Close

សិប្បកម្មកែច្នៃគ្រាប់ធញ្ញជាតិ ជួយបង្កើនឱកាសទីផ្សារ និងតម្លៃកសិផលជូនកសិករ

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០២៣ សង្គម
សិប្បកម្មកែច្នៃគ្រាប់ធញ្ញជាតិ ជួយបង្កើនឱកាសទីផ្សារ និងតម្លៃកសិផលជូនកសិករ សិប្បកម្មកែច្នៃគ្រាប់ធញ្ញជាតិ ជួយបង្កើនឱកាសទីផ្សារ និងតម្លៃកសិផលជូនកសិករ

កន្លងមក កសិករកម្ពុជាជារឿយៗជួបប្រទះនឹងបញ្ហាពិបាករកទីផ្សារនៅក្រោយពេលប្រមូលទិន្នផលហើយ ដែលដំណាំទាំងនោះត្រូវប្រឈមនឹងការចាក់គរចោលដោយមិនមានអ្នកទិញ ឬលក់បានក្នុងតម្លៃថោកជាដើម។

ឆ្លើយតបទៅនឹងបញ្ហានេះ ការបង្កើតជាសិប្បកម្មកែច្នៃនៅក្នុងស្រុកគឺជាដំណោះស្រាយដ៏ល្អមួយ ដោយការធ្វើបែបនេះ កសិករអាចបំបែកទីផ្សារក្នុងការលក់កសិផលរបស់ខ្លួន។ ម្យ៉ាងទៀត សិប្បកម្មកែច្នៃក៏អាចមានឱកាសច្រើនក្នុងការលក់ក្នុងស្រុក ក៏ដូចជានាំចេញនូវផលិតផលសម្រេចផងដែរ។

សិប្បកម្ម​ ខេ​ អេច ជាសិប្បកម្មផ្ដោតលើការកែច្នៃគ្រាប់ធញ្ញជាតិ ដែលរហូតមកដល់បច្ចុប្បន្ន សិប្បកម្មមួយនេះបានជួយសម្រាលបន្ទុកកសិករមួយផ្នែក តាមរយៈការទិញយកកសិផលមកកែច្នៃចេញជាប្រេងធញ្ញជាតិ។

កញ្ញា សន ចាន់ថា ដែលជាអ្នកចែកចាយផលិតផលប្រេងធញ្ញជាតិនេះបានឱ្យដឹងថា គំនិតអាជីវកម្មមួយនេះត្រូវបានពិភាក្សា​ និងស្រាវជ្រាវជាមួយកសិករក្នុងឆ្នាំ២០១៨ ក្រោមគោលបំណងអភិវឌ្ឍន៍សហគមន៍ កែច្នៃគ្រាប់ធញ្ញជាតិក្នុងស្រុក ជាពិសេសបង្កើនឱកាសទីផ្សារកសិផល ទៅដល់កសិករ។

ក្រោយពីការស្រាវជ្រាវជាមួយកសិករ កញ្ញាទទួលបានឱកាសក្នុងការបណ្ដុះបណ្ដាលវគ្គកែច្នៃនៅប្រទេសអាល្លឺម៉ង់ និងអូទ្រីស ក្រោមគម្រោង DeveloPPP របស់អង្គការ GIZ Cambodia។ តាមរយៈការបណ្ដុះបណ្ដាលបច្ចេកទេសនេះហើយ ដែលនាំឱ្យសិប្បកម្មមានឱកាសពង្រីកទីផ្សារ ក៏ដូចជាបង្កើនដៃគូសហការនៅក្រៅប្រទេស។

រហូតមកដល់ពេលនេះ សិប្បកម្មក៏បង្កើនការស្រាវជ្រាវ និងពង្រីកនូវការផលិតរបស់ខ្លួនបន្ថែម ដោយរួមមានដូចជា ប្រេងល្ងខ្មៅ ប្រេងសណ្ដែកដី ប្រេងម្រេច និងប្រេងម្ទេស។ បន្ថែមពីនេះ សិប្បកម្មក៏គ្រោងនឹងផលិតប្រេងធញ្ញជាតិប្រភេទផ្សេងៗទៀត ដូចជាធ្វើពីផ្កាឈូករ័ត្នផងដែរ។

អ្នកចែកចាយផលិតផលប្រេងធញ្ញជាតិរូបនេះបានរៀបរាប់ថា​ ៖ «ការបង្កើតសិប្បកម្មនេះឡើងបានជួយរួមចំណែកផ្ដល់ការងារដល់កសិករបន្ថែមបង្កើនគុណតម្លៃនៃកសិផលរបស់ពួកគាត់ អ្វីដែលសំខាន់ទៀតនោះ វត្ថុធាតុដើមបានមកពីកសិករខ្មែរផ្ទាល់ ដូចនេះប្រេងខេអេចជាប្រេងសុទ្ធ ១០០% ហើយជាផលិតផលខ្មែរពិតៗ»។

ទោះជាយ៉ាងណា កញ្ញា សន ចាន់ថា បានរៀបរាប់ពីដំណើរការនៃការគាបយកប្រេងធម្មជាតិនេះថា៖ «វាលំបាកគួរសមដែរ ព្រោះវាទាមទារឱ្យយើងមានអនាម័យខ្ពស់ មានការពិនិត្យដោយយកចិត្តទុកដាក់លើ គ្រាប់ធញ្ញជាតិដែលយើងយកមក ហើយត្រូវរក្សាទុកនៅកន្លែងស្អាត ត្រជាក់ និងមានអនាម័យ»។

រីឯរយៈពេលវិញ កញ្ញាបានបន្តថា ក្នុងមួយថ្ងៃសិប្បកម្មមានលទ្ធភាពអាចផលិតបានប្រេងប្រមាណ ១០០លីត្រ។ ការសម្រិតសម្រាំងនេះហើយ ដែលជាការធានារក្សាបាននូវសារធាតុចិញ្ចឹមដែលមាននៅក្នុងគ្រាប់ធញ្ញជាតិ ហើយដែលនឹងផ្ដល់ផលប្រយោជន៍ដល់សុខភាពអ្នកប្រើប្រាស់។

យ៉ាងណាមិញ កញ្ញានៅតែសំណូមពរឱ្យប្រជាជនចូលរួមគាំទ្រផលិតផលខ្មែរ ដែលផលិតបាននៅក្នុងស្រុក ដែលវាអាចបង្កលទ្ធភាពឱ្យសិប្បកម្មកញ្ញាបានពង្រីកទំហំផលិតតទៅមុខទៀត ជាពិសេសមាន អាចជួយកសិករបានកាន់តែច្រើន៕

អត្ថបទទាក់ទង