Close

ឯកឧត្តម ស សុខា៖ ស៊ីហ្គេម ២០២៣ ចំនួនមេដាយរបស់កម្ពុជា នឹងកើនឡើងច្រើនជាង ស៊ីហ្គេម លើកទី៣១ ប្រទេសវៀតណាម

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣ កីឡា
ឯកឧត្តម ស សុខា៖ ស៊ីហ្គេម ២០២៣ ចំនួនមេដាយរបស់កម្ពុជា នឹងកើនឡើងច្រើនជាង ស៊ីហ្គេម លើកទី៣១ ប្រទេសវៀតណាម ឯកឧត្តម ស សុខា៖ ស៊ីហ្គេម ២០២៣ ចំនួនមេដាយរបស់កម្ពុជា នឹងកើនឡើងច្រើនជាង ស៊ីហ្គេម លើកទី៣១ ប្រទេសវៀតណាម

(ភ្នំពេញ)៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ដោយសារកត្តាជាច្រើនក្នុងការត្រៀមខ្លួនប៉ុន្មានឆ្នាំចុងក្រោយនេះ រួមទាំងការចូលរួមប្រកួតលើវិញ្ញាច្រើនផងនោះ ម្ចាស់ផ្ទះស៊ីហ្គេម ២០២៣ នឹងដណ្តើមបានមេដាយច្រើនជាងស៊ីហ្គេម មុនៗជាក់ជាមិនខាន។ នេះបើយោងតាមការចេញផ្សាយរបស់ Cambodia 2023។

ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា៖ «សម្រាប់ការធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣ គឺកម្ពុជាបានត្រៀមអត្តពលិកជាង ១,២០០នាក់ ហើយច្រើនជាងគេ គឺអត្តពលិកថៃ មានរហូតដល់១,៩០០នាក់។ បើប្រៀបធៀបចំនួននេះ គឺថៃមានចំនួនប្រមាណជិត២ដងនៃចំនួនអត្តពលិកម្ចាស់ផ្ទះកម្ពុជា។ ប៉ុន្តែទោះយ៉ាងនេះក្តី កម្ពុជាក៏បានត្រៀមលក្ខណៈក្នុងការប្រកួតប្រជែងមេដាយ លើប្រភេទកីឡាមួយចំនួនដែលពូកែៗ ដូចជាល្បុក្កតោ វ៉ូវីណាម និងប្រភេទកីឡាជាក្រុមមួយចំនួនទៀត ដែលកីឡាករ កីឡាការិនីកូនខ្មែររស់នៅក្រៅប្រទេស បានត្រៀមមកចូលរួមប្រកួតមេដាយជូនជាតិ»។

ឯកឧត្តមរដ្ឋលេខាធិការ បានបន្តថា «នេះជាការត្រៀមខ្លួន និងជាក្តីសង្ឃឹម ដែលយើងជឿថា ចំនួនមេដាយរបស់កម្ពុជា នឹងកើនឡើងច្រើនជាង នៅក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ឆ្នាំ២០២២ កន្លងទៅ។ បើប្រៀបធៀបចំនួនមេដាយកម្ពុជា កាលពីស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន និងស៊ីហ្គេម លើកទី៣១ នៅវៀតណាម ឆ្នាំ២០២២ គឺចំនួនមេដាយនឹងបានកើនឡើងទ្វេដង ខណៈស៊ីហ្គេម នៅកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះក៏យើងរំពឹងដណ្តើមបានមេដាយច្រើនជាងស៊ីហ្គេម ២លើកចុងក្រោយនេះដែរ ដោយសារកម្ពុជាបានចូលរួមប្រកួតវិញ្ញាសាច្រើនផងដែរ»។

ឯកឧត្តមក៏បានបញ្ជាក់បន្ថែមដែរថា ជារួម គឺម្ចាស់ផ្ទះកម្ពុជា បានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣នេះ ទាំងហេដ្ឋារចនាសម្ព័ន្ធកីឡា លើគ្រប់ទីលានប្រកួត រួមទាំងកន្លែងហូបចុកស្នាក់នៅ ការដឹកជញ្ជូនប្រតិភូកីឡាអាស៊ីអាគ្នេយ៍ទាំងអស់៕

អត្ថបទទាក់ទង