Close

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២៤-២០២៥ ចាប់ផ្តើមហើយនៅថ្ងៃនេះ

ដោយ៖ Chhan Sreyka ​​ | 9 ម៉ោងមុន ព័ត៌មានជាតិ
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២៤-២០២៥ ចាប់ផ្តើមហើយនៅថ្ងៃនេះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២៤-២០២៥ ចាប់ផ្តើមហើយនៅថ្ងៃនេះ

ភ្នំពេញ៖ ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២៤-២០២៥ ថ្ងៃទី១ បានចាប់ផ្តើម ដែលបេក្ខជនបានកំពុងនឹងចាប់ផ្តើមការប្រឡងរបស់ខ្លួនរយ:ពេលពេញ ២ ថ្ងៃ គឺថ្ងៃ២៨ និង២៩ ខែសីហា ឆ្នាំ២០២៥។

ទាក់ទិនឹងការប្រឡងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជូនពរឱ្យបេក្ខជនទាំងអស់ ទទួលបានលទ្ធផលវិជ្ជមាន ជាមួយនឹងសមត្ថភាពពិត “អ្នកចេះគឺជាប់” និងការត្រៀមលក្ខណ:យ៉ាងសកម្មនៃការសិក្សាពេញមួយឆ្នាំកន្លងមក បូករួមនឹងការចាប់ផ្តើមពីកម្រិតថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់ទី១២ ដែលនឹងត្រូវប្រឡងនាពេលនេះ។

ព្រមជាមួយគ្នានេះ សម្តេចក៏បានជូនពរដល់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា, ក្រុមការងារនៃគណ:កម្មាធិការរៀបចំការប្រឡង, អាជ្ញាធររាជធានី-ខេត្ត និងគ្រប់លំដាប់ថ្នាក់, អ្នកសង្កេតការណ៍ប្រឡង និងអ្នកស្ម័គ្រចិត្តទាំងអស់ សូមប្រកបដោយភាពជោគជ័យ និងសម្រេចភារកិច្ចជូនជាតិរបស់យើង ក្នុងការរៀបចំការប្រឡងនេះ ដើម្បីទទួលបានធនធានបន្តវេនយ៉ាងមុតស្រួចសម្រាប់ចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ និងកសាងផលប្រយោជន៍ថ្មីៗបន្ថែមទៀត។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២៤-២០២៥ ចាប់ផ្តើមហើយនៅថ្ងៃនេះ

ក្រសួងអប់រំយុវជននិងកីឡា បានសរសេរលេីបណ្តាញសង្គមថា បេក្ខជនទាំងអស់បាន ចូលក្នុងមណ្ឌលប្រឡងនៅគ្រប់រាជធានី-ខេត្ត ដោយមានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ពីសំណាក់គណៈមេប្រយោគ អាជ្ញាធរមានសមត្ថកិច្ច អង្គភាពប្រឆាំងអំពើពុករលួយ នាព្រឹកថ្ងៃទី១ នៃដំណើរការសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ២៨ សីហា ២០២៥។

បេក្ខជនទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់នូវបទប្បញ្ញត្តិ កម្រិតវិន័យសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ក្រសួងអប់រំ យុវជន និងកីឡាបានអំពាវនាវដល់បេក្ខជនទាំងអស់ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវ សំណៅឯកសារនានា ឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២៤-២០២៥ ចាប់ផ្តើមហើយនៅថ្ងៃនេះ

ក្នុងករណីរកឃើញថាបានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ ។
ចំពោះដំណើរការសំណេរនាព្រឹកនេះ មាន២មុខវិជ្ជា គឺប្រវត្តិវិទ្យា និងជីវវិទ្យាសម្រាប់ថ្នាក់វិទ្យាសាស្ត្រ និង ផែនដី និងបរិស្ថានវិទ្យា ប្រវត្តិវិទ្យាសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម ។

សូមបញ្ជាក់ដែរថា វិញ្ញាសាទាំងអស់ ត្រូវបានជ្រើសរើស តាក់តែង រៀបចំ និងគ្រប់គ្រងដោយក្រសួងអប់រំ យុវជន និងកីឡា ស្របតាមកម្មវិធីសិក្សាមធ្យមសិក្សាទុតិយភូមិ រួមទាំងវិញ្ញាសាមុខវិជ្ជាជម្រើសផងដែរ។ ក្នុងថ្នាក់នីមួយៗ មាន ៧មុខវិជ្ជា និងវិញ្ញាសាជម្រើសដែលក្រសួងបានកំណត់យកមុខវិជ្ជា ប្រវត្តិវិទ្យាសម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងមុខវិជ្ជា ផែនដី និងបរិស្ថានវិទ្យាសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម។ ទម្រង់វិញ្ញាសា ត្រូវបានរៀបចំជាពីរ គឺទម្រង់វិញ្ញាសាចម្លងដាក់លើក្តាខៀន និងទម្រង់វិញ្ញាសាដែលត្រូវចែកជូនបេក្ខជន៕

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២៤-២០២៥ ចាប់ផ្តើមហើយនៅថ្ងៃនេះ