ប្រវត្តិសាស្រ្តថ្មី ! ក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេម កម្ពុជា មិនតម្រូវឱ្យប្រតិភូកីឡាទាំងអស់បង់ថ្លៃហូបចុក-ស្នាក់នៅឡើយ
ភ្នំពេញ : ប្រទេសកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេម បានផ្តល់ភាពកក់ក្តៅបន្ថែមដល់ប្រតិភូកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជាឱ្យទទួលបានជោគជ័យ ម្ចាស់ផ្ទះកម្ពុជា នឹងមិនតម្រូវឱ្យប្រតិភូកីឡាអាស៊ីអាគ្នេយ៍ទាំងអស់បង់ថ្លៃហូបចុក-ស្នាក់នៅ ក្នុងម្នាក់ៗ ៥០ដុល្លារអាមេរិក ក្នុង១ថ្ងៃៗនោះឡើយ។ នេះបើយោងតាមការចេញផ្សាយរបស់គណៈកម្មការរៀបចំការប្រកួតស៊ីហ្គេម(CAMSOC )។
នៅក្រោយកិច្ចប្រជុំពិសេសមួយ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC និងឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC-CAMAPGOC ព្រមទាំងថ្នាក់ដឹកនាំគណៈកម្មការជំនាញទាំងអស់ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានគូសបញ្ជាក់យ៉ាងដូច្នេះថា ៖«នៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់ថ្ងៃនេះ យើងទាំងអស់គ្នាទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចពិជ័យសេនា ទៀ បាញ់ ដែលបានលើកឡើងពីការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ប្រតិភូកីឡាមកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់ នឹងមិនបង់ថ្លៃចំនួន ៥០ដុល្លារ ក្នុងម្នាក់ៗ ក្នុង១ថ្ងៃៗ ដល់ម្ចាស់ផ្ទះកម្ពុជានោះទេ។ យើងទាំងអស់គ្នា ពិតជាមានភាពកក់ក្តៅ និងរំភើបរីករាយ ប្រកបដោយមោទនភាពជាតិ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដោយយើងទាំងអស់គ្នានឹងគោរពតាមការសម្រេចចិត្តនេះ»។
ឯកឧត្តមអគ្គលេខាធិការ បានបញ្ជាក់បន្ថែមថា ៖«គ្រប់គណៈកម្មការជំនាញទាំងអស់ ទទួលបានអនុសាសន៍បន្ថែមពីសម្តេចពិជ័យសេនា ទៀ បាញ់ ហើយយើងនឹងផ្សព្វផ្សាយជូនដល់ប្រតិភូកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ទាំងអស់ថា យើងនឹងមិនទទួលយកប្រាក់កម្រៃ ឬថ្លៃសេវារបស់ប្រតិភូកីឡា សម្រាប់ការហូបចុក-ស្នាក់នៅ ក្នុងម្នាក់ៗចំនួន៥០ដុល្លារ ក្នុង១ថ្ងៃៗនោះទេ។ យើងនឹងផ្តល់ជូនព័ត៌មាននេះ ដល់បណ្តាប្រទេសទាំងអស់ ដែលកំពុងត្រៀមចូលរួមប្រកួតស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា ក្នុងបំណងចម្បងជំរុញឱ្យព្រឹត្តិការណ៍កីឡាទាំងមូលនៅកម្ពុជា ទទួលបានភាពកក់ក្តៅ និងជោគជ័យទាំងអស់គ្នា។ នេះជាចំណុចសំខាន់បំផុត ក្នុងកិច្ចប្រជុំប្រកបដោយអត្ថន័យ នៅព្រឹកថ្ងៃនេះ»។
បន្ថែមពីលើនេះ ឯកឧត្តម វ៉ាត់ ចំរើន ក៏បានអំពាវនាវដល់សហព័ន្ធកីឡាជាតិ ដែលគ្រប់គ្រងក្រុមកីឡាករ កីឡាការិនីជម្រើសជាតិទាំងអស់ ត្រូវថែទាំសុខភាពពួកគាត់ឱ្យបានល្អប្រសើរ កុំឱ្យមានរបួសស្នាមផ្សេងៗ ជាពិសេសកុំឱ្យមានការប្រកួតណាមួយក្នុងអំឡុងត្រៀមព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ ដើម្បីកុំឱ្យប៉ះពាល់ដល់ការត្រៀមខ្លួនប្រកួតប្រជែងមេដាយជូនជាតិ។
នេះគឺជាសារមួយដ៏សំខាន់របស់ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC ដើម្បីថែបំប៉នគុណភាពបច្ចេកទេស សុខភាពអត្តពលិកកម្ពុជាឱ្យមានរឹងមាំ។
គួរបញ្ជាក់ថា ជាទូទៅប្រទេសជាម្ចាស់ផ្ទះ គឺតម្រូវឲ្យប្រតិភូកីឡាទាំងអស់បង់ថ្លៃហូបចុក-ស្នាក់ សម្រាប់ការចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម៕