សម្តេចតេជោ ហ៊ុន សែន អរគុណចំពោះរដ្ឋាភិបាលចិន ដែលបានជួយកសាងពហុកីឡដ្ឋានមរតកតេជោ សម្រាប់រៀបចំព្រឹត្តិការណ៍ស៊ីហ្គេម
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល ចិន និងប្រជាជនចិន ដែលបានផ្តល់អំណោយនូវពហុកីឡដ្ឋានមរតកតេជោ ដែលកម្ពុជាបានប្រើប្រាស់សម្រាប់រៀបចំព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ ក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីក្នុងពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាផ្លូវការណ៍ នាយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២៣ នៅ ពហុកីឡដ្ឋានជាតិមរតកតេជោ។
សម្តេចតេជោ បានមានប្រសាសន៍យ៉ាងដូច្នេះថា៖«ខ្ញុំក៏សូមយកឱកាសនេះ អរគុណចំពោះរដ្ឋាភិបាល ប្រជាជនចិន ជាពិសេស ឯកឧត្តម ប្រធានាធិបតីចិន ស៊ីជីងភីង ដែលបានជួយកសាងពហុកីឡដ្ឋាននៅទីនេះ សម្រាប់ការប្រើប្រាស់ពិធីបើក ពិធីបិទ ការប្រកួត និងការប្រើប្រាស់តកូនតចៅទៅថ្ងៃក្រោយ»។
គួរបញ្ជាក់ថា ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយរបស់មិត្តចិន ត្រូវបានសាងសងនៅខែសីហា ឆ្នាំ២០១៧ ដោយចំណាយថវិកាសរុបប្រមាណ ១៦០លានដុល្លារអាមេរិក។ វាត្រូវបានសាងសង់លើផ្ទៃដីទំហំជាង ៨៥ហិកតា ដែលមានទីតាំងស្ថិតនៅតំបន់អភិវឌ្ឍន៍របស់ លោកឧកញ៉ា លី យ៉ុងផាត់ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានចម្ងាយ ១២គីឡូម៉ែត្រពីវត្តភ្នំ។ ពហុកីឡដ្ឋាននេះ ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការណ៍នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ដែលអាចផ្ទុកអ្នកទស្សនាបានរហូតដល់ ៦ ម៉ឺននាក់។
សំណង់ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានសាងសង់ជា ៣ ដំណាក់កាល ដោយមានរចនាសម្ព័ន្ធកីឡាសំខាន់ៗដូចជា មណ្ឌលកីឡាក្នុងសាលមណ្ឌលកីឡាហែលទឹក សាលហាត់កីឡាប្រយុទ្ធ អគារស្នាក់នៅ អាហារដ្ឋាន ទីលានហ្វឹកហាត់ក្រៅអគារ សាលវេជ្ជសាស្ត្រ វិទ្យាសាស្ត្រកីឡា សាលហាត់សាច់ដុំ សាលកាយសម្ព័ន្ធ សាលកីឡាបាញ់កាំភ្លើង មជ្ឈមណ្ឌលកីឡាហុកគី និងសាលកីឡាប្រពៃណីទៀតផង៕