Close

ថៃ ប្រកាសទីកន្លែងចំនួន៣ ត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣៣

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣ កីឡា
ថៃ ប្រកាសទីកន្លែងចំនួន៣ ត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣៣ ថៃ ប្រកាសទីកន្លែងចំនួន៣ ត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣៣

គណៈកម្មាធិការអូឡាំពិកថៃ បានប្រកាសពីការត្រៀមខ្លួននៃផែនការរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ ក្នុងនោះ ទីក្រុងបាងកក ឈុនបុរី និងខេត្តសុងក្លា ត្រូវបានជ្រើសរើសជាកន្លែង សម្រាប់រៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី ៣៣ នៅឆ្នាំ ២០២៥។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត Nation Thailand របស់ថៃ។

អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោកស្រី Traisuree Taisaranakul បាននិយាយថា៖« បាងកក ឈុនបុរី និងសុងក្លា ត្រូវបានជ្រើសរើសជាខេត្តធ្វើជាម្ចាស់ផ្ទះនៃស៊ីហ្គេម ដែលគ្រោងធ្វើនៅថ្ងៃទី ៩-២០ ខែធ្នូ ឆ្នាំ ២០២៥។ ជាមួយគ្នានេះ នគររាជសីមា ត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ានប៉ារ៉ាហ្គេម ដែលគ្រោងធ្វើឡើងនៅថ្ងៃទី ២០-២៦ ខែមករា ឆ្នាំ២០២៦»។

លោកស្រីបានពន្យល់ថា ការជ្រើសរើសខេត្តម្ចាស់ផ្ទះនេះគឺផ្អែកលើលក្ខណៈវិនិច្ឆ័យដូចជា កីឡដ្ឋាន កន្លែងស្នាក់នៅ អាហារ មន្ទីរពេទ្យ ការដឹកជញ្ជូន ទីផ្សារ បុគ្គលិក សេវាសាធារណៈ បច្ចេកវិទ្យាព័ត៌មាន ថវិកា និងការចូលរួមពីសាធារណៈជន។

ជាមួយគ្នានេះ លោក Chaiyapak Siriwat អនុប្រធានគណៈកម្មាធិការអូឡាំពិកអាស៊ីអាគ្នេយ៍ បានវាយតម្លៃខ្ពស់ចំពោះការរៀបចំរបស់ប្រទេសថៃ សម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣។

លោក Chaiyapak Siriwat ក៏បានលើកឡើងដែរថា៖« ប្រទេសម្ចាស់ផ្ទះកម្ពុជា សម្រេចបានគ្រប់គោលដៅដែលបានកំណត់ក្នុងការរៀបចំការប្រកួតកីឡាស៊ីហ្គេម ប្រកបដោយជោគជ័យ។ យើងសូមកោតសរសើរយ៉ាងខ្លាំង ចំពោះការងាររៀបចំរបស់ប្រទេសម្ចាស់ផ្ទះកម្ពុជា។ នាពេលខាងមុខនេះ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ នឹងធ្វើឡើងនៅប្រទេសថៃ ហើយប្រទេសម្ចាស់ផ្ទះ បានប្រកាសជាផ្លូវការណ៦នូវទីកន្លែងប្រកួត។
ជាមួយនឹងបទពិសោធន៍ និងវិជ្ជាជីវៈ ខ្ញុំមានទំនុកចិត្តថា ស៊ីហ្គេម ៣៣ នឹងបន្តជោគជ័យនៅថ្ងៃនេះ ដើម្បីរក្សាចំណងមិត្តភាពអាស៊ាន»។

កន្លងមកសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ បានយល់ព្រមលើទីតាំងប្រកួតកីឡាស៊ីហ្គេមនាពេលអនាគតរួចហើយ។ ក្រៅពីប្រទេសថៃ ដែលនឹងក្លាយជាប្រទេសម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣៣ នៅឆ្នាំ២០២៥ ប្រទេសម្ចាស់ផ្ទះស៊ីហ្គេមលើកទី ៣៤ ៣៥ និង៣៦ ក៏ត្រូវបានកំណត់ផងដែរ។ ប្រទេសទាំងនោះគឺ ម៉ាឡេស៊ី សិង្ហបុរី និងឡាវ។ សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ក៏បានសម្រេចចិត្តផងដែរ ដោយចាប់ផ្តើមពីស៊ីហ្គេមលើកទី៣៣ មានតែការប្រកួតកីឡាអូឡាំពិក និងអាស៊ីហ្គេមប៉ុណ្ណោះ ដែលត្រូវដាក់បញ្ចូលក្នុងស្ថាប័ន។

គួររម្លឹកថា ប្រទេសថៃ ធ្លាប់ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ចំនួន ៦លើកមកហើយ ពោលគឺនៅឆ្នាំ ១៩៥៩, ១៩៦៧, ១៩៧៥, ១៩៨៥, ១៩៩៥ និង ២០០៧ ហើយក៏ជាប្រទេសដែលបានធ្វើម្ចាស់ផ្ទះស៊ីហ្គេម ច្រើនជាងគេផងដែរ។

ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២៣ នៅកម្ពុជា ដែលទើបបានបញ្ចប់ថ្មីៗនេះ  វៀតណាម បានឈ្នះមេដាយមាសច្រើនជាងគេ (១៣៦) តាមពីក្រោយដោយថៃ (១០៨) ឥណ្ឌូនេស៊ី (៨៦) និងកម្ពុជា (៨១)៕

អត្ថបទទាក់ទង