គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គថ្មីមួយទៀតតភ្ជាប់គម្រោងផ្លូវល្នឿនលឿនភ្នំពេញ-បាវិតកំពុងបន្តការសិក្សា
គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ តភ្ជាប់ទៅគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត កំពុងសិក្សាសមិទ្ធិលទ្ធភាពឲ្យគ្រប់ជ្រុងជ្រោយ តាមស្តង់ដារបច្ចេកទេស និងមានលក្ខណៈសមស្របតាមស្ថានភាពបច្ចុប្បន្ននៃប្រទេសកម្ពុជា។
នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូននាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ មន្ត្រីពាក់ព័ន្ធនឹងគម្រោង រួមជាមួយនឹងតំណាងក្រុមហ៊ុន សាជីវកម្មសាងសង់ស្ពាន-ថ្នល់ ចិន (CRBC)បានជួបពិភាក្សាលើគម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ តភ្ជាប់ទៅគម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សាលើរបាយការណ៍ស្តីពីការសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ តភ្ជាប់ទៅគម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ក៏ដូចជាដើម្បីប្រមូលមតិយោបល់ និងធាតុចូលពីអ្នកជំនាញបច្ចេកទេសក្រសួង និងក្រុមហ៊ុនសាជីវកម្ម ស្ពាន-ថ្នល់ចិន (CRBC) សំដៅធ្វើយ៉ាងណាឱ្យរបាយការណ៍នៃការសិក្សានេះ កាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងទទួលយកបានពីភាគីពាក់ព័ន្ធ។
ក្នុងនោះដែរ អង្គប្រជុំបានជជែកពិភាក្សាលម្អិតលើផ្នែកបច្ចេកទេសនីមួយៗ ក្នុងការកែសម្រួល និងបំពេញបន្ថែមនូវតម្រូវការចាំបាច់មួយចំនួន ដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ដង់ដារបច្ចេកទេស និងសមស្របតាមស្ថានភាពបច្ចុប្បន្នសម្រាប់ប្រើប្រាស់ក្នុងព្រះរាជាណាចក្រកម្ពុជា៕