពេញភារកិច្ចរបស់ខ្ញុំ”។

បើតាមប្រព័ន្ធផ្សព្វផ្សាយឥណ្ឌូនេស៊ី បាននិយាយថា ទំនងជាលោក Shin នឹងចាកចេញ ហើយកាសែត Bola ក៏បានចង្អុលបង្ហាញបេក្ខភាព៣រូបមកជំនួសលោក Shin Tae-yong ដោយមានចំណុចរួមថា ពួកគេសុទ្ធតែមានចំណេះដឹងក្នុងវិស័យបាល់ទាត់អាស៊ីអាគ្នេយ៍។ គួរកត់សម្គាល់ថា ក្នុងចំណោមអ្នកទាំងនោះ មានអតីតគ្រូបង្វឹកក្រុមវៀតណាម គឺលោក Park Hang-seo។

ការសែតនេះ បានគូសបញ្ជាក់ថា “មិនមានចម្ងល់អំពីសមត្ថភាពរបស់លោក Park Hang-seo នៅអាស៊ីអាគ្នេយ៍ទេ។ អស់រយៈពេលជាង ៥ ឆ្នាំហើយ ដែលគាត់បានជួយវៀតណាម ឱ្យក្លាយជាក្រុមបាល់ទាត់លេខ ១ នៅអាស៊ីអាគ្នេយ៍ សូម្បីតែនៅអាស៊ីក៏ដោយ។ ពានរង្វាន់ជាច្រើនដូចជា ជើងឯក AFF Cup, ជើងឯករងអាស៊ី U23, ជើងឯកស៊ីហ្គេម ចំនួន២ និងទទួលបានលេខ៤ ក្នុង្ការប្រកួតជើងឯក ASIAD។ កន្លងមក វៀតណាម ក្រោមការដឹកនាំរបស់ Park Hang-seo តែងតែបង្កភាពភ័យខ្លាចដល់ក្រុមឥណ្ឌូនេស៊ី ដែលដឹកនាំដោយ Shin Tae-yong”។

ជាមួយមួយគ្នានេះដែរ បេក្ខភាពពីររូបទៀត ដែល Bola លើកឡើងគឺគ្រូបង្វឹក Nishino ជនជាតិជប៉ុន ដែលអត់ការងារធ្វើ បន្ទាប់ពីចែកផ្លូវជាមួយក្រុមថៃ ក្នុងឆ្នាំ ២០២១ និងគ្រូបង្វឹក Luis Milla Aspas ជនជាតិអេស្ប៉ាញ ដែលធ្លាប់ជាអតីតគ្រូបង្វឹក U23 ឥណ្ឌូណេស៊ី ក្នុងឆ្នាំ ២០១៨៕

អត្ថបទទាក់ទង