Close

ព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល ព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល

នៅព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ  សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល ដែលពិធីនេះត្រូវប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។

តាមការឲ្យដឹងពីឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានឲ្យដឹងថានៅក្នុងពិធីនេះមានកម្មវិធី២សំខាន់ៗ៖ ទី១ គឺការបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ សម្រាប់កម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ មន្ត្រីមធ្យម មន្ត្រីក្រមការ មន្ត្រីគ្រប់គ្រងរដ្ឋបាល និងការបិទវគ្គបណ្តុះបណ្តាលរយៈពេលខ្លីដែលរួមមាន វគ្គបណ្តុះបណ្តាល “ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍” សម្រាប់មន្រ្តីជាន់ខ្ពស់នៃក្រសួង ស្ថាប័ននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ វគ្គបណ្តុះបណ្តាលមន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជននិងកីឡាព្រមទាំងវគ្គពង្រឹង សមត្ថភាពក្រុមការងារកែទម្រង់តាមប្រព័ន្ធឌីជីថល ដែលមានចំនួនសរុបទាំងអស់ ១០២១ អង្គ/នាក់ (ក្នុងនោះមានព្រះសង្ឃ ១១អង្គ មាននារី ២០៧ នាក់ និងជនពិការ ៧ នាក់)។

ទី២ ការបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ សម្រាប់សិស្សមន្ត្រីក្រមការជំនាន់ទី១០ កម្មសិក្សាការី មន្ត្រីជាន់ខ្ពស់ មន្ត្រីមធ្យម មន្ត្រីក្រមការ និងមន្ត្រីគ្រប់គ្រងរដ្ឋបាល ដែលមានចំនួនសរុបទាំងអស់ ៧២៩ អង្គ/នាក់ (ក្នុងនោះមានព្រះសង្ឃ ៣០អង្គ មាននារី ១៦៩ នាក់ និងជនពិការ ១០ នាក់)។

ឯកឧត្តមបានបញ្ជាក់ទៀតថា  ចាប់តាំងពីការបើកឱ្យដំណើរការឡើងវិញរយៈពេល៣០ឆ្នាំមកនេះ ពោលគឺចាប់ពីឆ្នាំ១៩៩២ មកដល់ឆ្នាំ២០២២ សាលាភូមិន្ទរដ្ឋបាលសម្រេចបាននូវការបណ្តុះបណ្តាលមន្រ្តីរាជការ និងមន្រ្តីសាធារណៈទាំងវគ្គសិក្សារយៈពេលវែង និងវគ្គសិក្សារយៈពេលខ្លី សរុបចំនួន ១៩.៣៤៤ នាក់ (នារី ៤.៥៤៦ នាក់ ស្មើ ២៤%)។ សាលាបានបណ្តុះបណ្តាលសិស្សមន្រ្តីដែលបានប្រលងជាប់នៅគ្រប់កម្រិត សរុបចំនួន ១.៤០៣ នាក់ (នារី ៣៣៨ នាក់)។ ចាប់ពីឆ្នាំ២០១៦មក សាលាបានបើកវគ្គបណ្តុះបណ្តាលតម្រង់ទិសសម្រាប់មន្រ្តីថ្មីដែលត្រូវបានជ្រើសរើសដោយក្រសួង ស្ថាប័នតាមរយៈការប្រលងចូលក្នុងក្របខណ្ឌរដ្ឋ បានចំនួន៤.៨៣២នាក់ (នារី១.៨៧៤នាក់)។ ទន្ទឹមនោះ សាលាក៏បានបើកវគ្គវិក្រឹតការដើម្បីបណ្តុះបណ្តាលបន្តដល់មន្រ្តីជាន់ខ្ពស់ មន្ត្រីមធ្យម មន្ត្រីក្រមការ និងមន្ត្រីគ្រប់គ្រងរដ្ឋបាលសរុបចំនួន ៧.២៣១ នាក់ (នារី ១.០៩៣ នាក់ ស្មើ ១៥%) ព្រមទាំងបានសហការជាមួយស្ថាប័នក្រសួង និងដៃគូមួយចំនួន បើកវគ្គរយៈពេលខ្លីដល់មន្រ្តីរាជការបានចំនួនសរុប ៥.៨៧៨ នាក់ (នារី ១.២៤១ នាក់)ស្មើ២១% ៕

អត្ថបទទាក់ទង