រដ្ឋមន្ត្រីកសិកម្ម ណែនាំឲ្យសហគមន៍កសិកម្មរៀបចំផែនការដាំដុះច្បាស់លាស់ ដើម្បីធានាការផ្គត់ផ្គង់ តាមតម្រូវការទីផ្សារ
![រដ្ឋមន្ត្រីកសិកម្ម ណែនាំឲ្យសហគមន៍កសិកម្មរៀបចំផែនការដាំដុះច្បាស់លាស់ ដើម្បីធានាការផ្គត់ផ្គង់ តាមតម្រូវការទីផ្សារ](https://ennasia.com/wp-content/uploads/2023/05/1Update-File-Thumbnail-For-Webside-final-1-11.gif)
(ព្រះវិហារ)៖ ដោយមើលឃើញពីសក្កានុពលនៃវិស័យកសិកម្មសេរីរាងក្នុងខេត្តព្រះវិហារ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំដល់សហគមន៍ឲ្យមានការធ្វើផែនការច្បាស់លាស់ក្នុងការចិញ្ចឹម និងដាំដុះរបស់កសិករជាសមាជិក ដើម្បីធានាការផ្គត់ផ្គង់តាមតម្រូវការទីផ្សារ ដោយធ្វើយ៉ាងណា«ចំណាយតិច ចំណេញច្រើន»។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មកាលពីថ្ងៃទី ២៤ឧសភា ថ្មីៗនេះ បានអញ្ជើញធ្វើទស្សនកិច្ចសហគមន៍កសិកម្មមួយ ព្រមទាំងបានជួបសំណេះសំណាលជាមួយសមាជិក របស់សហគមន៍។ ដំណើរទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្ត្រីនេះ ធ្វើឡើងក្នុងគោលបំណង រៀបចំខេត្តព្រះវិហារឱ្យទៅជាខេត្តផលិតស្រូវសរីរាង្គ ដែលមានតម្លៃទីផ្សារខ្ពស់ និងងាយប្រកួតប្រជែងទីផ្សារ។
មួយវិញទៀត ឯកឧត្តមរដ្ឋមន្ត្រីក៏បានជំរុញឲ្យសហគមន៍លើកជាផែនការ និងថវិកា ផ្អែកលើតម្រូវការរបស់កសិករ ដើម្បីឱ្យការរៀបចំអនុវត្តត្រូវតាមគោលការណ៍ ជាពិសេសគឺ ត្រូវពិនិត្យលទ្ធភាពគ្រប់គ្រង និងប្រើប្រាស់ទឹកឱ្យមានប្រសិទ្ធភាពសម្រាប់វិស័យកសិកម្ម។
បើតាមឯកឧត្តមរដ្ឋមន្ត្រី ក្រសួងនឹងជួយសហគមន៍កសិកម្មលើការងារទីផ្សារឱ្យកាន់តែប្រសើរតាមរយៈការពង្រឹងការធ្វើកសិកម្មតាមកិច្ចសន្យា និងការផ្តល់បច្ចេកទេសកសិកម្ម។ ជាក់ស្ដែង ក្នុងឳកាសទស្សនៈកិច្ចនេះ ក្រសួងកសិកម្មក៏នឹងចែកពូជស្រូវ និងចន្ទី ដល់សមាជិកសហគមន៍រមទមសាមគ្គីមានជ័យផងដែរ។
ក្រៅពីនេះ ឯកឧត្តមក៏ជំរុញឲ្យមានការរៀបចំសហគមន៍កសិកម្ម ដែលមានការគ្រប់គ្រង និងកំណត់ទីផ្សារច្បាស់លាស់ជូនកសិករ ដោយមានអ្នកទទួលបន្ទុកប្រចាំខេត្តនេះស្រាប់ដើម្បីជួយកសិករលើការងារបច្ចេកទេស និងបញ្ហាផ្សេងៗ សំដៅធ្វើយ៉ាងណាកែទម្រង់ដើម្បីឱ្យកសិកម្មមានប្រសិទ្ធភាព។
គួរបញ្ជាក់ថា សហគមន៍កសិកម្មរមទមសាមគ្គីមានជ័យស្ថិតនៅក្នុងឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។ សហគមន៍នេះមានសមាជិកចំនួន 335គ្រួសារ ស្មើ5360ហ៊ុន មកពីភូមិទាំង6 ក្នុងឃុំរមទម។ កន្លងមកមុខរបរសំខាន់ៗរបស់សហគមន៍មានដូចជា៖ អនុវត្តកសិកម្មតាមកិច្ចសន្យាលក់ស្រូវសរីរាង្គ សេវាកម្មឥណទាន លក់សំភារៈកសិកម្ម សេវាកម្មបោកស្រូវជាដើម៕