រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លើកទឹកចិត្ត និងកោតសរសើរអ្នកសារព័ត៌មានដែលខិតខំផ្សព្វផ្សាយពីព្រឹត្តិការណ៍ស៊ីហ្គេម
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តមបណ្ឌិត ថោង ខុន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ បានលើកទឹកចិត្ត និងកោតសរសើរ ចំពោះការខិតខំប្រឺងប្រែងរបស់អ្នកសារព័ត៌មានក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ។
ឯកឧត្តមបណ្ឌិត ថោង ខុន បានគូសបញ្ជាក់បែបនេះនៅក្នុងពិធីសំណេះសំណាលជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម នាល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
ឯកឧត្តមបានថ្លែងយ៉ាងដូច្នេះថា ៖ «រាជរដ្ឋាភិបាលបានខិតខំធ្វើឱ្យការប្រកួតកីឡាស៊ីហ្គេមប្រព្រឹត្តិទៅដោយរលូន និងត្រឹមត្រូវតាមស្ដង់ដារស៊ីហ្គេម ស្តង់ដារតំបន់ និងស្ដង់ដារអូឡាំពិក។ ការណ៍នេះ កម្ពុជា ទទួលបានការកោតសរសើរពីមិត្តភក្តិបរទេសថា ព្រឹត្តិការណ៍កីឡានៅកម្ពុជា ឈរលើស្មារតីសាមគ្គីភាព មិត្តភាព និងភាពស្មោះត្រង់ ស្របទៅនឹងការឃោសនារបស់យើងគឺ កីឡាមិនមែនត្រឹមតែការប្រកួតយកមេដាយប៉ុណ្ណោះទេ»។
ឯកឧត្តមបណ្ឌិត បានបន្តថា ៖ «អ្វីៗទាំងអស់ដែលបានឮរន្ទឺសុសសាយទាំងអស់នេះ មិនអាចកាត់ផ្ដាច់បានចេញពីការខិតខំ ការធ្វើការឃោសនា ការយកព័ត៌មានរបស់អ្នកយកព័ត៌មាន និងអ្នកផ្សព្សផ្សាយបានទេ ហើយមិនអាចមើលរំលង មិនអាចកាត់ផ្ដាច់ពីការខិតខំប្រឹងប្រែងរបស់គណៈកម្មការព័ត៌មានបាននោះទេ បើគ្មានការផ្សព្វផ្សាយ ទោះបីយើងធ្វើល្អប៉ុណ្ណា ក៏គ្មាននរណាដឹងដែរ នេះជាបញ្ហាជាក់ស្ដែងដែលខ្ញុំសូមកោតសរសើរ និងសូមអរគុណអ្នកទាំងអស់គ្នា»។
គួររម្លឹកថា គិតត្រឹមថ្ងៃចន្ទនេះ នៅសល់ត្រឹមតែពីរថ្ងៃទៀតប៉ុណ្ណោះ ពោលគឺនៅថ្ងៃទី១៧ខែឧសភា ឆ្នាំ២០២៣នេះ ការប្រកួតកីឡាស៊ីហ្គេម នឹងបិទបញ្ចប់ជាផ្លូវការណ៍ហើយ៕