ផលិតផលម្រេចខ្មែរបន្តល្បីរន្ទឺដល់ទីផ្សារក្រៅស្រុក ខណៈក្រសួងពាក់ព័ន្ធខិតខំជំរុញដល់ការនាំចេញបន្ថែមទៀត
(ភ្នំពេញ)៖ ម្រេចខ្មែរ ជាផលិតផលភូមិសាស្ត្ររបស់កម្ពុជា និងជាផលិតផលដែលមានភាពល្បីល្បាញទៅលើរសជាតិ។ ដោយលក្ខណៈពិសេសនៃរសជាតិម្រេចខ្មែរនេះហើយ ដែលជំរុញឲ្យទីផ្សារម្រេចអន្តរជាតិមានភាពទូលំទូលាយច្រើន។
សេលាផិបភើរ (Sela Pepper) គឺជាម៉ាកផលិតផលម្រេចខ្មែរមួយ ដែលមានផ្ទៃដីដាំដុះមូលដ្ឋាន នៅក្នុងខេត្តត្បូងឃ្មុំ។ រហូតមកដល់ពេលនេះ Sela Pepper បានពង្រីកទីផ្សាររបស់ខ្លួនដល់ប្រទេស ជាច្រើននៅលើពិភពលោក។
អ្នកនាង ស៊ឹង សុផា នាយិកាគ្រប់គ្រងនៃក្រុមហ៊ុន សិលាផិបភើរ ខូអិលធីឌី បាបបញ្ជាក់ឲ្យដឹងពី ទីផ្សារបច្ចុប្បន្នរបស់ក្រុមហ៊ុនខ្លួនថា៖ «ផលិតផលសិលា ផេបភើរមានលក់នៅប្រទេសជប៉ុន ៥០០ កន្លែងនិង online platform, ប្រទេសប៉ូឡូញ ក្នុងទីក្រុងវ៉ាសូវី ប្រទេសកូរ៉េ ប្រទេសថៃ ហុងកុង។ យើងក៏នាំចេញទៅ ប្រទេសអាល្លឺម៉ង់ វៀតណាម តៃវ៉ាន់ ជាផលិតផលពាក់កណ្ដាលសម្រេច»។
សម្រាប់ផែនការនាំចេញបន្ទាប់ទៅទៀត នាយិកាក្រុមហ៊ុនរូបនេះបន្តឲ្យដឹងថា ក្រុមហ៊ុនគ្រោងនឹង នាំម្រេចចេញទៅកាន់ប្រទេសចិន កូរ៉េ ជប៉ុន និងអ៊ឺរ៉ុប។ ហើយដើម្បីអាចសម្រេចបាននូវស្តង់ដារ អន្តរជាតិបន្ថែមទៀត ក្រុមហ៊ុន Sela Pepper កំពុងតែយកចិត្តទុកដាក់ជាមួយនឹងកសិករដែលដាំ ដុះ និងផ្គត់ផ្គង់ម្រេច ព្រោះការទទួលបាននូវម្រេចដែលមានគុណភាព ផ្ដើមចេញពីដំណាក់កាលដាំដុះទៅ។
ប៉ុន្តែយ៉ាងណា រហូតមកដល់ពេលនេះក្រុមហ៊ុន Sela Pepper ក៏សម្រេចបាននូវស្តង់ដារមួយចំនួនដូចជា៖ BRC, Sedex (SMETA 4Pillars) ISO22000, ISO140001, ISO9001, OU and Halal និង Organic (EU, USDA & JAS)។ នៅឆ្នាំនេះដែរ នាយិកាគ្រប់គ្រងក្រុមហ៊ុនរូបនេះ ក៏មានគម្រោងបន្តយកស្តង់ដារ Rain Forest Alliance ផងដែរដោយមើលឃើញការព្រួយបារម្ភរបស់សកលលោកអំពីរបញ្ហាបម្រែបម្រួលអាកាសធាតុ។
ដោយឡែក កាលពីថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ ក្រុមអ្នកជំនាញមកពីក្រសួង ពាណិជ្ជកម្ម ក្រសួងកសិកម្ម និងអ្នកពាក់ព័ន្ធផ្សេងទៀត បានជួបប្រជុំពិភាក្សាគ្នាលើការជុំរុញការ នាំចេញឲ្យកាន់តែច្រើនបន្ថេមទៀតនៃផលិតផលម្រេចកម្ពុជា។
ក្នុងនោះលោក ម៉ាក នី ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បានគាំទ្រឱ្យមានការបើកច្រកទីផ្សារម្រេចថ្មីបន្ថែមទៀត ព្រោះការដែលមានទីផ្សារថ្មីៗបន្ថែមទៀត គឺមានសារៈសំខាន់ណាស់ ជាពិសេសគឺអាចឱ្យកម្ពុជានាំចេញម្រេចផ្ទាល់ ដោយមិនចាំបាច់ពឹងផ្អែកលើប្រទេសវៀតណាមតែមួយ។
គួររំលឹកដែរថា កាលពីពាក់កណ្តាលខែមេសានេះ ក្រុមការងារអន្តរក្រសួងក៏ធ្លាប់បានបើកកិច្ចពិភាគ្នារួចមកហើយ ដោយបានពិភាក្សាលើការលើកកម្ពស់គុណភាពម្រេចរបស់កម្ពុជា ការស្នើសុំវិញ្ញាបនបត្រប្រភពដើមទំនិញ និងការបំពញតាមលក្ខខណ្ឌតម្រូវរបស់ប្រទេសនាំចូល រួមបញ្ចូលទាំងវិធានអនាម័យនិងភូតគាមអនាម័យ ដើម្បីជំរុញអភិវឌ្ឍនិងនាំចេញផលិតផលម្រេចរបស់កម្ពុជាជាដើម៕