Close

ក្រសួងបរិស្ថានផ្ដល់បច្ចេកទេសដាំដុះដល់ប្រជាជនខេត្តពោធិ៍សាត់ សំដៅកាត់បន្ថយសម្ពាធ​លើធនធានធម្មជាតិ

ដោយ៖ Volak ENN ​​ | ថ្ងៃសៅរ៍ ទី២២ ខែមេសា ឆ្នាំ២០២៣ សង្គម
ក្រសួងបរិស្ថានផ្ដល់បច្ចេកទេសដាំដុះដល់ប្រជាជនខេត្តពោធិ៍សាត់ សំដៅកាត់បន្ថយសម្ពាធ​លើធនធានធម្មជាតិ ក្រសួងបរិស្ថានផ្ដល់បច្ចេកទេសដាំដុះដល់ប្រជាជនខេត្តពោធិ៍សាត់ សំដៅកាត់បន្ថយសម្ពាធ​លើធនធានធម្មជាតិ

(ពោធិ៍សាត់)៖ ក្រសួងបរិស្ថាន ក្នុងគោលដៅរក្សាព្រៃឈរ បានផ្ដល់នូវបច្ចេកទេសក្នុងការដាំដុះដំណាំដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។ ការផ្ដល់ជូននេះ គឺសមស្របទៅនឹងអំណោយផលនៃទីតាំងភូមិសាស្ត្ររបស់ខេត្តពោធិ៍សាត់ ដែលមានដីសម្បូរទៅដោយជីវជាតិ។

តាមរយៈយុទ្ធនាការអន្ទាក់សូន្យ ដំណាក់កាលទី២ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បាន្យដឹងពីការផ្ដល់ជម្រើសការងារដល់ប្រជាពលរដ្ឋក្នុងស្រុកវាលវែងថា ប្រជាជនក្នុងតំបន់នេះពីដើមមកគឺពឹងផ្អែកទៅលើធនធានធម្មជាតិជាសំខាន់ ដូច្នេះហើយ បើសិនជាក្រសួងអនុវត្តតាមច្បាប់ ក៏បទល្មើសនៅតែអាចកើតមាន ព្រោះបញ្ហាធំចំពោះមុខ គឺបញ្ហាក្រពះ។ ម៉្លោះហើយ ការផ្ដល់មុខរបរថ្មីលើវិស័យកសិកម្មនេះ គឺជាវិធីមួយក្នុងការបង្កើតសេដ្ឋកិច្ចមូលដ្ឋាន ក៏ដូចជាបង្វែរប្រជាជនពីការអាស្រ័យផលហួសហេតុទៅលើធនធានធម្មជាតិ តាមរយៈការកាប់ឈើ និងដាក់អន្ទាក់សត្វជាដើម។

ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «កាលពីមុនបងប្អូនប្រជាពលរដ្ឋ​នៅកន្លែង​នេះគឺគាត់មានមុខរបរចូលព្រៃកាប់ឈើ យកមកកែច្នៃធ្វើជាគ្រឿងសង្ហារឹមផ្សេងៗ ដើម្បីយកទៅលក់ ហើយខ្លះគឺចូលទៅក្នុងព្រៃដើម្បីដាក់អន្ទាក់យកសត្វ​យកមកលក់នៅតាមទីផ្សារផ្សេងៗ ប៉ុន្តែតាំងពី​យើងចាប់ផ្ដើមពង្រឹងនូវការអនុវត្តច្បាប់​ ផ្សព្វផ្សាយការអប់រំ ផ្ដល់នូវបច្ចេកទេស​នៅក្នុង​ការដាំបន្លែ ក៏​ដូចជាពន្យល់ឲ្យគាត់យល់​អំពីផលប៉ះពាល់ផ្សេងៗហ្នឹង គឺពួកគាត់បានផ្លាស់ប្ដូរមុខរបរពួកគាត់។»

ឯកឧត្តមក៏បានលើកឡើងអំពីការផ្លាស់ប្ដូរនៃប្រជាជនក្នុងតំបន់វាលវែងផងដែរថា ពីមុនមក ពេលដែលពួកគាត់កាប់ឈើ ធ្វើរោងសិប្បកម្មកែច្នៃឈើ ចំណូលរបស់ពួកគាត់មិនទៀងទាត់នោះទេ ប៉ុន្តែបន្ទាប់ពីពួកគាត់ចាប់ផ្ដើមការដាំដុះបន្លែបង្កា គឺសេដ្ឋកិច្ចរបស់ពួកគាត់មានភាពជាក់លាក់ជាងមុន ហើយអ្វីដែលសំខាន់ទៅទៀតនោះ គឺពួកគាត់មានសុវត្ថិភាពផ្លូវចិត្ត ដោយមិនចាំបាច់ភ័យខ្លាចថាអាច ប្រឈមមុខនឹងច្បាប់។


ឯកឧត្តមក៏បានគូសបញ្ជាក់បន្តទៀតដែរថា៖ «ជាមួយគ្នានេះ​ ក្រសួងបរិស្ថាន​ យើងបាន​ទទួល​ស្គាល់សហគមន៍តំបន់ការពារធម្មជាតិ ប្រ​មាណជា 200 នៅទូទាំងប្រទេស​កម្ពុជា ដោយយើងបាន​ផ្ដល់នូវការគាំទ្រ តាមរយៈនាយកដ្ឋានអភិវឌ្ឍន៍ជីវភាពសហគមន៍…ក្នុងនោះគឺមានផ្ដល់នូវប្រភេទពូជ​សត្វចិញ្ចឹមដែលមានគោ មានក្របី មានពពែ មានជ្រូក មានសត្វមាន់ ហើយនិងប្រភេទដំណាំផ្សេងៗ​ក៏ដូចជាគ្រាប់បន្លែបង្ការផ្សេងៗដើម្បីឱ្យប្រជាសហគមន៍ គាត់អាចដាំដើម្បីប្រើប្រាស់នៅក្នុងក្រុមគ្រួសារ​របស់គាត់ឬក៏អាចធ្វើជាអាជីវកម្មដើម្បីប្រកបរបរចិញ្ចឹមជីវិតរបស់គាត់ដែរ»។

បើទោះជាយ៉ាងនេះក្ដី ឯកឧត្តមក៏បន្តសំណូមពរឲ្យមានការចូលរួមកាន់តែច្រើនកុះករពីសំណាក់ប្រជា​ជនដទៃទៀត ដើម្បីអាចឈានទៅរក្សាបាននូវធនធានធម្មជាតិពីការពឹងអាស្រ័យទាំងស្រុងតែម្ដង។
គួរបញ្ជាក់ថា យុទ្ធនាការអន្ទាក់សូន្យ ដំណាក់កាលទីពីរបានចាប់ផ្ដើមឡើងនៅក្នុងខេត្តពោធិ៍សាត់ នាថ្ងៃទី ២២មេសានេះ ហើយនឹងបន្តទៅកាន់ខេត្តផ្សេងៗទៀត ដែលស្ថិតនៅតាមតំបន់ជួរភ្នំក្រវាញ៕

អត្ថបទទាក់ទង