សហគមន៍កសិកម្មក្នុងខេត្តព្រះវិហារចំនួន ១៤ បានទទួលពូជស្រូវផ្ការំដួលសម្រាប់ដាំដុះចំនួន ៥៩តោន
(ព្រះវិហារ)៖ តាមរយៈក្រុមហ៊ុន AMRU Rice Cambodia Co.,Ltd សហគមន៍កសិកម្មស្ថិតនៅក្នុងខេត្តព្រះវិហារចំនួន ១៤ ទទួលបានពូជស្រូវផ្ការំដួលចំនួន ៥៩តោន សម្រាប់ដាំដុះ។ ពូជស្រូវនេះ ជាពូជសុទ្ធល្អ និងអាចផ្ដល់នូវទិន្នផលខ្ពស់ សម្រាប់ការដាំដុះក្នុងរដូវវស្សានាឆ្នាំនេះ។
ស្របតាមកិច្ចសន្យាដែលបានចុះជាមួយសហគមន៍កសិកម្មកន្លងមក រាល់ទិន្នផលដែលទទួលបាន ក្រុមហ៊ុន AMRU Rice Cambodia នឹងប្រមូលទិញវិញទាំងអស់។
យ៉ាងណាមិញ ក្រសួងកសិកម្មកំពុងតែខិតខំជំរុញការអនុវត្តកិច្ចសន្យាកសិកម្មរវាងក្រុមហ៊ុនកិនកែច្នៃអង្ករ និងសហគមន៍កសិកម្មផលិតស្រូវ ដោយការជំរុញផលិតកម្មស្រូវជាមួយការប្រើប្រាស់ពូជសុទ្ធល្អ។ នេះបើតាមការលើកឡើងរបស់លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ជាមួយគ្នានេះ ការរៀបចំកិច្ចសន្យាកសិកម្ម គឺជាគោលនយោបាយរដ្ឋាភិបាល ដើម្បីជំរុញផលិតកម្មស្រូវអង្ករប្រកបដោយគុណភាព និងដោះស្រាយបញ្ហាទីផ្សារ និងតម្លៃស្រូវ ព្រមទាំងជំរុញការអនុវត្តគោលនយោបាយនាំចេញអង្ករ ក្នុងបរិមាណ១លានតោនក្នុង១ឆ្នាំ។
ជាក់ស្ដែង សម្ដេចតេជោ ហ៊ុន សែន កាលពីព្រឹកថ្ងៃទី ១៥ ខែឧសភាកន្លងទៅថ្មីៗនេះ បានជំរុញដល់ក្រសួងកសិកម្មឲ្យខិតខំធ្វើការងារបន្ថែមទៀតលើការផ្ដល់បច្ចេកទេស និងដាក់ពង្រាយមន្ត្រីជំនាញឲ្យចុះទៅបង្រៀនកសិករនៅតាមភូមិឃុំស្រុកទូទាំងប្រទេស។ ក្នុងនោះផងដែរ សម្ដេចជំរុញឲ្យក្រសួងយកចិត្ត ទុកដាក់ក្នុងការផ្ដល់ពូជស្រូវថ្មីៗ ដែលអាចផ្ដល់ទិន្នផលខ្ពស់ និងមិនទាមទារពេលវេលាដាំដុះយូរ។
សម្ដេចបានគូសបញ្ជាក់បន្តដែរថា៖ «ក្រៅតែពីចំនួនមនុស្សដែលនឹងត្រូវបញ្ចូនចុះទៅគ្រប់ឃុំ យើងក៏នៅមានអ្នកបច្ចេកទេសដែលត្រូវចុះទៅបង្រៀនកសិកររបស់យើង ទៅលើបញ្ហាទាក់ទិននឹងបច្ចេកទេសថ្មីៗ ការដាំដុះ ការប្រើប្រាស់ពូជ ក៏ដូចជាការចិញ្ចឹមសត្វ ចិញ្ចឹមត្រី ការការពារជំងឺ សត្វជាដើម…ដែលខ្ញុំគិតថា យន្ដការនៅក្នុងក្រសួងកសិកម្មនេះវាមានហើយ តែវាមិនទាន់គ្រប់គ្រាន់ទេ ប៉ុន្តែយើងអាចបន្ថែមនូវបែបបទ ធ្វើអន្តរាគមន៍ ចំណុចខ្លះក៏យើងត្រូវបង្កើតជំរុញនូវគំនិតផ្ដួចផ្ដើមដែរ។”
គួរបញ្ជាក់ថា អស់រយៈពេល៨ឆ្នាំកន្លងមកហើយ ដែលក្រុមហ៊ុន AMRU Rice បានប្រមូលទិញស្រូវដោយចុះកិច្ចសន្យាផ្ទាល់ជាមួយសហគមន៏កសិកម្ម និងសហភាពសហគមន៏កសិកម្ម រួចកែច្នៃរជាម្ហូបអាហារ និងអង្ករ ដឹកជញ្ជូននាំចេញទៅកាន់ទីផ្សារក្នុងប្រទេសនិងក្រៅប្រទេសជាច្រើន។
រហូតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនខាងលើបានចុះកុងត្រាជាមួយដៃគូសហការចំនួន ៦០ ព្រមទាំងបង្កើតការងារដល់គ្រួសារកសិករប្រមាណជា ១០០០០គ្រួសារផងដែរ៕