Close

បន្ថែមពីការលក់កាហ្វេ យុវជនម្នាក់រៀនជំនាញកែច្នៃចំណីអាហារ ជួយរកទីផ្សារជូនកសិករ​នៅក្នុងតំបន់

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០២៣ សង្គម
បន្ថែមពីការលក់កាហ្វេ យុវជនម្នាក់រៀនជំនាញកែច្នៃចំណីអាហារ ជួយរកទីផ្សារជូនកសិករ​នៅក្នុងតំបន់ បន្ថែមពីការលក់កាហ្វេ យុវជនម្នាក់រៀនជំនាញកែច្នៃចំណីអាហារ ជួយរកទីផ្សារជូនកសិករ​នៅក្នុងតំបន់

ចាប់ផ្ដើមក្នុងឆ្នាំ ២០១៦ យុវជនម្នាក់រស់នៅក្នុងខេត្តបាត់ដំបងបានបើកតូបលក់កាហ្វេតាមដងផ្លូវ ដោយប្រើប្រាស់កាហ្វេស្រាប់ៗពីប្រទេសថៃ។ ការលក់នៅពេលនោះគឺមានលក្ខណៈតូចតាច និងទូទៅ ដូចតែអាជីវកម្មលក់កាហ្វេផ្សេងៗដែរ។

រំលងបានមួយឆ្នាំ យុវជនដដែលនេះបានចាប់ផ្ដើមសាកល្បងរៀនលីងកាហ្វេ ព្រមទាំងច្នៃម៉ាស៊ីនដោយ ខ្លួនឯង ដោយទិញគ្រាប់កាហ្វេពីឈ្មួញកណ្ដាលនៅក្នុងស្រុកវិញ។ ការលក់ដូរគឺប្រព្រឹត្តិទៅដោយរលូន ដោយផ្ដោតសំខាន់លើរសជាតិដើម ហើយជានិច្ចជាកាលក៏មានលក់បន្ថែមនូវនំចំណីផង ដោយសាររូប ខ្លួនមានម្ដាយជាអ្នកធ្វើនំលក់ស្រាប់។

នំ ចំណី និងភេសជ្ជៈទាំងនោះរួមមាន នំស្នូល ដំឡូង ល្ពៅ ត្រាវ និងមួយចំនួនទៀត​ទិញយក​ពីកសិករខ្មែរ។ ក្រៅពីនោះក៏មាន ទឹកត្រលាច ទឹកបន្ទាលកន្ទុយក្រពើ និងស្រាបៀដែល ច្នៃចេញពីកសិផលខ្មែរផង។

ដោយសម្បូរនូវគំនិតច្នៃប្រឌិតលើផ្នែកម្ហូបអាហារនេះ លោក អ៊ាង សាំងឡេង ដែលបច្ចុប្បន្នជា​ស្ថាបនិក Family Craft and Roastery បានចាប់រៀនជំនាញកែច្នៃអាហារបន្ថែមទៀតនៅក្នុង សកលវិទ្យាល័យជាតិបាត់ដំបង។

ស្របពេលដែលលោកជាមនុស្សចង់ចេះ ចង់ដឹងស្រាប់ផង នៅក្នុងអំឡុងពេលនៃការសិក្សានោះ លោកក៏បានបង្កើតជាស្រា ចេញពីខ្ញី។ ដោយការផលិតទទួលបានជោគជ័យ និងមានការទទួល ស្គាល់ពីសំណាក់គ្រូបង្គោលផង លោក អ៊ាង សាំងឡេង ក៏ចាប់ផ្ដើមផលិតស្រាខ្ញីសម្រាប់លក់នៅ ក្នុងហាងកាហ្វេរបស់ខ្លួនតែម្ដង។

លោក អ៊ាង សាំងឡេង រៀបរាប់ថា៖ «ឥឡូវនេះ ស្រាខ្ចីខ្ញុំលក់ជាប្រចាំតែម្តង ដែលយើងផលិតម្តងពី ៣០-៥០ដបដើម្បីលក់ ពេលអស់យើងក៏ផលិតថែម…ហើយបច្ចុប្បន្នខ្ញុំក៏កំពុងកែច្នៃស្របៀ Brandywine ដែលនៅស្រុកគេគឺគេប្រើទំពាំងបាយជូរ តែដោយសារវា​មាន​តម្លៃថ្លៃ ខ្ញុំប្រើផ្លែចេកជំនួសវិញ»។


ដោយឡែក ដោយមានការចាប់អារម្មណ៍ច្រើនទៅលើស្រាខ្ញី រូបលោកក៏មានគម្រោងចង់ពង្រីកការ​ផលិតបន្ថែមទៀត។ ហើយក្រៅតែពីខ្ញី និងចេកនេះទៅ លោកនឹងព្យាយាមរកនូវកសិផលផ្សេងៗទៀត ដែលអាចយកទៅកែច្នៃចេញជាស្រាបាន និងថែមទាំងអាចជួយប្រជាកសិករនៅក្នុងតំបន់របស់លោក ទៀតផង។

រីឯផលិតកម្មផលិតស្រារបស់លោកវិញ ក៏លោកព្យាយាមធ្វើឲ្យត្រូវតាមស្តង់ដារអនាម័យ ប្រើប្រាស់​ការវេចខ្ចប់ដែលអាចរក្សាទុកបានយូរ ធ្វើយ៉ាងណាមិនឲ្យមានបញ្ហារាគរូសដល់អ្នកបរិភោគ​ព្រមទាំងព្យាយាមលើកស្ទួយស្លាកសញ្ញាក្នុងស្រុកផងដែរ៕



អត្ថបទទាក់ទង