Close

ប្រជាជនក្នុងស្រុកវាលវែង ប្រើជំនាញដាំដុះ លើកស្ទួយជីវភាពឲ្យកាន់តែប្រសើរ

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣ សង្គម
ប្រជាជនក្នុងស្រុកវាលវែង ប្រើជំនាញដាំដុះ លើកស្ទួយជីវភាពឲ្យកាន់តែប្រសើរ ប្រជាជនក្នុងស្រុកវាលវែង ប្រើជំនាញដាំដុះ លើកស្ទួយជីវភាពឲ្យកាន់តែប្រសើរ

តាមរយៈការជួយគាំទ្រពីសំណាក់ក្រសួងបរិស្ថាន ប្រជាជនរស់នៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ បច្ចុប្បន្ននេះ បានបង្វែរពីការពឹងអាស្រ័យលើធនធានធម្មជាតិ មកដាំដុះវិញ ដែលការផ្លាស់ប្ដូរនេះ បានជួយឲ្យស្ថានភាពចំណូលរបស់ពួកគេមានភាពជាក់លាក់ជាងមុន។

លោក ពួច រ៉ា ដែលជាកសិករម្នាក់រស់នៅភូមិផ្ចឹកជ្រុំ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់
និងជាអ្នកដែលធ្លាប់ប្រកបមុខរបរធ្វើគ្រឿងសង្ហារឹម បានឲ្យដឹងថា ពីមុនចំណូលរបស់លោកចូលក្នុងគ្រួសារមិនមានភាពទៀតទាត់នោះទេ ដោយវ័យក៏កាន់តែចាស់ផង លោកក៏មិនចង់ប្រកបរបរណាដែលប៉ះពាល់ដល់ព្រៃឈើទៀតដែរ។

ដោយមានការណែនាំលើផ្នែកបច្ចេកទេសពីក្រសួងបរិស្ថាន បច្ចុប្បន្ននេះ លោកកំពុងដាំដុះដំណាំលើ ផ្ទៃដីប្រមាណជា ១ហិកតា។ នៅលើទំហំដីប៉ុណ្ណោះ រូបលោកបានដាំដំណាំចម្រុះដូចជា
ត្រសក់​​​​​ទ្រើង ត្រសក់ស្រូវ សណ្ដែកកួរ ម្ទេស និងត្រប់ជាដើម ដែលសុទ្ធសឹងតែជាដំណាំមានតម្រូវការ និងងាយស្រួលលក់។

រីឯបញ្ហាទីផ្សារវិញ កសិកររូបនេះបញ្ជាក់ថា ដំណាំដែលលោកដាំមានទីផ្សារ និងមានស្ថិរភាពល្អ។ ក្នុងនោះ ត្រសក់អាចលក់បាន ២០០០រៀល ក្នុងមួយគីឡូក្រាម និងសណ្ដែកកួរលក់បាន ៤៥០០រៀល ក្នុងមួយគីឡូក្រាម ជាពិសេសគឺលោកមានឈ្មួញមកចាំទិញដល់ផ្ទះតែម្ដង។ តាមរយៈការលក់កសិផលនេះផងដែរ បាននាំចំណូលចូលដល់គ្រួសារលោកជាមធ្យម ១២ម៉ឺនរៀលក្នុងមួយថ្ងៃ។

ទាក់ទិននឹងចំណុចនេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនៃក្រសួងបរិស្ថានបានមានប្រសាសន៍ថា៖ «នៅសហគមន៍នេះគឺសម្រាប់គម្រោងដែលយើង​​បានអនុវត្ត គម្រោងដាំដំណាំការពារដំរី​អាស៊ី ​គឺយើង​ចាប់ផ្ដើមដំបូងគឺជាមួយនឹង ១០គ្រួសារ ហើយដំណាំដែលមានដាំហ្នឹង គឺមានត្រសក់ ​មានបន្លែ មានត្រប់ មានម្ទេស ​មានអីផ្សេងៗ​ដែលជាប្រភេទដំណាំដែលគាត់អាចដាំបាន»។

ជាការគាំទ្រ ក្រសួងបរិស្ថានតាមរយៈនាយកដ្ឋានជីវភាពសហគមន៍ បានផ្ដល់នូវរោងសំណាញ់ ជូនដល់កសិករ សម្រាប់ការដាំដុះពេញមួយឆ្នាំ ដោយមិនប៉ះពាល់ដល់ដំណាំរបស់ពួកគេ។ យ៉ាងណាមិញ ប្រជាកសិករក្នុងស្រុកវាលវែង នៅមិនទាន់មានបច្ចេកទេសក្នុងការដាំដុះពេញលេញ នៅឡើយ ហេតុនេះ ក្រសូងក៏ដូចជាអង្គការពាក់ព័ន្ធនឹងខិតខំបន្តទៀតដើម្បីពង្រឹងនូវចំណុចនេះ។

ឯកឧត្តម នេត្រ ភក្ត្រា ក៏បានរំលេចផងដែរថា៖ «ជម្រើសមុខរបរថ្មីនេះ គឺធ្វើឱ្យប្រជាពលរដ្ឋសប្បាយចិត្ត ប្រជាពលរដ្ឋគាត់​មិនប្រឈមជាមួយនឹងការអនុវត្តច្បាប់ក្នុងព្រៃកាប់ឈើដាក់អន្ទាក់សត្វទៀតនោះទេ»។

រាល់សកម្មភាពទាំងនេះ គឺជាការដោះស្រាយមួយ ដែលបានកាត់បន្ថយសម្ពាធទៅលើធនធានធម្មជាតិ ជាពិសេសឈានទៅសម្រេចនូវកម្មវត្ថុរបស់ក្រសួង ក្នុងការកាត់បន្ថយអន្ទាក់ចេញពីតំបន់ការពារធម្ម ជាតិ។ ហើយដើម្បីអាចកាត់បន្ថយអន្ទាក់ចេញពីតំបន់ធម្មជាតិបាន គឺក្រសួងបរិស្ថានបានផ្ដល់ជាថ្នូរនូវ ជម្រើសការងារថ្មីដល់ប្រជាជន៕

អត្ថបទទាក់ទង