ចិញ្ចឹមដង្កូវនាងយកសូត្រ៖ របរប្រពៃណី ដែលកូនខ្មែរគួរចូលរួមថែរក្សាកុំឲ្យបាត់បង់
ការចិញ្ចឹមដង្កូវនាង ដើម្បីយកសូត្ររាប់ទុកថាជារបរប្រពៃណីមួយដែលប្រជាជនខ្មែរជំនាន់មុននិយមធ្វើ។ រហូតមកដល់ពេលនេះ អ្នកដែលនៅបន្តធ្វើរបរនេះ គឺច្រើនតែមានចំណេះដឹងផ្ទេរចេញពីឪពុក ម្ដាយ ឬយាយតាមក។
បច្ចុប្បន្ន គេកម្រនឹងឃើញមានអ្នកដែលមានចិត្តចង់ផ្ដើមចាប់ប្រកបរបរនេះដោយខ្លួនឯងណាស់ នោះក៏ដោយសារតែដំណើរការនៃការផលិតអំបោះសូត្រគឺមានភាពស្មុគស្មាញ និងទាមទារទាំងការយល់ ដឹង និងបទពិសោធន៍ជ្រៅជ្រះ ហើយដោយសារតែភាពស្មុគស្មាញនៃការផលិតសសៃសូត្រនេះ ទើបសមិទ្ធផលសូត្រខ្មែរមួយផ្ទាំងៗត្រូវលក់ក្នុងតម្លៃថ្លៃ។ តម្លៃថ្លៃ ក៏បានន័យថាអតិថិជនលុះត្រាតែជាអ្នកដែលយល់ និងឲ្យតម្លៃចំពោះស្នាដៃ និងការផ្ចិតផ្ចង់របស់អ្នកតម្បាញ។
ដោយសារតែលំហូរចូលមកនៃសូត្រពីប្រទេសក្រៅ ដែលមិនមែនផលិតចេញពីដង្កូវនាងផង បានធ្វើឲ្យទីផ្សារសូត្រខ្មែរក៏កាន់តែរួមតូច។ ប៉ុន្តែបើទោះជាយ៉ាងនេះក៏ដោយ របរមួយនេះនៅតែជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរអន្តរជាតិ ម្លោះហើយបានជាវាគួរត្រូវទទួលបានការថែរក្សា។
យ៉ាងណាមិញ ដើម្បីអាចទទួលបានសូត្រមួយផ្ទាំង គេត្រូវឆ្លងកាត់នូវដំណាក់កាលជាច្រើនដូចជា៖ គេត្រូវបង្កាត់ពូជមេអំបៅ រួចទុកវារយៈពេល ១២ម៉ោងទើបផ្ដាច់ឈ្មោលចេញ ទុកឲ្យមេអំបៅញីពង។ ពងនោះ ត្រូវបានគេហៅថាជាទងដង្កូវ ដែលត្រូវការពេល ៨ ថ្ងៃដើម្បីញាស់។
ពេលញាស់ហើយ គេត្រូវបេះស្លឹកមន ហែកជាចំណែកតូចៗទុកឲ្យកូនដង្កូវទាំងនោះស៊ីមួយថ្ងៃ៣ពេល និងដូរចង្អេរដែលដង្កូវរស់នៅពីលើម្ដងក្នុងរយៈពេល២ ទៅ៣ថ្ងៃ។ រហូតដល់ដង្កូវមានអាយុបានជាង មួយខែ (ចាប់ផ្ដើមប្រែជាពណ៍មាស) ទើបគេអាចយកវាទៅដាក់លើមែកឈើដើម្បីឲ្យវាធ្វើសំបុក។
ក្រោយពេលដែលទទួលបានសំបុកនៅលើមែកឈើហើយ គេត្រូវប្រមូលយកសំបុកទាំងនោះទៅហាលថ្ងៃឲ្យស្ងួត ដើម្បីឲ្យងាប់កូនដង្កូវដែលនៅក្នុងនោះ ទើបអាចយកទៅស្ងោរបាន។ ដំណាក់កាលស្ងោរនេះ ក៏ជាដំណាក់កាលដែលគេចាប់ផ្ដើមដកហូតយកសសៃសូត្រ ក្នុងទម្រង់ជាអំបោះល្អិតឆ្មារ រួចយកទៅលាងជាមួយទឹកក្បុង និងសម្អាតជាមួយទឹកនោះឲ្យស្អាត ហើយយកទៅហាលថ្ងៃម្ដងទៀត។ បន្ទាប់ពីនោះ គេនឹងយកសសៃអំបោះដែលស្ងួតហើយទៅហូតចូលបំពង់ ដើម្បីអាចយកទៅអន្ទងឡើងកីបាន។ ក្រោយពីនេះទៅ គេនឹងទទួលបានក្រណាត់សូត្រ(វត្ថុធាតុដើម)មួយផ្ទាំងដែលអាចយកទៅកែច្នៃជាផលិតផលផ្សេងៗ ទៀត ដូចជាហូល ផាមួង ក្រមា កាបូបជាដើម។
អ្នកស្រី ម៉ន សារឿត ម្ចាស់សិប្បកម្ម Khmer Golden Silk ដែលច្នៃសូត្រមាសខ្មែរទៅជាផលិផលសម្រេចផ្សេងៗទៀតបានឲ្យដឹងថា វត្ថុធាតុដើម (សូត្រ) ដែលផលិតបានពីដង្កូវនាងនេះអាចប្រើប្រាស់បានច្រើនណាស់ ដោយគេគ្រាន់តែបន្ថែមម៉ូត ឬជ្រលក់ថ្នាំតែប៉ុណ្ណោះ ប៉ុន្តែអ្វីដែលជាលក្ខណៈពិសេស នៃសូត្រខ្មែរ បើធៀបទៅនឹងប្រទេសផ្សេងគឺ សូត្រយើងមានពណ៍មាសដែលចេញមកដោយធម្មជាតិពី ដង្កូវនាងតែម្ដង។
ត្រង់ចំណុចនេះ អ្នកស្រីចង់បានន័យថា សូត្រខ្មែរមានភាពស្រស់ស្អាតតាំងពីនៅជាវត្ថុធាតុដើមម្លេះ រីឯគុណភាពវិញក៏ល្អផងដែរ ដោយហេតុថាវាបានឆ្លងកាត់ការសម្រិតសម្រាំងយ៉ាងឌិតដល់។
ប្រកបរបរចិញ្ចឹមដង្កូវនាង ដើម្បីផលិតជាសូត្រនេះ ជាចំណេះដឹងដ៏មានតម្លៃដែលអ្នកស្រីទទួលបាន តមកពីម្ដាយ ហើយដែលអ្នកស្រីព្យាយាមលើកស្ទួយរបរនេះឡើងវិញ តាមរយៈជំនួយពីប្រព័ន្ធអនឡាញ ផង និងតាមរយៈការចូលរួមជាសមាជិកក្នុងចលនាភូមិមួយផលិតផលមួយផង។
បើទោះជាយ៉ាងណាក៏ដោយ អ្នកស្រីក៏ជួបនូវផលវិបាកមួយចំនូនផងដែរ ទៅការថមថយចុះនៃអតិថិជន ជាពិសេសក្រោយពេលជំងឺកូវីដ១៩។ តាមរយៈទិដ្ឋភាពនេះ អ្នកស្រីបានសំណូមពរឲ្យប្រជាពលរដ្ឋចូលរួមគាំទ្រផលិតផលខ្មែរ បើទោះជាវាមានតម្លៃខ្ពស់បន្តិច ប៉ុន្តែវាក៏ពិបាកក្នុងការផលិតផងដែរ៕