ទំហំនៃការចំណាយយោធាពិភពលោក កើនឡើងដល់កម្រិតខ្ពស់បំផុត ជាង២ទ្រីលានដុល្លារ
បរទេស៖ យោងតាមការចេញផ្សាយរបស់ Aljazeera កាលពីពេលថ្មីៗនេះបានបង្ហាញថា ការចំណាយលើវិស័យយោធារបស់ពិភពលោក បានឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន
កាលពីឆ្នាំកន្លងមកនេះ។
ទំហំចំណាយដែលមានរហូតទៅដល់ ២,២៤ ទ្រីលានដុល្លារកាលពីក្នុងឆ្នាំ២០២២ ហើយវាត្រូវបានគេមើលឃើញថាកំណើនឡើងខ្លាំងក្នុងគ្រាដែលពិភពលោកកំពុងស្ថិតនៅក្នុងការលុកលុយរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែនដែលជឿជាក់ថាជាកត្តាជំរុញឱ្យមានការកើនឡើងយ៉ាងខ្លាំងនៃការចំណាយយោធាទាំងនៅទ្វីបអឺរ៉ុប និងតំបន់ផ្សេងៗទៀតផងដែរ។
របាយការណ៍នេះត្រូវបាន Aljazeera ដកស្រង់ចេញពីវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI) និងជារបាយការណ៍ប្រចាំឆ្នាំរបស់វិទ្យាស្ថាន ស្តីពីការចំណាយលើវិស័យយោធាពិភពលោកដោយក្នុងនោះក៏បានបញ្ជាក់ដែរថាការចំណាយយោធារបស់សកលលោកបានកើនឡើងក្នុងរយៈពេល ៨ឆ្នាំជាប់គ្នារួចមកហើយ។
របាយការណ៍ដដែលបានបញ្ជាក់ដែរថា តំបន់ដែលមានការកើនឡើងនៃចំណាយច្រើនជាងគេគឺស្ថិតនៅក្នុងតំបន់អឺរ៉ុបដែលមានប្រមាណជា ១៣ភាគរយនៃអត្រាកើនឡើង និងត្រូវបានចាត់ទុកថាជាការកើនឡើងខ្ពស់បំផុតក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយនេះ ។
សូមរំលឹកដែរថា ប្រទេសរុស្ស៊ីបានសម្រេចចិត្តក្នុងការវាយចូលលុកលុយ និងដណ្ដើមយកឧបទ្វីបគ្រីមៀ របស់អ៊ុយក្រែនក្នុងឆ្នាំ២០១៤ និងបានគាំទ្រក្រុមឧទ្ទាមបំបែកខ្លួននៅភាគខាងកើតរបស់ប្រទេស មុនពេលដែលខ្លួនចាប់ផ្តើមការលុកលុយម្តងទៀតទៅក្នុងប្រទេសអ៊ុយក្រែនតែម្តង
នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២កន្លងមកនេះ៕