បាល់ទាត់អេស្ប៉ាញចាប់ផ្ដើមប្រេះឆា ដោយសារការរើសអើងលើ Vinicius Jr ធ្វើឲ្យប្រធាន FIFA ចេញមុខអន្តរាគមន៍
ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក ហៅកាត់ថា FIFA លោក Gianni Infantino ថ្មីៗនេះ បានបញ្ជាក់ពីជំហររបស់ខ្លួន ចំពោះឧប្បត្តិហេតុដែលខ្សែប្រយុទ្ធក្រុមអធិរាជស Real Madrid កីឡាករ Vinicius Junior ត្រូវបានទទួលរងនូវការរើសអើងជាតិសាសន៍ដ៏អាក្រក់នៅ La Liga។
ជាការពិតណាស់ បាល់ទាត់អេស្បាញ នាពេលបច្ចុប្បន្ននេះកាន់តែក្តៅគគុក ដោយសារតែឧប្បត្តិហេតុដែលខ្សែប្រយុទ្ធ Vinicius Junior ត្រូវបានអ្នកគាំទ្រ Valencia រើសអើង ហើយថែមទាំងត្រូវបានបណ្តេញចេញពីទីលាននៅចុងបញ្ចប់នៃការប្រកួត។ បន្ទាប់មកកីឡាកររូបនេះ បានរិះគន់អាជ្ញាកណ្តាល និង La Liga BTC ដោយខឹងសម្បារ ចំពោះការព្រងើយកន្តើយចំពោះទង្វើរើសអើងមកកាន់កីឡាករ។
អ្វីៗកាន់តែតានតឹងឡើង នៅពេលដែលប្រធាន La Liga លោក Javier Tebas បែរជាស្តីបន្ទោស Vinicius Junior ដែលជាជនរងគ្រោះទៅវិញ។ ទង្វីនេះហើយបានធ្វើឱ្យមតិសាធារណៈបាល់ទាត់ក្នុងប្រទេសអេស្បាញ ក៏ដូចជាក្នុងពិភពលោក កាន់តែខឹងសម្បារ។
ទោះជាយ៉ាងណាក៏ដោយ មិនមែនគ្រប់គ្នាសុទ្ធតែដូចលោក Tebas នោះទេ មានកីឡាករជាច្រើន រួមទាំងអតីតកីឡាករមកពីគ្រប់ទិសទីនៅទ្វីបអឺរ៉ុប បង្ហាញការគាំទ្រ ចំពោះ Vinicius ។ ក្នុងនោះក៏មាន លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF)ផងដែរ ដោយនិយាយថា៖«ខ្ញុំបានសុំឱ្យ Vinicius មិនអើពើនឹងអាកប្បកិរិយាមិនទទួលខុសត្រូវរបស់ លោក Javier Tebas។ អ្នកគ្រប់គ្រង មិនមែននៅទីនេះ ដើម្បីនិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមទេ។ Vinicius មានសិទ្ធិធំជាងយើងគិតទៅទៀត ហើយគោលដៅរបស់យើងគឺជួយកីឡាករឲ្យលែងមានអារម្មណ៍ថា មានការរើសអើងជាតិសាសន៍»។
ហេតុការណ៍ដ៏ក្តៅគគុកនេះ បានទៅដល់ត្រចៀករបស់ប្រធាន FIFA លោក Gianni Infantino យ៉ាងឆាប់រហ័ស ហើយនៅរសៀលថ្ងៃទី ២២ ឧសភា ប្រធានស្ថាប័នគ្រប់គ្រងកំពូលនៃបាល់ទាត់ពិភពលោក បានធ្វើសេចក្តីថ្លែងការណ៍ថ្កោលទោសរាល់ទង្វើនៃការរើសអើងជាតិសាសន៍ ហើយទន្ទឹមនឹងនោះ ក៏មានពាក្យលើកទឹកចិត្តដល់ Vinicius Junior ផងដែរ។
លោកបានបញ្ជាក់ថា ៖ «ខ្ញុំចង់បង្ហាញពីសាមគ្គីភាពរបស់ខ្ញុំ ចំពោះ Vinicius ។ មិនមានកន្លែង សម្រាប់ការរើសអើងជាតិសាសន៍ទាំងក្នុងបាល់ទាត់ ឬក្នុងសង្គមទេ ហើយ FIFA គឺនៅខាងកីឡាករទាំងស្រុងក្នុងករណីនេះ»។
លើសពីនេះទៀត លោក Infantino ក៏បានរិះគន់ BTC របស់ La Liga ក៏ដូចជាការដឹកនាំរបស់ Valencia ចំពោះការមិនដោះស្រាយឧប្បត្តិហេតុ ដែលទាក់ទងនឹង Vinicius ឱ្យបានល្អ។
ប្រធាន FIFA បានចេញសេចក្ដីថ្លែងការណ៍នៅរសៀលថ្ងៃទី២២ ឧសភា ថា “លីកមានច្បាប់ផ្ទាល់ខ្លួន សម្រាប់ដោះស្រាយករណីបែបនេះ។ ដំបូងពួកគេត្រូវបញ្ឈប់ការប្រកួត។ បន្ទាប់មកអ្នកលេងត្រូវចាកចេញពីទីលាន ហើយប្រសិនបើអាកប្បកិរិយាប្រកាន់ពូជសាសន៍នៅតែបន្ត នោះការប្រកួត ត្រូវបង្ខំឱ្យពន្យារពេល។ នៅពេលដែលហ្គេមត្រូវបានចាប់ផ្តើមឡើងវិញ ហើយសកម្មភាពខាងលើនៅតែបន្តនោះ ការប្រកួតត្រូវតែបញ្ឈប់ ហើយក្រុមដែលមានអ្នកគាំទ្រប្រកាន់ពូជសាសន៍ ត្រូវតែឲ្យពិន្ទុទៅកាន់ក្រុមមួយទៀត”។
ជាមួយគ្នានេះ ក្លឹប Real Madrid បានប្រកាសថា ខ្លួននឹងចូលរួមក្នុងការប្រយុទ្ធតាមផ្លូវច្បាប់ ដើម្បីការពារ Vinicius Jr ដល់ទីបញ្ចប់។ បន្ទាប់មក ប្រធាន Florentino Perez ក៏បានជួបជាមួយកីឡាករជាលក្ខណៈឯកជន ដើម្បីធានា និងលើកទឹកចិត្ត។ បច្ចុប្បន្នសមត្ថកិច្ច កំពុងស្រាវជ្រាវរកជនបង្កមកផ្តន្ទាទោសតាមច្បាប់ ៕