អាមេរិកនឹងចាប់ផ្តើមបង្វឹកហាត់យោធាអ៊ុយក្រែនប្រើប្រាស់រថក្រោះ Abrams
បរទេស៖ ក្រសួងការពារជាតិអាមេរិកកាលពីសប្តាហ៍កន្លងមកនេះបានប្រកាសថា រថក្រោះផលិតនៅអាមេរិក M1 Abrams ជាច្រើនបានត្រៀមរៀបចំរួចរាល់ហើយដើម្បីប្រគល់ទៅឲ្យកងកម្លាំងយោធានៃប្រទេសអ៊ុយក្រែនក្នុងការហ្វឹកហាត់ពីរបៀបនៃការប្រើប្រាស់ និងថែរក្សា។
ប្រភពដដែលបានបញ្ជាក់ទៀតថា រថក្រោះទាំងនោះនឹងត្រូវបញ្ជូនទៅដល់ប្រទេសអាល្លឺម៉ង់ដែលជាទីកន្លែងសម្រាប់ហ្វឹកហាត់នៅចុងខែឧសភាខាងមុខនេះ ហើយការប្រកាសជាផ្លូវការគ្រោងនឹងត្រូវធ្វើឡើងដោយរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក Lloyd Austin ក្នងកិច្ចប្រជុំលើកទី១១នៃក្រុមប្រទេសដែលជួយគាំទ្រដល់អ៊ុយក្រែនទាំង៥០នៅឯមូលដ្ឋានទ័ពអាល្លឺម៉ង់ Ramstein Air Base ។
គួរឲ្យដឹងដែរថា មន្ត្រីនៅបណ្តាប្រទេសលោកខាងលិចសង្ឃឹមថាកងកម្លាំងរថក្រោះប្រយុទ្ធកម្រិតខ្ពស់ទាំងនេះនឹងដើរតួយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដណ្តើមយកទឹកដីដែលកាន់កាប់ដោយរុស្ស៊ីនៅភាគខាងកើត និងភាគខាងត្បូងអ៊ុយក្រែនមកវិញទាំងដែលបានដឹងហើយថាការចូលរួមជួយគាំទ្រនេះទំនងជាមិនទាន់គ្រប់គ្រាន់ដើម្បីការផ្លាស់ប្តូរនៅក្នុងការវាយលុកនៅនិទាឃរដូវរបស់ប្រទេសដូចការរំពឹងទុកក៏ដោយ។
តាមផែនការរថក្រោះសរុបចំនួន៣១គ្រឿងនឹងធ្វើដំណើរទៅដល់មូលដ្ឋានទ័ពអាមេរិកប្រចាំនៅប្រទេសអាល្លឺម៉ង់ដើម្បីធ្វើការហ្វឹកហាត់ ហើយរថក្រោះ៣១គ្រឿងផ្សេងទៀតដែលធ្លាប់បានសន្យាជួយដល់អ៊ុយក្រែននឹងត្រូវបញ្ជូនទៅដល់ប្រទេសអ៊ុយក្រែននៅត្រឹមដំណាច់ឆ្នាំ២០២៣នេះ។
ប្រភពគួរឲ្យទុកចិត្តពីសំណាក់មន្ត្រីរបស់រដ្ឋាភិបាលអាមេរិកបានឲ្យដឹងថា កងកម្លាំងយោធាអ៊ុយក្រែនសរុបចំនួន២៥០នាក់នឹងចូលរួមក្នុងការហ្វឹកហាត់ដែលមានរយៈពេលសរុប១០សប្តាហ៍ ដោយក្នុងនោះ មានទាំងប្រតិបត្តិការប្រើប្រាស់រថក្រោះ និងការថែរក្សារថក្រោះ M1 Abrams ផងដែរ៕