Close

ប្រធានមន្ទីរកសិកម្មកំពង់ធំ៖ យើងមានសក្កានុពលដាំដុះរួចហើយ ជំរុញតែរោងចក្រកែច្នៃបន្ថែម កម្ពុជានឹងអាចក្លាយជាអធិរាជនាំចេញស្វាយចន្ទី

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ប្រធានមន្ទីរកសិកម្មកំពង់ធំ៖ យើងមានសក្កានុពលដាំដុះរួចហើយ ជំរុញតែរោងចក្រកែច្នៃបន្ថែម កម្ពុជានឹងអាចក្លាយជាអធិរាជនាំចេញស្វាយចន្ទី ប្រធានមន្ទីរកសិកម្មកំពង់ធំ៖ យើងមានសក្កានុពលដាំដុះរួចហើយ ជំរុញតែរោងចក្រកែច្នៃបន្ថែម កម្ពុជានឹងអាចក្លាយជាអធិរាជនាំចេញស្វាយចន្ទី

(កំពង់ធំ)៖ ផ្អែកទៅតាមប្រសាសន៍សម្ដេចនាយករដ្ឋមន្ត្រីកាលពីពេលកន្លងទៅ សម្ដេចចង់ឲ្យ ប្រទេសកម្ពុជាក្លាយជាអធិរាជនាំចេញស្វាយចន្ទី។ ការជំរុញរបស់សម្ដេចតេជោកាលពីពេលនោះគឺ ដោយឃើញថាកម្ពុជាមានផ្ទៃដីដាំដុះច្រើនហើយ អ្វីដែលត្រូវការបន្ថែមគឺការកែច្នៃ។

ខេត្តកំពង់ធំឯណោះវិញ គឺជាខេត្តដែលមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីច្រើនជាងគេ បើធៀបជាមួយ ខេត្តផ្សេងៗនៅទូទាំងប្រទេស។ បច្ចុប្បន្ន បើគិតតែផ្ទៃដីដាំដុះក្នុងខេត្តកំពង់ធំតែឯកឯង គឺមាន​ប្រមាណ​ជា ១៥ម៉ឺនហិកតា ដោយរាប់បញ្ចូលទាំងផ្ទៃដីខ្លះដែលកំពុងដាំដុះ និងខ្លះទៀតដែលកំពុង​ប្រមូលផល។

ក្នុងចំណោមផ្ទៃដីដាដុះសរុប ខេត្តកំពង់ធំមានផ្ទៃដីប្រមូលផលប្រមាណជា ១០ម៉ឺនហិកតា ហើយដែលអាចមានលទ្ធភាព​ទទួលបានទិន្នផលជាមធ្យម ១៣ម៉ឺន ទៅ១៥ម៉ឺនតោនក្នុងមួយឆ្នាំ។ នេះបើតាមការរៀបរាប់របស់ លោក ប៉ែន​ វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តកំពង់ធំ។

តាមរយៈផ្ទៃដីដាំដុះស្វាយចន្ទីដ៏ច្រើននេះ លោក ប៉ែន វណ្ណរិទ្ធ បង្ហាញជំនឿជឿជាក់ថា កម្ពុជាអាច ក្លាយជាអធិរាជនាំចេញស្វាយចន្ទី ស្របទៅនឹងអ្វីដែលសម្ដេចបានលើកឡើង។

លោក ប៉ែន វណ្ណរិទ្ធ៖ «ខ្ញុំជឿថាអាចធ្វើបាន ដោយសារតែយើងមានផ្ទៃដី ហើយយើងមាន​សក្កានុពលបានដាំដុះរួចហើយ នៅតែយើងជំរុញរោងចក្រមកដល់ថែមទៀត ហើយរកទីផ្សារនៅ​ខាងក្រៅបានគឺនាំចេញបានហើយ»។

លោកបានបន្តឲ្យដឹងថា បច្ចុប្បន្ននេះ​កសិករដែលដាំដំណាំស្វាយចន្ទីនៅក្នុងខេត្តកំពង់ធំបានប្រមូល​ផលតាមរយៈរូបភាព២ ដែលទី១គឺប្រមូលផលភ្លាម លក់ស្វាយចន្ទីស្រស់ទៅឲ្យឈ្មួញកណ្ដាលភ្លាម និងទី២គឺសម្រាប់ កសិករដែលមានដើមទុនច្រើន ពួកគេនឹងរក្សាទុក សម្ងួតគ្រាប់ស្វាយចន្ទីឲ្យស្ងួត សម្រាប់លក់ចេញនៅ ក្រោយរដូវកាលប្រមូលផល។ ការធ្វើបែបនេះ ថ្វីត្បិតថាយូរប៉ុន្តែ​ពួកគេអាច​លក់ចេញបានក្នុងតម្លៃខ្ពស់ ជាងរដូវកាលប្រមូលផល។ ប៉ុន្តែបើទោះជាយ៉ាងនេះក្ដី ផលិតផលកែច្នៃ នៅតែអាចលក់បានក្នុងតម្លៃខ្ពស់ជាង។

លោកបន្តថា ស្វាយចន្ទីដែលប្រមូលផលមកបានស្ទើរតែទាំងស្រុងទៅហើយដែលនឹងត្រូវនាំចេញ ទៅទីផ្សារក្រៅប្រទេស ក៏ប៉ុន្តែការនាំចេញនោះគឺប្រព្រឹត្តិទៅជាលក្ខណៈវត្ថុធាតុដើម​ពោលគឺ​មិនសូវមានការកែច្នៃសម្រាប់នាំចេញនោះទេ។

ផ្អែកលើមូលហេតុនេះ ក្រសួងជំនាញផ្ទាល់បាន និងកំពុងខិតខំស្វះស្វែងរកអ្នកវិនិយោគពីក្រៅប្រទេស ឲ្យមកដាក់ទីតាំងរោងចក្រកែច្នៃនៅក្នុងប្រទេសកម្ពុជា។ ហើយប្រសិនបើការខិតខំនេះទទួលបានជោគ ជ័យ ប្រជាកសិករខ្មែរនឹងមានទីផ្សារច្រើនជាងមុន ព្រមទាំងអាចលក់បានក្នុងតម្លៃខ្ពស់ផងដែរ។

ប៉ុន្តែយ៉ាងណា សម្រាប់ពេលនេះ ក្នុងនាមជាមន្ទីរជំនាញ លោក ប៉ែន វណ្ណរិទ្ធ បានដឹកនាំក្រុមការងារ ចុះណែនាំ ពន្យល់ដល់កសិករនូវបច្ចេកទេសក្នុងការប្រើប្រាស់ពូជ ការស្វែងរកទីផ្សារ បច្ចេកទេសថ្មីៗ ជាពិសេសគឺការរើសពូជដែលធន់ទៅនឹងការបម្រែបម្រួលអាកាសធាតុ។ លោកជឿថា សកម្មភាពទាំង​នេះនឹងអាចទាក់ទាញវិនិយោគិនឲ្យចូលមក ហើយប្រជាកសិករខ្លួនឯងក៏បានត្រៀមលក្ខណៈរួចរាល់​សម្រាប់ការដាំដុះបែបថ្មី៕

អត្ថបទទាក់ទង