កញ្ចប់យោធាច្រើនបំផុត និងចុងក្រោយដោយអាល្លឺម៉ង់សម្រាប់អ៊ុយក្រែនមានទំហំជាង ៣០០០លានដុល្លារ
បរទេស៖ កាលពីចុងសប្តាហ៍កន្លងមកនេះរដ្ឋាភិបាលក្រុងប៊ែរឡាំងបានប្រកាសផ្តល់ជំនួយយោធាថ្មីដែលមានទំហំជាង៣ពាន់លានដុល្លារសម្រាប់កងកម្លាំងយោធានៃរដ្ឋាភិបាលក្រុងគៀវ។
កញ្ចប់ជំនួយយោធាចុងក្រោយនេះត្រូវបានគេមើលឃើញដែរថា គឺជាជំនួយយោធាដែលមានទំហំធំបំផុតមិនធ្លាប់មានពីសំណាក់ប្រទេសអាល្លឺម៉ង់គិតចាប់តាំងតែពីប្រតិបត្តិការពិសេសដោយយោធារុស្ស៊ីមកលើប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២។
នៅក្នុងកញ្ចប់ជំនួយមួយនេះត្រូវបានគេមើលឃើញថារួមមានទាំងរថក្រោះ Leopard ចំនួន៣០គ្រឿង រថយន្តយោធាប្រភេទ Marder ចំនួន២០គ្រឿងរថយន្តប្រយុទ្ធប្រមាណជា១០០គ្រឿងប្រព័ន្ធបាញ់មីស៊ីលការពារអាកាស Howitzer ចំនួន១៨គ្រឿង និងដ្រូន២០០គ្រឿងព្រមទាំងប្រព័ន្ធការពារអាកាស IRIS0T SLM ចំនួន៤គ្រឿងផងដែរ។
រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន លោក Boris Pistorius បានថ្លែងថា វាគឺជាអំណោយដ៏ធំធេងសម្រាប់អ៊ុយក្រែន ហើយក៏បានបង្ហាញផងដែរអំពីភាពច្បាស់លាស់របស់អាល្លឺម៉ង់នៅក្នុងការគាំទ្រអ៊ុយក្រែន ហើយជឿជាក់ថា អាល្លឺម៉ង់នឹងបន្តផ្តល់ជំនួយដល់អ៊ុយក្រែនរហូតដល់នាទីចុងក្រោយ។
គួរឲ្យដឹងដែរថា ការសម្រេចចិត្តរបស់ក្រុងប៊ែរឡាំងនេះធ្វើងឡើងខណៈដែលប្រធានាធិបតីអ៊ុយក្រែន Zelensky ត្រៀមនឹងបំពេញទស្សនកិច្ចមកកាន់ប្រទេសអាល្លឺម៉ង់ជាលើកដំបូងនាពេលខាងមុខឆាប់ៗនេះ។
កាលពីខែតុលាកន្លងមកអាល្លឺម៉ង់ធ្លាប់បានប្រកាសអាសន្នចំពោះស្តុកឃ្លាំងគ្រាប់រំសេវរបស់ខ្លួនដោយសារតែមានចំនួនអាចប្រើប្រាស់ក្នុងប្រតិបត្តិការតែរយៈពេល២ថ្ងៃប៉ុណ្ណោះខណៈដែលសមាជិកផ្សេងទៀតអាចមាននៅក្នុងស្តុកដល់៣០ថ្ងៃ៕