អណ្ដើកហ្លួង ៖ ពូជអណ្ដើកដ៏កម្រដែលមាននៅក្នុងប្រទេសចំនួន៣លើពិភពលោក
(កោះកុង)៖ អណ្តើកហ្លួង ឬអណ្តើកសរសៃ គឺជាប្រភេទឧរង្គសត្វ ដែលត្រូវបានចាត់ទុកជានិមិត្តរូបតំណាងឱ្យសត្វប្រចាំប្រទេសកម្ពុជា តាមរយៈនៃការទទួលស្គាល់ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៣០៥/ ១៤៩ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥។ ការដាក់បញ្ចូលអណ្តើកហ្លួងជាសត្វនិមិត្តរូបតំណាងឱ្យជាតិកម្ពុជាដោយសារតែអណ្តើកហ្លួង ជាប្រភេទសត្វដ៏កម្រ ជាសត្វប្រឈមនឹងផុតពូជ និងដើម្បីបង្ហាញពីមរតកធម្មជាតិដ៏មានតម្លៃ និងលើកតម្កើងនូវមោទកភាពជាតិផងដែរ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងបរិស្ថាន។
តាមរបាយការណ៍របស់មជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង បានឱ្យដឹងថានៅខែឧសភា ឆ្នាំ២០២៣ មានកូនអណ្ដើកហ្លួងចំនួន ១២២ក្បាល បានញាស់ចេញ បើប្រៀបធៀបទៅនឹងរដូវពងកូន ឆ្នាំ២០២២ គឺញាស់បាន៣៥ក្បាល ក្នុងចំណោម៨១ពង នៃ៩សម្បុក និងឆ្នាំ ២០២១ គឺញាស់បានតែមួយក្បាលគត់ក្នុងចំណោមពងប្រាំសម្បុកដែលមាន ៧១ពង ហើយនេះគឺជាលើកទី៣ហើយ ដែលអណ្ដើកហ្លួងចិញ្ចឹមក្នុងមជ្ឈមណ្ឌលនេះបានពងកូន។
យ៉ាងណាមិញ ការនេសាទខុសច្បាប់ ការបាត់បង់ទីជម្រក ការធ្វើអាជីវកម្មខ្សាច់ និងការកាប់បំផ្លាញព្រៃលិចទឹកនៅតាមប្រព័ន្ធព្រែកស្រែអំបិលនៅក្នុងខេត្តកោះកុង និងខេត្តព្រះសីហនុបានធ្វើឱ្យប៉ះពាល់ដល់ទីជម្រក និងការបង្កកំណើតរបស់សត្វអណ្តើកប្រភេទនេះ ដែលគេរកឃើញថាមានវត្តមានតែនៅក្នុងប្រព័ន្ធព្រែកស្រែអំបិល ស្ថិតនៅខេត្ត កោះកុង និងខេត្តព្រះសីហនុក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ។ ដូច្នេះហើយបានជាក្រសួងបរិស្ថាន យកចិត្តទុកដាក់ក្នុងការការពារប្រភេទអណ្ដើកដ៏កម្រនេះឲ្យគង់វង្ស តាមរយៈវិធីជាច្រើន ក្នុងនោះក៏មានផងដែរនូវការធ្វើយុទ្ធនាការអន្ទាក់សូន្យ។
ក្នុងឱកាសដឹកនាំក្រុមអ្នកសារព័ត៌មានចុះធ្វើទស្សនកិច្ច នៅលើឆ្នេរខ្សាច់សិប្បនិមិ្មត ក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានរំលឹកឡើងពីវត្តមានរបស់សត្វអណ្តើកហ្លួង ដែលពីដើមឡើយ ត្រូវបានគេជឿថាបានបាត់ចេញពីប្រទេសកម្ពុជាទៅហើយ ប៉ុន្តែនៅឆ្នាំ២០០០ អណ្តើកហ្លួងត្រូវបានរកឃើញឡើងវិញ រហូតត្រូវបានអ្នកជំនាញយកអណ្តើកហ្លួងនេះដើម្បីបង្កាត់ និងលែងទៅក្នុងព្រែកធម្មជាតិវិញ។
ដើម្បីបន្តថែរក្សាការពារពពួកសត្វកម្រនេះ ឯកឧត្តមបានអំពាវនាវជាថ្មីដល់ប្រជាពលរដ្ឋ ជាពិសេស អ្នកដែលប្រកបរបរនេសាទឲ្យមានការចូលរួមការពារ ដោយហេតុថាសត្វអណ្តើកហ្លួងនេះមានតម្លៃខ្លាំងណាស់។ មានតម្លៃព្រោះ នៅលើពិភពលោកគឺមានប្រទេសតែ៣ប៉ុណ្ណោះដែលមានអណ្ដើកហ្លួងរស់នៅ គឺប្រទេសកម្ពុជា ប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាឡេស៊ី។
ទាក់ទិននឹងចំណុចនេះ ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថា៖ បើយើងពឹងតែទៅលើការកើនឡើងក្នុងធម្មជាតិ វានឹងប្រឈមមុខខ្ពស់ដោយសារតែកត្តាផ្សេងៗដូចជា ការបរបាញ់ការដាក់អន្ទាក់ និងការបាត់បង់ជម្រកផ្សេងៗ អញ្ចឹងវាងាយនឹងធ្វើឱ្យបាត់បង់។ ជាក់ស្ដែង ដូចជាករណីស្ដារសត្វខ្លាធំក្នុងប្រទេសកម្ពុជាឡើងវិញ ដែលបានបាត់វត្តមានចេញពីប្រទេសកម្ពុជាតាំងតែពីឆ្នាំ ២០០៧មក។
ស្រដៀងគ្នានេះ លោក ខន ផុន ជាអ្នកសម្របសម្រួលគម្រោងអណ្តើកហ្លួង និងក្រពើត្រីប្រចាំនៅខេត្តកោះកុងនៃអង្គការ WCSបានឱ្យដឹងថា៖ «ការបង្កាត់ពូជអណ្តើកហ្លួងបានទទួលជោគជ័យពីព្រោះថាក្នុងឆ្នាំនេះគឺជាឆ្នាំទី៣ហើយ ដោយក្នុងនេះការថែរក្សាអណ្តើកហ្លូងពីមួយឆ្នាំទៅមួយឆ្នាំកាន់តែល្អប្រសើរ ដោយក្នុងឆ្នាំទី១ យើងបានសំបុក ៧១ តែយើងបានតែកូន១ទេ សម្រាប់ឆ្នាំទី២យើងបានសំបុក ៨០ ហើយបានកូនរហូតដល់៣៥និងឆ្នាំទី៣នេះ យើងបានសំបុកជាង ២៧០ហើយយើងបានកូនអណ្តើកហ្លួងរហូតដល់១២២កូន។ អញ្ចឹងឆ្នាំខាងមុខទៀតសង្ឃឹមថា យើងបានយ៉ាងហោចណាស់ ២០០ កូន»៕