Close

អង់គ្លេសអះអាងអំពីការផ្គត់ផ្គង់មីស៊ីលចំងាយឆ្ងាយទៅឲ្យប្រទេសអ៊ុយក្រែន

ដោយ៖ Volak ENN ​​ | ថ្ងៃអាទិត្យ ទី១៤ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
អង់គ្លេសអះអាងអំពីការផ្គត់ផ្គង់មីស៊ីលចំងាយឆ្ងាយទៅឲ្យប្រទេសអ៊ុយក្រែន អង់គ្លេសអះអាងអំពីការផ្គត់ផ្គង់មីស៊ីលចំងាយឆ្ងាយទៅឲ្យប្រទេសអ៊ុយក្រែន

បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេសលោក Ben Wallace កាលពីថ្ងៃម្សិលមិញនេះបានធ្វើការអះអាងបញ្ជាក់ថារដ្ឋាភិបាលក្រុងឡុងកំពុងធ្វើការបញ្ជូនមីស៊ីលចំងាយឆ្ងាយ Cruise Missiles ជាច្រើនគ្រាប់ទៅកាន់ប្រទេសអ៊ុយក្រែន។

យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ CNN ដែលធ្លាប់បានរាយការណ៍កាលពីពេលកន្លងមកថាអាវុធមួយចំនួនគឺបានធ្វើដំណើរទៅដល់ដៃនៃកងកម្លាំងយោធាអ៊ុយក្រែនរួចរាល់ហើយ។

លោករដ្ឋមន្ត្រី Wallace ក៏បានជូនដំណឹងទៅដល់សភារួចរាល់ហើយផងដែរអំពីការផ្ទេរសព្វាវុធកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះដោយអះអាងថា វាគឺជាការឆ្លើយតបដោយស្មើភាពបំផុតចំពោះស្ថានភាពនៅអ៊ុយក្រែន។

លោកបានពន្យល់ដែរថា មីស៊ីលនេះថាមានសមត្ថភាពវាយប្រហារដ៏ជាក់លាក់ក្នុងរយៈចម្ងាយឆ្ងាយប៉ុន្តែបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតអំពីការផ្គត់ផ្គង់ចុងក្រោយបំផុតពីសំណាក់លោកខាងលិចទៅឲ្យរដ្ឋាភិបាលក្រុងគៀវនោះទេ ។

លោកបានបន្តទៀតថា៖ ការប្រើប្រាស់មីស៊ីលថ្មីទាំងនេះនឹងអាចអនុញ្ញាតឲ្យអ៊ុយក្រែនធ្វើការរុញច្រានកងកម្លាំងយោធារុស្ស៊ីដែលកំពុងកាន់កាប់ទឹកដីរបស់អ៊ុយក្រែនបាន ហើយមីស៊ីលទាំងនោះមានសមត្ថភាពមិនដូចទៅនឹងកម្រិតមីស៊ីលដែលរុស្ស៊ីកំពុងប្រើប្រាស់នៅក្នុងប្រទេសរុស្ស៊ីនោះឡើយ។

គួរឲ្យដឹងដែរថា រដ្ឋាភិបាលទីក្រុងគៀវធ្លាប់បានស្នើសុំលោកខាងលិចជាយូរមកហើយដើម្បីផ្គត់ផ្គង់អាវុធវាយប្រហារចំងាយឆ្ងាយបែបនេះ ប៉ុន្តែសំណើទាំងឡាយតែងតែត្រូវបានបដិសេធដោយសារបារម្ភថា អ៊ុយក្រែននឹងអាចវាយប្រហារចូលជ្រៅទៅក្នុងប្រទេសរុស្ស៊ីពេកដែលជាកត្តារុញឲ្យជម្លោះនៅអ៊ុយក្រែនកាន់តែអូសបន្លាយ និងស្មុគ្រស្មាញឡើង ប៉ុន្តែអ៊ុយក្រែនតែងតែបានសន្យាថានឹងមិនប្រើប្រាស់វាដើម្បីបេសកកម្មបែបនេះឡើយ៕

អត្ថបទទាក់ទង