សហគមន៍ល្បាក់កំរោញគឺជាតំបន់ទេសចរណ៍ផ្សារភ្ជាប់នឹងដំណាំហូបផ្លែ
ពោធិ៍សាត់ ៖ ស្ថិតនៅក្នុងភូមិសំរោង ២ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ សហគមន៍ ទេសចរណ៍ល្បាក់កំរោញ ជាសហគមន៍ដែលពឹងផ្អែកលើសក្កានុពលធម្មជាតិ អមទៅដោយដំណាំហូបផ្លែ ដែលប្រជាសហគមន៍ដាំដុះ។
សហគមន៍មួយនេះ បានបង្កើតឡើងក្នុងឆ្នាំ ២០០៣ ប្រជាជនដែលរស់នៅក្នុងតំបន់នេះច្រើនតែ ប្រកបរបរកសិកម្ម ធ្វើស្រែចំការ ជាពិសេសគឺដំណាំ ក្រូចពោធិ៍សាត់ដ៏ពេញនិយម។ ដើម្បីទៅដល់សហគមន៍ធម្មជាតិមួយនេះ អ្នកទេសចរត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ ៥៥ ចេញពីក្រុងពោធិ៍សាត់ ឆ្ពោះទៅកាន់ឃុំថ្មដា ដែលមានព្រំប្រទល់ជាប់ខេត្តត្រាត នៃប្រទេសថៃ។
កូនឬស្សីតូចៗដែលដុះត្របាញ់ចូលគ្នា នៅក្នុងរមណីយដ្ឋានមួយនេះ បានបង្កើតជាទស្សនីយភាព ដ៏ប្លែកភ្នែក និងក្លាយជាដំបូលបាំងថ្ងៃជូនភ្ញៀវទេសចរយ៉ាងត្រជាក់ចិត្ត។ ភ្ញៀវទេសចរ អាចទទួលយកនូវសេវាកម្មម្ហូបអាហារ និងដើរកម្សាន្ដ ឬងូតទឹកលេង។
លក្ខណៈពិសេសពីសហគមន៍ទេសចរណ៍ល្បាក់កំរោញ ដែលគេមិនគួរមើលរំលងនោះគឺ វត្តមាននៃទឹកស្ទឹងថ្លាឆ្វេង ដែលមិនចេះរីងស្ងួត មិនថាខែប្រាំង ឬខែវស្សាឡើយ។ ភ្ញៀវទេសចរ ដែលនិយមដើរកម្សាន្ដបែបធម្មជាតិ ស្រូបខ្យល់អាកាសបរិសុទ្ធ សហគមន៍ទេសចរណ៍មួយនេះ គឺជាជម្រើសដ៏ល្អមួយ។
ចេញពីតំបន់កម្សាន្ដទៅ ភ្ញៀវទេសចរថែមទាំងអាចចូលទស្សនាក្នុងចំការរបស់ប្រជាពលរដ្ឋនៅទីនោះ ដោយមានទាំង អំពៅ ពោត ចេក ជាពិសេសគឺក្រូចពោធិ៍សាត់ ដែលជាក្រូចដែលពេញនិយម និងរសជាតិឆ្ញាញ់។
ចំការដែលលាតសន្ធឹងរាប់រយហិចតាមទាំងនេះ ក៏បានក្លាយជាចំណុចទាក់ទាញដ៏ពិសេសមួយផងដែរ មានទាំងទេសភាពដាច់កន្ទុយភ្នែកនៃចំការដំណាំ មានទាំងអនុផលស្រស់ៗ ដែលភ្ញៀវអាចជាវពិសារបានទៀតផង។
ពិតណាស់ ការទៅលេងកម្សាន្ដតាមតំបន់សហគមន៍ទេសចរណ៍បែបនេះ មិនត្រឹមតែបានធូរស្រាលអារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាចំណែកមួយជួយទៅដល់សហគមន៍ ក៏ដូចជាប្រជាកសិករដែលដាំដំណាំទៅទីនោះផងដែរ។ ហើយក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះទៀតសោត រិតតែជាពេលវេលាដ៏ស័ក្កសមក្នុងការដើរកម្សាន្ដ៕