ហុងគ្រី ចង់ឲ្យមានកិច្ចព្រមព្រៀងអាមេរិកនិងរុស្ស៊ី ដើម្បីដោះស្រាយបញ្ហាជម្លោះនៅអ៊ុយក្រែន
បរទេស ៖ នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban កាលពីថ្ងៃអង្គារម្សិលមិញនេះបានធ្វើការលើកឡើងថា កិច្ចព្រមព្រៀងមួយរវាងសហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ី គឺជាដំណោះស្រាយតែមួយគត់ដែលអាចនាំឲ្យទៅដល់ការបញ្ចប់ជម្លោះនៅអ៊ុយក្រែន។
ថ្លែងទៅកាន់កម្មវិធីវេទិកាសេដ្ឋកិច្ចកាតានាទីក្រុងដូហា លោក Orban ក៏នៅតែបន្តធ្វើការរិះគន់និងចោទប្រកាន់ចំៗទៅលើមេដឹកនាំរបស់អឺរ៉ុបមួយចំនួនថាកំពុងបម្រើឲ្យគោលជំហរបស់អាមេរិកជាជាងគោលជំហរបស់ប្លុកអឺរ៉ុបទាំងមូលពោលគឺតាមរយៈការផ្គត់ផ្គង់ប្រាក់ និងអាវុធយ៉ាងច្រើនទៅឲ្យប្រទេសអ៊ុយក្រែន។
លោកនាយករដ្ឋមន្ត្រីរូបនេះក៏បានរិះគន់ដែរថា ប្រទេសអ៊ុយក្រែននឹងមិនអាចយកឈ្នះសង្គ្រាមប្រឆាំង នឹងប្រទេសរុស្ស៊ីហើយអំពាវនាវឲ្យអ៊ុយក្រែន និងសម្ព័ន្ធមិត្តលោកខាងលិចដែលគាំទ្រអ៊ុយក្រែនគួរតែទទួលយកនូវកិច្ចពិភាក្សាដើម្បីសន្តិភាពជាមួយនឹងរុស្សីតាមឆាប់បំផុតដែលអាចធ្វើទៅបាន។
លោកបានបន្តថា៖ កិច្ចព្រមព្រៀងសន្តិភាពតែមួយគត់ដែលអាចបិទជម្លោះទាំងមូលនេះគឺវាស្ថិតនៅលើរុស្ស៊ី និងសហរដ្ឋអាមេរិក។ អ្វីដែលជាប់គាំងនៅពេលនេះគឺជាសញ្ញាបង្ហាញសន្តិសុខអឺរ៉ុបនាពេលអនាគត។ ច្បាស់ណាស់ថា បើគ្មានអាមេរិក គ្មានស្ថាបត្យកម្មសន្តិសុខសម្រាប់អឺរ៉ុបទេ ហើយឥឡូវនេះ សង្រ្គាមអាចត្រូវបញ្ឈប់បាន លុះត្រាតែរុស្ស៊ីអាចធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិកបាន។
លោក Orban ក៏តែងតែបានលើកឡើងផងដែរជុំវិញបញ្ហាជម្លោះនេះដោយរិះគន់ជាពិសេសផ្តោតទៅលើគោលនយោបាយភ្លោះរបស់លោកខាងលិចចំពោះភាគីជម្លោះដែលក្នុងនោះគឺបន្តផ្គត់ផ្គង់យោធាឲ្យអ៊ុយក្រែនខណៈដែលទណ្ឌកម្មគឺបន្តដាក់ទៅលើប្រទេសរុស្ស៊ី។
គួរឲ្យដឹងដែរថា ប្រទេសហុងគ្រីកន្លងមកគឺតែងតែបានប្រកាន់ជំហរអព្យាក្រឹតចំពោះអរិភាពដែលកំពុងកើតមានរវាងរុស្ស៊ី និងអ៊ុយក្រែន ដោយបដិសេធមិនព្រមផ្តល់ជំនួយយោធាដល់ក្រុងគៀវ ឬសូម្បីតែអនុញ្ញាតឱ្យដឹកជញ្ជូនទំនិញយោធាឆ្លងកាត់ទឹកដីរបស់ខ្លួននោះដែរ៕