Close

គ.ជ.ប និង Google នឹងសហការគ្នាទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងខុសច្បាប់ក្នុងបណ្តាញសង្គម

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០២៣ សង្គម
គ.ជ.ប និង Google នឹងសហការគ្នាទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងខុសច្បាប់ក្នុងបណ្តាញសង្គម គ.ជ.ប និង Google នឹងសហការគ្នាទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងខុសច្បាប់ក្នុងបណ្តាញសង្គម

ភ្នំពេញ ៖ គណៈកម្មការជាតិរៀបចំការបោះឆ្នោត ហៅកាត់ (គ.ជ.ប) និងក្រុមហ៊ុនហ្គូហ្គល (Google) គ្រោងនឹងសហការជាមួយគ្នា ដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងព័ត៌មានខុសច្បាប់ក្នុងបណ្តាញសង្គម។ នេះបើយោងតាមការបញ្ជាក់ពី គ.ជ.ប កាលពីថ្ងៃម្សិលមិញ។

គម្រោងសហការរវាងស្ថាប័នទាំងពីរ ត្រូវបានលើកឡើងក្នុងកិច្ចពិភក្សាការងារវាង ឯកឧត្តម ហង្ស ពុទ្ធា សមាជិក គ.ជ.ប និងជាអ្នកនាំពាក្យនៃអគ្គនាយកដ្ឋាន គ.ជ.ប និងលោក អ៊ីវ ហ្គោនស្ស៊ាឡេស (Mr. Yves Gonzalez) តំណាង ក្រុមហ៊ុនហ្គូហ្គល (Google) ប្រចាំនៅអាស៊ីអាគ្នេយ៍ មានការិយាល័យនៅប្រទេសសិង្ហបុរី។

លោក អ៊ីវ ហ្គោនស្ស៊ាឡេស បានមានប្រសាសន៍ថា បន្ទាប់ពីលោកបានជួបជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍រួចមក លោកមានបំណងជួប គ.ជ.ប ដើម្បីឱ្យមានកិច្ចសហការល្អជាមួយគ្នា ក្នុងការចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងព័ត៌មានខុសច្បាប់ក្នុងបណ្តាញសង្គម។ ដើម្បីធ្វើការងារនេះបាន ត្រូវបង្កើតក្រុមការងារទំនាក់ទំនងគ្នារវាង គ.ជ.ប ជាមួយ និងតំណាងក្រុមហ៊ុនហ្គូហ្គល (Google) ដែលមានទីស្នាក់ការប្រចាំនៅរាជធានីភ្នំពេញ ដើម្បីដោះស្រាយបញ្ហាបានទាន់ពេលវេលា។

បន្ទាប់ពីបានពិភាក្សាគ្នាលើបញ្ហាបច្ចេកទេសជាច្រើនលើផ្នែកព័ត៌មានវិទ្យារួចមក ក្នុងជំនួបពិភាក្សានោះ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក គ.ជ.ប និងជាអ្នកនាំពាក្យ បានស្នើឱ្យក្រុមហ៊ុនហ្គូហ្គល (Google) សហការជាមួយ គ.ជ.ប លើការងារមួយចំនួន ដូចជា ៖ បង្កលក្ខណៈងាយស្រួលក្នុងការស្វែងរកទីតាំងការិយាល័យបោះធ្វើគ្នានៅលើហ្គូហ្គល(Google) ឱ្យមានប្រសិទ្ធភាព -ទប់ស្កាត់ការលួចទិន្នន័យព័ត៌មានដោយខុសច្បាប់ និងដកចេញខ្លឹមសារព័ត៌មានលើបណ្ដាញសង្គម យូធូប (YouTube) ក្នុងករណី គ.ជ.ប ពិនិត្យឃើញថា មានការរំលោភបំពាន ធ្វើឱ្យប៉ះពាល់ដល់ការបោះឆ្នោតនៅកម្ពុជា។ល។

លោក អ៊ីវ ហ្គោនស្ស៊ាឡេស បានទទួលយករាល់ការលើកឡើងទាំងអស់របស់តំណាង គ.ជ.ប ហើយបញ្ជាក់ថា កិច្ចសហការទាំងនេះមិនតម្រូវឱ្យបង់ថ្លៃសេវាទេ។

ជាចុងក្រោយ ឯកឧត្តម ហង្ស ពុទ្ធោ មានប្រសាសន៍ថា ឯកឧត្តមនឹងរាយការណ៍ជូន គ.ជ.ប អំពីជំនួបនេះ ហើយការសុំបង្កើតក្រុមការងារទំនាក់ទំនង គឹទុកជូន គ.ជ.ប សម្រេច៕

អត្ថបទទាក់ទង