Close

អង្គសភាបានអនុម័តយល់ព្រមសេចក្តីព្រាងច្បាប់ចំនួន ៣ កាលពីម្សិលមិញ

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានជាតិ
អង្គសភាបានអនុម័តយល់ព្រមសេចក្តីព្រាងច្បាប់ចំនួន ៣ កាលពីម្សិលមិញ អង្គសភាបានអនុម័តយល់ព្រមសេចក្តីព្រាងច្បាប់ចំនួន ៣ កាលពីម្សិលមិញ

ភ្នំពេញ ៖ រដ្ឋសភា ដែលបានបន្តដឹកនាំសម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៦ កាលពីព្រឹកថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣នេះ នៅវិមានរដ្ឋសភា បានអនុម័តយល់ព្រមសេចក្តីព្រាងច្បាប់ចំនួន ៣ រួមមាន សេចក្តីព្រាងច្បាប់ស្តីពីសារពើពន្ធ សេចក្តីព្រាងច្បាប់ស្តីពី លទ្ធកម្មសាធារណៈ និងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីពាណិជ្ជកម្មតាមព្រំដែន រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃការបន្តសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានឱ្យដឹងថា នៅកាលពីព្រឹកថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបន្តសម័យប្រជុំ លើកទី ៩ នីតិកាលទី ៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមានសមាជិកសមាជិការដ្ឋសភា ពេលចាប់ផ្តើមសម័យប្រជុំ ចំនួន ៩៧រូប។

របៀបវារៈ នៃការបន្តសម័យប្រជុំលើកទី៩ នីតិកាលទី៦ នាឱកាសនេះ មានចំនួន ៣ ដែលមានលទ្ធផលដូចខាងក្រោម៖

១- ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ ស្តីពីសារពើពន្ធ

សេចក្តីព្រាងច្បាប់ស្តីពីសារពើពន្ធ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីធានាបាននូវចីរភាពនៃការកៀរគរប្រមូលចំណូល និងកំណើនសេដ្ឋកិច្ច ការប្រកួតប្រជែងដោយស្មើភាព និង យុត្តិធម៌ និងសមធម៌សង្គម ព្រមទាំងបន្តលើកកម្ពស់គុណភាពសេវាជូនអ្នកជាប់ពន្ធ ឱ្យមានភាព សាមញ្ញនិងងាយស្រួលក្នុងការបង់ពន្ធ ស្របតាមយុទ្ធសាស្ត្រកៀរគរចំណូលរបស់រាជរដ្ឋាភិបាល។

សេចក្តីព្រាងច្បាប់នេះ ក៏នឹងក្លាយជាឧបករណ៍គតិយុត្តមួយដែលមានលក្ខណៈពេញលេញ គ្រប់ ជ្រុងជ្រោយ ដែលជាចំណែកមួយយ៉ាងសំខាន់ក្នុងការចូលរួមកំណែទម្រង់មុតស្រួច និងស៊ីជម របស់រាជរដ្ឋាភិបាល ក្នុងការកៀរគរ និងប្រមូលចំណូលប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពជឿជាក់ទុកចិត្តបាន ដើម្បីធានាបាននូវចីរភាព កំណើនសេដ្ឋកិច្ច ចីរភាព កំណើនចំណូល ការប្រកួតប្រជែងដោយស្មើភាពគ្នានិងយុត្តិធម៌ និងសមធម៌សង្គម ក៏ដូចជាការ បង្កើនភាពអនុគ្រោះដល់បរិយាកាសធុរកិច្ច ការអភិវឌ្ឍវិស័យឧស្សាហកម្ម និងវិស័យសហគ្រាស ធុនតូច និងមធ្យម និងការទាក់ទាញការវិនិយោគរបស់កម្ពុជា ដើម្បីឈានទៅសម្រេចឱ្យបានជា ប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

– សេចក្តីព្រាងច្បាប់នេះ មាន ២០ជំពូក និង ២៥៥មាត្រា
– ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ជាអ្នករាយការណ៍ជូនអង្គសភា ពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់
– ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហការី ជាតំណាងរាជរដ្ឋាភិបាល ជាអ្នកការពារសេចក្តីព្រាងច្បាប់
– អង្គសភាបានអនុម័តយល់ព្រម លើសេចក្តីព្រាងច្បាប់ទាំងមូល មានចំនួន ៩៥សំឡង។

២- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្ដីពីលទ្ធកម្មសាធារណៈ

សេចក្តីព្រាងច្បាប់ ស្តីពីលទ្ធកម្មសាធារណៈ រៀបចំឡើងក្នុងគោលបំណងដើម្បីធានាបាននូវភាពជឿទុកចិត្ត តម្លាភាព ប្រសិទ្ធភាព ការប្រកួតប្រជែង និងការសន្សំសំចៃ ព្រមទាំងស្របតាម ឧត្តមានុវត្តន៍អន្តរជាតិ ដោយប្រែក្លាយតួនាទីរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅជានិយ័តករ និងសវនកម្មកិច្ចលទ្ធកម្ម ចំណែកស្ថាប័នអនុវត្តលទ្ធកម្មនឹងត្រូវបានផ្ដល់សិទ្ធិអំណាច និងការទទួលខុសត្រូវជាមួយនឹងគណនេយ្យភាពពេញលេញក្នុងការអនុវត្តកិច្ចលទ្ធកម្មរបស់ខ្លួន។

– សេចក្តីព្រាងច្បាប់នេះ មាន ១៥ជំពូក និង ៨៧មាត្រា
– ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ជាអ្នករាយការណ៍ជូនអង្គសភា ពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់
– ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហការី ជាតំណាងរាជរដ្ឋាភិបាល ជាអ្នកការពារសេចក្តីព្រាងច្បាប់
– អង្គសភាបានអនុម័តយល់ព្រម លើសេចក្តីព្រាងច្បាប់ទាំងមូល មានចំនួន ៩៤សំឡេង។

៣- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រម ព្រៀងស្ដីពី ពាណិជ្ជកម្មតាមព្រំដែន រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និង រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម

កិច្ចព្រមព្រៀងស្ដីពីពាណិជ្ជកម្មតាមព្រំដែន រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងចូលរួមចំណែកក្នុងការអនុវត្តនូវយុទ្ធសាស្ត ក្នុងការបន្តពង្រឹងការតភ្ជាប់ផ្នែកធុរកិច្ច សំដៅលើកកម្ពស់ការចាប់ដៃគូពាណិជ្ជកម្ម និងការធ្វើពិពិធកម្មទីផ្សារ និងមុខទំនិញនាំចេញតាមរយៈការផ្ដល់ឱកាសការងារ ឱកាសធុរកិច្ច ជំរុញផលិតកម្ម និងអាជីវកម្មគ្រួសារដែលនឹងជួយជំរុញលើកកម្ពស់ និងធ្វើឱ្យប្រសើរឡើងជីវភាពរបស់ប្រជាជន កម្ពុជា ដែលរស់នៅតាមព្រំដែនកម្ពុជា-វៀតណាម។
– សេចក្តីព្រាងច្បាប់នេះ មាន ពីរមាត្រា
– លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជួន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ជាអ្នករាយការណ៍ជូនអង្គសភាពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់
– ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងសហការី ជាតំណាងរាជរដ្ឋាភិបាល ជាអ្នកការពារសេចក្តីព្រាងច្បាប់
– សមាជិករដ្ឋសភាដែលឡើងមានមតិ ក្នុងការពិភាក្សាសេចក្តីព្រាងច្បាប់នេះ មាន ឯកឧត្តម ឈាង វុន
– អង្គសភាបានអនុម័តយល់ព្រម លើសេចក្តីព្រាងច្បាប់ទាំងមូល មានចំនួន ៩៤សំឡង។

សម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ បានដំណើរការប្រជុំតាមរបៀបវារៈទាំង ៣ ចប់សព្វគ្រប់ នៅវេលាម៉ោង ១៧:២៥នាទី នាថ្ងៃខែឆ្នាំដដែល។
អាស្រ័យដោយអង្គសភាមិនទាន់មានរបៀបវារៈសម្រាប់ធ្វើការពិភាក្សា និងអនុម័ត អង្គសភា បានលើកសម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៦ មួយរយៈសិន។ ចំពោះព័ត៌មានទាក់ទង ការបន្តសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ នឹងជូនដំណឹងនៅពេលក្រោយតាមរយៈ សេចក្តីជូនដំណឹង។

អត្ថបទទាក់ទង