វីរការិនី ស៊ន សៀវម៉ី ដណ្ដើមបានមេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២៣ និងជាមេដាយមាសទី៤ របស់ខ្លួននៅស៊ីហ្គេម
កាលពីល្ងាចថ្ងៃទី១៤ ខែឧសភា ម្សិលមិញនេះ វិរកីឡាការិនី ស៊ន សៀវម៉ី ដណ្តើមបានមេដាយមាសតេក្វាន់ដូ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្រោយប្រកួតយកឈ្នះកីឡាការិនីឡាវ Sonesavnh Sirimanotham នៅវគ្គផ្ដាច់ព្រ័ត្រ។
ជ័យជម្នះរបស់កីឡាការិនី ស៊ន សៀវម៉ី បានធ្វើឲ្យប្រជាជនកម្ពុជាមានមោទកភាពចំពោះនាងជាថ្មីម្ដងទៀត ខណៈនេះជាមេដាយមាសទី៤ហើយ ដែលកីឡាការិនីគ្រាប់ពេជ្ររបស់កម្ពុជារូបនេះ ដណ្តើមបានក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេមនេះ។
បន្ទាប់ពីដណ្តើមបានមេដាយភ្លាម គេសង្កេតឃើញថា មហាជនមានការសាទរយ៉ាងខ្លាំង ចំពោះវីរៈកីឡាការិនីរូបនេះ មិនតែប៉ុណ្ណោះក្នុងនោះនាងក៏រំភើបរហូតស្រក់ទឹកភ្នែកផងដែរ ពេលឡើងទទួលមេដាយមាស។ អ្វីកាន់តែពិសេសទៀតនោះ នៅពេលដែលនាងឈ្នះភ្លាម នាងបានបីកូនស្រីលើទីលានដោយក្ដីរំភើបយ៉ាងក្រៃលេង។
យ៉ាងណាបន្ទាប់ពីការដណ្តើមបានមេដាយមាសនេះ លោកជំទាវ ស៊ន សៀវម៉ី បានបង្ហោះសារមួយនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់នាងថា៖«ទីបំផុតនាងខ្ញុំធ្វើបានហើយ។ អរគុណលោកគ្រូ ក្រុមគ្រួសារទាំងមូល និងពុកម៉ែបងប្អូនទាំងអស់គ្នា សម្រាប់ការលើកទឹកចិត្ត និងការគាំទ្រដ៏ធំធេងមួយនេះ»។
គួរបញ្ជាក់ថា នេះគឺជាមេដាយមាសទី៤ហើយ ដែលវីរកីឡាការិនី ស៊ន សៀវមី ដណ្ដើមបានជូនជាតិកម្ពុជា នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ ដោយធ្លាប់ឈ្នះក្នុងឆ្នាំ ២០១៣,២០១៧,២០១៩ និងឆ្នាំ២០២៣ នេះតែម្ដង៕