ឯកឧត្តម សៅ សុខា ៖ ស៊ីហ្គេម ២០២៣ នឹងបង្ហាញពីការអភិវឌ្ឍន៍វិស័យបាល់ទាត់នៅកម្ពុជា
ភ្នំពេញ ៖ ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានគូសបញ្ជាក់ថា ស៊ីហ្គេម២០២៣ នឹងបង្ហាញពីការអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់ និងកីឡាផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តម សៅ សុខា បានថ្លែងក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងភាពជាដៃគូឧបត្ថម្ភរវាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) និងក្រុមហ៊ុន Vattanac Brewery Ltd យ៉ាងដូច្នេះថា កីឡាបាល់ទាត់ជាកីឡាមួយដែលមានភាពពេញនិយមខ្លាំងទាំងក្នុងពិភពលោក និងក្នុងប្រទេសកម្ពុជា។
ឯកឧត្តមបានបន្តថា គោលដៅសំខាន់នៃការលើកស្ទួយវិស័យកីឡានេះ មិនត្រឹមតែសម្រាប់ការប្រកួតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់ការយល់ដឹងអំពីសុខុមាលភាព សីលធម៌ ការអប់រំ វិន័យ ការគោរពគ្នាទៅវិញទៅមក សាមគ្គីភាព មិត្តភាព សេដ្ឋកិច្ច ទំនាក់ទំនង វប្បធម៌ និងទេសចរណ៍ផងដែរ។
សូមបញ្ជាក់ផងដែរថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ២២ ឆ្នាំ កំពុងស្ថិតក្នុងប្រទេសថៃ ដើម្បីបោះជុំរំហ្វឹកហាត់ មុនការប្រកួតជម្រុះស៊ីហ្គេម ចាប់ផ្តើមនាពេលដ៏ខ្លីខាងមុខនេះ។ កម្ពុជា ស្ថិតក្នុងពូល A ជាមួយ ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន និងទីម័រខាងកើត។
កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ នឹងចាប់ផ្ដើមប្រកួតដំបូងជាមួយទីម័រខាងកើត នៅថ្ងៃទី ២៩ ខែមេសានេះ។ ចំណែក ក្រុមបាល់ទាត់នារីកម្ពុជា វិញ ស្ថិតក្នុងពូល B ជាមួយក្រុមជើងខ្លាំងថៃ សិង្ហបុរី និងឡាវ៕