Close

គម្រោងសាងសង់អគារច្រកអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ផ្លូវជាតិលេខ៥សម្រេចបានជាង៨៥%

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០២៣ សង្គម
គម្រោងសាងសង់អគារច្រកអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ផ្លូវជាតិលេខ៥សម្រេចបានជាង៨៥% គម្រោងសាងសង់អគារច្រកអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ផ្លូវជាតិលេខ៥សម្រេចបានជាង៨៥%

គិតត្រឹមពាក់កណ្ដាលខែឧសភា ឆ្នាំ២០២៣ នេះ គម្រោងសាងសង់អគារច្រកអន្តរជាតិ កម្ពុជា-ថៃ ស្ទឹងបត់ រួមជាមួយផ្លូវថ្មីមួយខ្សែតភ្ជាប់មកកាន់ផ្លូវជាតិលេខ៥សម្រេចបានវឌ្ឍនភាពការងារប្រមាណ ៨៥.០៤%ហើយ។

ឯកឧត្តម នូ វឌ្ឍន: អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគម្រោងសាងសង់អគារច្រកអន្តរជាតិស្ទឹងបត់-បាណងអៀន នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ម្សិលមិញនេះ បានដឹកនាំក្រុមការងារអញ្ជើញ ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណ:ប្រតិភូស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ចុះពិនិត្យវឌ្ឍនភាពការងារគម្រោងសាងសង់អគារច្រកអន្តរជាតិស្ទឹងបត់ និងខ្សែផ្លូវតភ្ជាប់ទៅកាន់ផ្លូវជាតិ លេខ៥ ដឹកនាំដោយឯកឧត្តមUENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីមន្ត្រីនគរបាលអន្តោប្រវេសន៍ច្រក ក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងភាគីពាក់ព័ន្ឋផងដែរ។

ដំណើរទស្សនកិច្ចនេះមានគោលបំណងស្វែងយល់នូវការចែករំលែកព័ត៌មានគម្រោង វឌ្ឍនភាពគម្រោង និងការចុះពិនិត្យផ្ទាល់ដល់ទីតាំងគោលដៅមួយចំនួនដូចជា៖ អគារច្រកត្រួតពិនិត្យ (Terminal Building) ប៉ុស្តិ៍ត្រួតពិនិត្យចេញ-ចូល (Arrival & Departure Booth Check) និងទីតាំងស្ពានមិត្តភាព កម្ពុជា-ថៃផងដែរ។

សូមជម្រាបជូនថា៖ គម្រោងនេះមានគោលបំណងបង្កើនទំហំពាណិជ្ជកម្ម និងជួយសម្រួលដល់កិច្ច សហប្រតិបត្តិការរវាងប្រទេសទាំងពីរ តាមរយៈការសាងសង់អគាររដ្ឋបាលច្រកអន្តរជាតិស្ទឹងបត់-បាណងអៀន។ គម្រោងសាងសង់ច្រកអន្តរជាតិស្ទឹងបត់ និងខ្សែផ្លូវតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៥ បានដំណើរការសាងសង់ចាប់តាំងពីដើមខែឧសភា ឆ្នាំ២០២០ ហើយគិតត្រឹមថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣នេះ គម្រោងនេះសម្រេចវឌ្ឍនភាពការងារបាន៨៥,០៤%ហើយ៕

អត្ថបទទាក់ទង